មន្ត្រីសង្គមស៊ីវិលសាទរទៅនឹងវិធានការដោះលែងតំណាងអ្នកមានជម្លោះដីធ្លីនៅខេត្តកំពង់ស្ពឺឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តាមកិច្ចអន្តរាគមន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន តែពួកគេហាក់បង្ហាញការខកចិត្តថាកិច្ចអន្តរាគមន៍ផ្លូវច្បាប់ហាក់មិនសូវមានប្រសិទ្ធិភាព។
កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០១៦ស្ត្រីជាសកម្មជនដីធ្លីពីរនាក់គឺអ្នកស្រី យូ រ៉ន អាយុ៥១ឆ្នាំ និងអ្នកស្រី អ៊ិត រុំ រស់នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅពេលពួកគេចូលខ្លួនមកបំភ្លឺនៅតុលាការនេះតាមដីកាកោះ។
ប៉ុន្តែ៥ថ្ងៃក្រោយមកគឺនៅយប់ថ្ងៃទី១៤ខែមីនាយប់មិញនេះស្ត្រីទាំងពីរនាក់នោះត្រូវបានតុលាការខេត្តកំពង់ស្ពឺដោះលែងទាំងយប់ឲ្យនៅក្រៅឃុំបណ្តោះអាសន្នក្រោយពីមានកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី។
មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូប្រចាំខេត្តកំពង់ស្ពឺលោក សំ ទិត្យសីហា បានស្វាគមន៍ទៅនឹងការដោះលែងនោះ។
ប៉ុន្តែលោកថាកន្លងទៅមេធាវីពីររូបរបស់អង្គការលោកបានដាក់ពាក្យសុំតុលាការឲ្យស្ត្រីដែលរងការចោទប្រកាន់ទាំងពីរនាក់នោះបាននៅក្រៅឃុំដែរតែលោកថាតុលាការច្រានចោល។
លោក សំ ទិត្យសីហា យល់ថាកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលហាក់មានប្រសិទ្ធិភាពជាងកិច្ចអន្តរាគមន៍ផ្លូវច្បាប់។ លោកថា៖ “ប្រធានតុលាការឬមួយព្រះរាជអាជ្ញាឬចៅក្រមមុននឹងគាត់ធ្វើការឃុំខ្លួនអ្នកតំណាងហ្នឹង គាត់គួរតែចុះទៅស្រាវជ្រាវឲ្យច្បាស់ក្នុងករណីហ្នឹងសិនណាស់ដើម្បីឲ្យថានរណាជាម្ចាស់កម្មសិទ្ធិពិតប្រាកដសិនចាំយើងធ្វើការ បើមិនអញ្ចឹងទេចង់ចាប់ៗ ចង់លែងៗដល់អញ្ចឹងពេលខ្លះខ្ញុំគិតថាវាមិនធ្វើទៅតាមផ្លូវច្បាប់”។
អ្នកភូមិអះអាងថាជម្លោះដីធ្លីនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែលឈានទៅដល់ការចាប់ខ្លួននោះបានអូសបន្លាយជិត១០ឆ្នាំហើយពោលគឺបានកើតឡើងចាប់ពីឆ្នាំ២០០៧លើទំហំដីជាង១០០០ហិកតាប៉ះពាល់ដល់ពលរដ្ឋ១៦៥គ្រួសាររស់នៅតំបន់នោះ។
អ្នកស្រី យូ រ៉ន ដែលតុលាការទើបដោះលែងក្រោយពីមានកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីនោះឲ្យVODដឹងថាកូនលោកនាយករដ្ឋមន្ត្រីពីររូបបានចូលជួបពួកគាត់ទាំងយប់នៅក្នុងពន្ធនាគារដោយគ្មានវត្តមានមេធាវីក្នុងការធានាពួកគេឲ្យបាននៅក្រៅឃុំនេះ។
អ្នកស្រីនោះថា៖ “អត់មានមេធាវីផងមានតែកូនសម្តេច ហ៊ុន សែន ឯកឧត្តមតំណាងរាស្ត្រខេត្តកំពង់ស្ពឺហ្នឹងម្នាក់ ឯកឧត្តម ហ៊ុន មានី ហ្នឹងនិង ហ៊ុន ម៉ានិត សម្តចចុះផ្ទាល់ចូលដល់ពន្ធនាគារម៉ង”។
អ្នកស្រី យូ រ៉ន ឲ្យដឹងទៀតថាពួកគាត់បានសំណូមពរឲ្យកូនលោកនាយករដ្ឋមន្ត្រីនិងអាជ្ញាធរខេត្តជួយអន្តរាគមន៍ទប់ស្កាត់គ្រឿងចក្ររបស់ភាគីជម្លោះកុំឲ្យឈូសឆាយដីនោះដោយរងចាំរកដំណោះស្រាយជាមុនសិន។
មន្ត្រីសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ស្ពឺលោក អាន ភិន អះអាងថាថ្វីត្បិតតែកិច្ចអន្តរាគមន៍របស់នាយករដ្ឋមន្ត្រីនោះជំរុញឲ្យតុលាការដោះលែងស្ត្រីជាសកម្មជនដីធ្លីទាំងពីរនាក់ចេញពីពន្ធនាគារទាំងម៉ោង១១យប់ខុសនីតិវិធី ហើយរូបភាពដោះលែងនោះហាក់បង្ហាញថាតុលាការបានរងសម្ពាធនយោបាយក៏ដោយតែលោកថាការមិនឃុំខ្លួនមនុស្សដែលគ្មានកំហុសលោកថាជាការចង់ឃើញរបស់សង្គមស៊ីវិល។
លោកថា៖ “យើងគិតថារឿងទាំងអស់មិនមែនសុទ្ធតែលោកនាយករដ្ឋមន្ត្រីដឹងទាំងអស់ទេអត់ដឹងទេវាដោយសារតែមានការបន្លែបន្លំពីថ្នាក់ក្រោមអីចឹងណាស់ដល់ពេលគាត់ដឹងអញ្ចឹងទៅគាត់ប្រើកណ្តាប់ដៃក៏ជារឿងល្អដែរថ្មីត្បិតតែធ្វើខុសនីតិវិធី ប៉ុន្តែវាជាលទ្ធផលដែលយើងចង់បាន”។
មន្ត្រីសង្គមស៊ីវិលអះអាងថាការចាប់ឃុំខ្លួនស្ត្រីតំណាងអ្នកតវ៉ាដីធ្លីទាំងពីរនាក់នោះតុលាការចោទថាបានរំលោភលើដីកាការពារភាគីម្ខាងទៀតក្នុងជម្លោះដីធ្លីនៅឃុំតាំងសំរោង ខេត្តកំពង់ស្ពឺនោះ។
ពួកគេថាជម្លោះដីធ្លីនោះបានបង្កឡើងពីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីយោធាម្នាក់នៅអង្គភាពកងរថក្រោះ(ACO)។ មកដល់ពេលនេះពួកគេថាមិនទាន់មានដំណោះស្រាយទេ។
ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តកំពង់ស្ពឺលោក តូង ពុទ្ធីរ៉ា ដែលកាត់សំនុំរឿងនេះបានការពារថាវិធានការដោះលែងអ្នកមានជម្លោះដីធ្លីនោះថាជាវិធានការច្បាប់។ លោកថា៖ “ជាការងាររបស់តុលាការអធ្យាស្រ័យបងណា អត់អីទេណាបងខ្ញុំចង់បញ្ជាក់ថា[ការដោះលែងធ្វើ]ទៅតាមច្បាប់”។
ទោះជាយ៉ាងណាលោក សំ ទិត្យសីហា ជំរុញឲ្យនាយករដ្ឋមន្ត្រីគួរពិនិត្យមើលជម្លោះដីធ្លីច្រើនកន្លែងទៀតនៅតាមបណ្តាខេត្តនានាដែលលោកថាមនុស្សខិលខូចមួយចំនួនកំពុងប្រើប្រាស់តុលាការគំរាមកំហែងអ្នកតវ៉ាទាមទាររកយុត្តិធម៌។
លោកបន្តថា៖ “ជាទូទៅខ្ញុំឃើញពលរដ្ឋដែលរងគ្រោះរឿងដីធ្លីភាគច្រើនគាត់ត្រូវបានតុលាការចោទប្រកាន់ទាក់ទងទៅនឹងបទហិង្សាដោយចេតនានិងមិនគោរពសេចក្តីសម្រេចរបស់តុលាការសឹងតែគ្រប់ករណី។ ឥឡូវខ្ញុំឃើញព័ត៌មានចាប់៣នាក់ទៀតខេត្តក្រចេះ។ អញ្ចឹងខ្ញុំសុំឲ្យតុលាការធ្វើការស្រាវជ្រាវមុនគាត់នេះ[ចាត់វិធានការ]ជាពិសេសទាក់ទិននឹងជម្លោះដីធ្លីពីព្រោះដីធ្លីជាអាយុជីវិតរបស់ពួកគាត់ណាស់ កាលណាពួកគាត់អត់ដីធ្លីពួកគាត់ចាត់ទុកថាគ្មានអ្វីៗទាំងអស់សម្រាប់ជីវិតរបស់គាត់”។
យ៉ាងណាក៏ដោយលោក ហ៊ុន សែន បានបង្ហាញការខកចិត្តពីវិធានការចាប់ឃុំខ្លួនអ្នកភូមិពីរនាក់នៅឃុំតាំងសំរោងនេះនិងបានការពារកិច្ចអន្តរាគមន៍សុំធានាអ្នកទាំងនោះឲ្យបាននៅក្រៅឃុំថាកិច្ចអន្តរាគមន៍របស់លោកមិនជ្រៀតជ្រែកដល់អំណាចតុលាការទេ៕