មន្រ្តីរដ្ឋាភិបាលឲ្យដឹងថាក្រសួងការបរទេសកម្ពុជាកំពុងតែត្រួតពិនិត្យករណីដែលឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ទទូចឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយរកយុត្តិធម៌ជូនរូបលោក។
កាលពីថ្ងៃចន្ទ លោក ស៊ុត ឌីណា បានផ្ញើសារមួយតាមរយៈហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីមេត្តាពិនិត្យនិងផ្តល់យុត្តិធម៌ដល់រូបលោក ដោយលោកថាលោកកំពុងត្រូវបានគេមូលបង្កាច់និងមានចេតនាទម្លាក់លោកចេញពីតំណែង។ លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បានបដិសេធមិនអត្ថាធិប្បាយលម្អិតលើបញ្ហានេះ ដោយលោកគ្រាន់តែបញ្ជាក់ខ្លីថាក្រសួងកំពុងតែពិនិត្យលើករណីនេះ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំអត់ទាន់មានអីដើម្បីផ្តល់ជូនទេណា ព្រោះអីខ្ញុំកំពុងតែពិនិត្យអំពីព័ត៌មានហ្នឹងបាទ”។
លោក ស៊ុត ឌីណា បានប្រាប់វីអូឌី(VOD)តាមទូរស័ព្ទនៅព្រឹកថ្ងៃអង្គារនេះថាលោកចង់ផ្ញើសារនេះទៅកាន់មន្រ្តីពាក់ព័ន្ធមួយចំនួនដែលលោកថាចង់ឲ្យចេះធ្វើការជាមួយបញ្ញវន្តនិងតាមបរិបទនៃកំណែទម្រង់ស៊ីជម្រៅ។
លោកមានប្រសាសន៍ថា៖ “ខ្ញុំសរសេរហ្នឹងក្នុងន័យចង់ឲ្យមន្រ្តីដែលមកបុករុកហ្នឹង ដឹងឭ។ ចង់ឲ្យមន្រ្តីមួយចំនួនពាក់ព័ន្ធហ្នឹងចេះធ្វើការជាមួយបញ្ញវ័ន្ត ក្នុងបរិបទកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ មន្រ្តីអសកម្ម កុំឲ្យគាត់នាំគ្នាបង្កបរិយាកាសធ្វើឲ្យពិបាក”។ លោកបដិសេធមិនអត្ថាធិប្បាយលម្អិតលើបញ្ហាដែលលោកជួបប្រទះ។
លោក ស៊ុត ឌីណា បន្តថាមូលហេតុដែលលោកសរសេរជាសាធារណៈបែបនេះ ដោយថាចង់ឲ្យមានតម្លាភាពនិងឲ្យសាធារណជនបានដឹងពីបញ្ហានេះ។ លោកបញ្ជាក់ថាលោកមិនបារម្ភពីការបាត់បង់តំណែង ដោយសារការសរសេរសារបែបនេះនោះទេ។
កាលពីម្សិលមិញ លោក ស៊ុត ឌីណា បានបញ្ជាក់ក្នុងសារទៅនាយករដ្ឋមន្រ្តីថា៖ “បើខ្ញុំបាទមិនមានជំហររឹងមាំទេ គឺមិនអាចយកឈ្នះលើសមរភូមិការងាររដ្ឋបាល ការទូត និង នយោបាយដ៏ក្តៅនេះបានឡើយ។ មន្រ្តីដែលបញ្ជូនមកក្រោយៗនេះ គឺគ្មានមនសិការការងារ គ្មានភាពលះបង់ឬស្អាតស្អំ ក្នុងឋានៈជាមន្រ្តីបម្រើពលករ និងពលរដ្ឋខ្មែរទេ គេគិតតែប្រមូលផ្តុំក្បាលគ្នារកគ្រប់ឧបាយកលប្តឹង មូលបង្កាច់និងបង្ខូចកេរ្ត៍ឈ្មោះខ្ញុំបាទ ដើម្បីកំចាត់ខ្ញុំបាទចេញពីតួនាទីដែលបម្រើរាស្រ្តនិងបាំងផលប្រយោជន៍ពួកគេនិងពួកនៅពីក្រោយខ្នង”។
លោក ស៊ុត ឌីណា ក៏បានសុំទោសនាយករដ្ឋមន្រ្តី ដែលលោកបានស្នើសុំនៅលើហ្វេសប៊ុកបែបនេះ។
អ្នកលេងហ្វេសប៊ុកម្នាក់បានCommentទៅលើសាររបស់លោក ស៊ុត ឌីណាថា៖ “បើមាសសុទ្ធកុំខ្លាចភ្លើង”។ លោកបានតបវិញថា៖ “ខ្ញុំមិនដែលខ្លាចសោះ តែវារំខានការងារសម្រាប់ជាតិនិងប្រជាជន ដូចជាថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៦នេះ ពលករ និស្សិតនិងពលរដ្ឋទូទៅមកចាំឲ្យត្រៀប ចាំទទួលការដោះស្រាយ អ្នកខ្លះដាច់បាយ”។
គួរបញ្ជាក់ថាលោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕ ដោយ ស៊ុន ណារិន និងហ៊ុន សិរីវឌ្ឍន៍