អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) អំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជនទាំង១១នាក់របស់គណបក្សសង្គ្រោះជាតិ ខណៈសាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការអ្នកទាំងនោះនៅចុងសប្តាហ៍នេះ ដោយអង្គការអន្តរជាតិមួយនេះថាអ្នកទាំងនោះមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
សាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការជំនុំជម្រះសកម្មជនគណបក្សសង្គ្រោះជាតិ១១រូប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ តាមពាក្យបណ្តឹងរបស់មេធាវីអ្នកទាំង១១នាក់ដែលបានប្តឹងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ អង្គការHuman Rights Watch សរសេរថាការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ គឺមានលក្ខណៈនយោ បាយនិងមិនស្របតាមក្រមព្រហ្មទណ្ឌរបស់កម្ពុជា។
អង្គការអន្តរជាតិមួយនេះសរសរទៀតថាតុលាការមិនបានចាត់វិធានការផ្លូវច្បាប់លើកងសមត្ថកិច្ចដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សាដែលកើតនៅក្បែរទីលានប្រជាធិបតេយ្យនោះទេ។ ប៉ុន្តែអង្គការនេះថា តុលា ការចាត់វិធានការផ្លូវច្បាប់តែលើសកម្មជនគណបក្សសង្គ្រោះជាតិ១១រូបនិងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិប៉ុន្មាននាក់ប៉ុណ្ណោះ។
នាយកប្រចាំតំបន់អាស៊ីរបស់អង្គការHuman Rights Watch លោក Brad Adams ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍នេះថាសំណុំរឿងរបស់សកម្មជនទាំង១១នាក់នេះជាការពិសោធន៍ពីឯករាជ្យភាពរបស់ប្រព័ន្ធតុលាការនៅកម្ពុជា។ លោក Brad Adams បន្តថាអ្នកទាំងអស់នោះជាប់ពន្ធនាគារ ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន “គ្រប់គ្រងលើប្រព័ន្ធតុលាការនៅកម្ពុជា”។
លោក Brad Adams បន្ថែមថា៖ “អង្គទូតនានានិងភ្នាក់ងារអង្គការសហប្រជាជាតិគួរតែអំពាវនាវឲ្យសាលាឧទ្ធរណ៍ដោយយុត្តិធម៌ ផ្អែកលើភស្តុតាងនិងបញ្ជូនអ្នកអង្កេតការណ៍ទៅក្នុងសវនាការនោះ។ ពួកគេមិនត្រូវគេចវេសពីអំពើអយុត្តិធម៌ដែលសាធារណជនបានថ្កោលទោសនោះទេ”។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទថារដ្ឋាភិបាលពុំមានឥទ្ធិពលលើតុលាការនោះទេ។ ចំណែកមន្រ្តីនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាលើកឡើងថាករណីសកម្មជនរបស់គណបក្សប្រឆាំងជារឿងរបស់តុលាការ មិនមែនជារឿងនយោបាយនោះទេ។
មេធាវីម្នាក់ក្នុងចំណោមមេធាវីផ្សេងទៀតដែលការពារក្តីឲ្យអ្នកទាំង១១នាក់ គឺ លោក សំ សុខគង់ មានប្រសាសន៍ថាក្រុមមេធាវីរបស់លោកមើលឃើញថាការកាត់សេចក្តីរបស់ចៅកក្រមសាលាដំបូងរាជធានីភ្នំពេញនៅមានភាពខ្វះចន្លោះនិងមិនបានផ្តល់យុត្តិធម៌ជូនកូនក្តីរបស់លោក។ លោកថាក្រុមមេធាវីរបស់លោកបានត្រៀមឯកសារភស្តុតាងដើម្បីបង្ហាញទៅចៅក្រមសាលាឧទ្ធរណ៍ និងសាធារណៈជនថាកូនក្តីរបស់លោកមិនមានកំហុស។
លោកបន្ថែមថា៖ “ហើយមេធាវីនៅតែសង្ឃឹមថា បើសិនជាមិនមានភស្តុតាងដាក់បន្ទុកលើពួកគាត់ សាលាឧទ្ធរណ៍គួរតែដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញ វិលទៅចូលរួមក្នុងសង្គម ជួបជុំគ្រួសារ និងបម្រើការងាររបស់ពួកគាត់វិញ”។
គួរបញ្ជាក់ថាចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោស លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិនិងលោក ឃិន ជំរឿន ឲ្យជាប់ពន្ធនាគារម្នាក់២០ឆ្នាំ ពីបទដឹកនាំកុបកម្ម ចំណែកសកម្មជន៨នាក់ផ្សេងទៀតត្រូវជាប់ទោសម្នាក់៧ឆ្នាំពីបទចូលរួម ក្នុងចលនាកុបកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤៕