និស្សិតមួយក្រុមដែលអះអាងថាជានិស្សិតមកពីសកលវិទ្យាល័យរដ្ឋនិងឯកជនបានដាក់ញត្តិទៅរដ្ឋសភាដើម្បីឲ្យស្ថាប័ននេះកោះហៅលោក កឹម សុខា ចេញមុខបកស្រាយរឿងខ្សែអាត់សំឡេងដែលសង្ស័យថាបានសារសងស្នេហាជាមួយស្រីកំណាន់ដោយថារឿងអាស្រូវរបស់លោក កឹម សុខា ធ្វើឲ្យប៉ះពាល់ដល់ច្បាប់និងសង្គមជាតិ។
តំណាងយុវជននិងនិស្សិតលោក ស្រី ចំរើន ថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីដាក់ញត្តិនៅរដ្ឋសភានាថ្ងៃរសៀលថ្ងៃចន្ទនេះថាមន្ត្រីរបស់គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេតនិងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភាបានបោះត្រាទទួលយកញត្តិរបស់ពួកគេរួចហើយនៅថ្ងៃនេះដោយលោកសង្ឃឹមថាសភានឹងកោះហៅលោក កឹម សុខា ឲ្យចូលបំភ្លឺជុំវិញរឿងអាស្រូវនេះឲ្យបានឆាប់។ លោកថាសម្លេងខ្សែអាត់នេះធ្វើឲ្យប៉ះពាល់ដល់សង្គមនិងយុវជនជំនាន់ក្រោយ។
លោកបន្តថា៖ “ខ្ញុំទំាងអស់គ្នាយល់ថាអត្ថន័យខ្សែអាត់សម្លេងអសីលធម៌នោះប៉ះពាល់យ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់ វប្បធម៌ អរិយធម៌ សាសនា និងទំនៀមទំលាប់ប្រពៃណីខ្មែរ ហើយជាគំរូអាក្រក់ដល់យុវជនជំនាន់ក្រោយក្នុងនាមលោកជាថ្នាក់ដឹកនាំក៏ដូចជាក្នុងនាមលោកជាតំណាងរាស្ត្រក៏ដូចជាសមាជិករដ្ឋសភាផងដែរ ដូច្នេះលោកជាបុគ្គលសាធារណៈដែលជះឥទ្ធិពលធ្ងន់ធ្ងរឬផលអវិជ្ជមានដល់សង្គម”។
VOD មិនអាចសុំការបំភ្លឺជុំវិញរឿងអាស្រូវនេះពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានទេ។
កាលពីចុងសប្តាហ៍មុនលោក ស្រី ចំរើន បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញថាសំឡេងក្នុងខ្សែអាត់នោះពិតជាសំឡេងសារសងស្នេហារវាងកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ និងលោក កឹម សុខា មួយរយភាគរយដោយលោកថានេះបើតាមការអះអាងរបស់ម្ចាស់ហាងដែលស្រីមុំធ្វើការនៅទីនោះ។
ក្រោយពីការធ្វើសន្និសីទសារព័ត៌មាននេះលោក ស្រី ចំរើន បានដាក់ពាក្យប្តឹងទៅតុលាការដោយចោទស្រីមុំពីបទឆបោក បន្ទាប់ពីស្រីមុំបានអះអាងជាសាធារណៈថាសំឡេងក្នុងខ្សែអាត់នោះមិនមែនជាសំឡេងរបស់នាងនិងថានាងមិនមែនជាស្រីកំណាន់របស់លោក កឹម សុខា នោះទេដោយកញ្ញាបញ្ជាក់ថាគ្រាន់តែធ្លាប់ស្គាល់គ្នាដោយថាលោក កឹម សុខា ជាភ្ញៀវកាត់សក់នៅហាងមួយក្នុងរាជធានីភ្នំពេញដែលនាងធ្វើការជាអ្នកកាត់ក្រចកនិងលាបថ្នាំសក់នៅទីនោះ។
គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេពោលកាលពីមុនបោះឆ្នោតឆ្នាំ២០១៣ក៏មានស្រ្តីម្នាក់ចេញមុខអះអាងថាជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា ដែរ។ កាលនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងវាយប្រហារចំៗទៅលើលោក កឹម សុខា ចំពោះករណីនោះ៕