ប្រទេសម៉ាឡេស៊ីសម្រេចមិនចោទប្រកាន់អ្នកសារព័ត៌មានអូស្រ្តាលីពីរនាក់ដែលត្រូវបានចាប់ខ្លួនសម្រាប់ការព្យាយាមដើម្បីចោទសួរលោកនាយករដ្ឋមន្រ្តី Najib Razak អំពីការចោទប្រកាន់អំពើពុករលួយ ហើយបាននិរទេសអ្នកទាំងចេញពីប្រទេសម៉ាឡេស៊ី។
កាលពីម្សិលមិញ សមត្ថកិច្ចម៉ាឡេស៊ីបានឃាត់ខ្លួនអ្នកសរសេរព័ត៌មានឈ្មោះ Linton Besser និងអ្នកកាន់កាមេរ៉ា Louie Eroglu របស់ទូរទស្សន៍ ABC អូស្ត្រាលី ដោយសារពួកគេប៉ងសួរទៅនាយករដ្ឋមន្ត្រីនៃប្រទេសនេះពាក់ព័ន្ធករណីចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយ។
សារព័ត៌មាន Channel News Asia បានចុះផ្សាយថា អ្នកទាំងពីរត្រូវបានហោះហើរចេញពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសសិង្ហបុរីនៅព្រឹកថ្ងៃអង្គារនេះ។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់នគរបាលម៉ាឡេស៊ី បានសរសេរថា នៅថ្ងៃទី១៥ ខែមីនា នគរបាលបានទទួលការណែនាំពីព្រះរាជអាជ្ញារងថាគ្មានការចោទប្រកាន់ណាមួយនឹងត្រូវបានដាក់ប្តឹងប្រឆាំងនឹងអ្នកកាសែតទាំងពីរនោះទេ។ ផ្ទុយទៅវិញ ពួកគេត្រូវនិរទេសចេញពីប្រទេស អនុលោមទៅតាមច្បាប់អន្តោប្រវេសន៍។
ទូរទស្សន៍ ABC របស់អូស្ត្រាលីបានឱ្យដឹងថា នគរបាលម៉ាឡេស៊ីបានទូរស័ព្ទទៅមេធាវីរបស់អ្នកទាំងពីរកាលពីយប់ថ្ងៃចន្ទដើម្បីនិយាយថាគ្មានការចោទប្រកាន់ណាមួយត្រូវបានដាក់ប្តឹងនោះទេ។
លោក Najib វ័យ ៦២ឆ្នាំបានរងការចោទប្រកាន់ពីរឿងពុករលួយដោយថា លុយរាប់ពាន់លានដុល្លារត្រូវបានលួចពីក្រុមហ៊ុនរដ្ឋមួយដែលលោកបានបង្កើតឡើង។ លោកណាជីប និងក្រុមហ៊ុនរដ្ឋរបស់លោកបានបដិសេធថាមិនមានការធ្វើខុស ប៉ុន្តែលោកបានទប់ស្កាត់នូវការសាកសួរពាក់ព័ន្ធនឹងរឿងអាស្រូវនេះ និងបានលាងសម្អាតគណបក្សសាមគ្គីជាតិម៉ាឡេពីការរិះគន់។
ប្រព័ន្ធផ្សព្វផ្សាយដែលបានរាយការណ៍អំពីការចោទប្រកាន់នេះត្រូវបានគេបិទមាត់ និងបញ្ចេញព័ត៌មានពីបញ្ហានេះត្រូវចាប់ខ្លួន ដែលនាំឲ្យមានការព្រួយបារម្ភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ៕
ប្រភព៖ Channel News Asia