លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសនៅថ្ងៃចន្ទម្សិលមិញថាផ្នែកដ៏ធំមួយនៃកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីក្នុងប្រទេសស៊ីរីបានចាប់ផ្តើមដកចេញវិញនិងបានប្រាប់ដល់មន្រ្តីការទូតរបស់ខ្លួនឲ្យបង្កើនការជំរុញបង្កបរិយាកាសសន្តិសុខភាពវិញខណៈដែលកិច្ចចរចាសម្របសម្រួលរបស់អង្គការសហប្រជាជាតិបានកំពុងបន្តដើម្បីបញ្ចប់សង្គ្រាមដែលមានអាយុកាល៥ឆ្នាំមកនេះ។
សារព័ត៌មាន Channel News Asia រាយការណ៍ថារដ្ឋាភិបាលក្រុង Damascus នៃប្រទេសស៊ីរីបានច្រានចោលនូវរាល់ការលើកឡើងពីការបែកបាក់ជាមួយក្រុងម៉ូស្គូ ដោយអះអាងថាលោកប្រធានាធិបតី Bashar al-Assad បានយល់ព្រមលើការកាត់បន្ថយនូវក្រុមកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីតាមរយៈកិច្ចសន្យាតាមទូរស័ព្ទជាមួយលោក ពូទីន។
មន្រ្តីការទូតនៃលោកខាងលិចបានសន្និដ្ឋានថាលោកពូទីនអាចនឹងកំពុងតែព្យាយាមបង្ខំឲ្យលោក Assad ទទួលយកការដោះស្រាយនយោបាយមួយដើម្បីបញ្ចប់សង្គ្រាមដែលបានសម្លាប់មនុស្ស២៥០ ០០០នាក់មកហើយ បើទោះបីមន្ត្រីរបស់សហរដ្ឋអាមេរិកបានប្រមើលឃើញថាមិនមានសញ្ញាណនៃការរៀបចំដកថយកម្លាំងទ័ពរបស់រុស្ស៊ីក្តី។ ជាមួយគ្នានេះក្រុមប្រឆាំងនឹងលោក អាសាដ ក៏បានបង្ហាញនូវក្តីងឿងឆ្ងល់ ហើយអ្នកនាំពាក្យរបស់ក្រុមប្រឆាំងនេះបាននិយាយថា៖ “គ្មាននរណាម្នាក់ដឹងថាអ្វីដែលស្ថិតក្នុងចិត្តរបស់លោកពូទីននោះទេ”។
អន្តរាគមន៍យោធារបស់រុស្ស៊ីក្នុងប្រទេសស៊ីរីកាលពីខែកញ្ញាឆ្នាំ២០១៥បានជួយកែប្រែស្ថានភាពសង្គ្រាមទៅក្នុងស្ថានភាពដែលជួយដល់លោក អាសាដ បន្ទាប់ពីសង្គ្រាមអស់ជាច្រើនខែបានគ្រប់គ្រងតំបន់ជាច្រើននៅក្នុងភាគខាងលិចប្រទេសស៊ីរី ដែលពីមុនគ្រប់គ្រងដោយក្រុមឧទ្ទាមដែលទទួលបានការផ្គត់ផ្គង់ពីយោធាបរទេសរួមទាំងកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះផលិតដោយសហរដ្ឋអាមេរិក។
លោក ពូទីន បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិរបស់លោកដោយលោកមិនបានឲ្យអាមេរិកដឹងជាមុននោះទេ។
លោក ពូទីន បានថ្លែងថាកងកម្លាំងរុស្ស៊ីបានសម្រេចគោលបំណងដ៏ធំរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ប៉ុន្តែលោកមិនបានកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ការដកចេញកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទាំងស្រុងនោះទេ។ លោកបាននិយាយថាកងកម្លាំងនឹងនៅតែស្ថិតនៅកំពង់ផែនិងមូលដ្ឋានទ័ពអាកាសមួយក្នុងខេត្ត Latakia នៃប្រទេសស៊ីរី៕
ប្រភពៈ Channel News Asia