ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានលើកឡើងថាតុលាការមិនគួរកាត់ទោសយុវជន គង់ រ៉ៃយ៉ា ដែលលើកឡើងពីបដិវតន៍ពណ៌នោះទេ ដោយលោកចាត់ទុកថានេះជា”ភាពសាហាវឃោរឃៅ”របស់គណបក្សកាន់អំណាច។
លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាលោកសោកស្ដាយយ៉ាងខ្លាំង ដោយបានទទួលព័ត៌មានថាយុវជនឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ។ លោកចាត់ទុកថានេះជា”ភាពអយុត្តិធម៌ជាទីបំផុត”។
លោក សម រង្ស៊ី បានលើកឡើងថា៖ “ខ្ញុំបានពន្យល់ហើយថាការប្រើពាក្យ“បដិវត្ដន៍ពណ៌” នេះមិនអាចចាត់ទុកជាការញុះញង់ឲ្យប្រើអំពើហិង្សាណាឡើយ គ្រាន់តែជាការលើកឡើងឲ្យមានការផ្លាស់ប្ដូរដោយសន្ដិវិធីតាមបែបបទប្រជាធិបតេយ្យតែប៉ុណ្ណោះ”។ លោកបន្ថែមថា៖ “ការកាត់ទោសនិស្សិតឈ្មោះគង់ រ៉ៃយ៉ា នេះ ជាការបង្ហាញនូវភាពសាហាវឃោរឃៅពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលចង់បំភិតបំភ័យ គំរាមកំហែងនិងគាបសង្កត់យុវជនខ្មែររាប់លាននាក់ ដែលស្រលាញ់សេរីភាព យុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យ ដូចនិស្សិត គង់ រ៉ៃយ៉ា ដែរ”។
វីអូឌីមិនទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដើម្បីសុំការឆ្លើយតបភ្លាមៗបាននៅឡើយទេ។
ក្រោយពីតុលាការប្រកាសសាលក្រមដាក់ទោសនៅរសៀលថ្ងៃអង្គារនេះ យុវជនគង់ រ៉ៃយ៉ា បានប្រាប់អ្នកសារព័ត៌មានថាលោកនឹងប្តឹងឧទ្ធរណ៍លើករណីនេះ។ លោកបញ្ជាក់ថា៖ “តុលាការខ្មែរតែប៉ុណ្ណឹង”។
ឪពុករបស់យុវជន គង់ រ៉ៃយ៉ា គឺ លោក គាំង គង់ ប្រាប់អ្នកសារព័ត៌មានក្រោយការប្រកាសសាលក្រមនេះថាការសម្រេចសេចក្តីមកលើរូបកូនប្រុសលោកនេះមានសភាពធ្ងន់ធ្ងរ ដោយលោកថាធ្វីដែលកូនប្រុសលោកបានសរសេរគ្រាន់តែជាការសម្តែងមតិប៉ុណ្ណោះ។ លោកបន្ថែមថា៖ “បាទការសម្រេចនេះមិនយុត្តិធម៌ទេព្រោះថាគ្រាន់ថាការបញ្ចេញមតិដាក់គុកដល់១ឆ្នាំ៦ខែគឺវាដូចជាធ្ងន់ធ្ងរពេក…ខ្ញុំសូមថាប្តឹងទៅឧទ្ធរណ៍ដើម្បីបន្ថូបន្ថយ(ទោស)ខ្លះ”។
លោក គាំង គង់ ក៏បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យមានការដោះលែងកូនប្រុសរបស់លោកផងដែរ។
គួរបញ្ជាក់ថាយុវជន គង់ រ៉ៃយ៉ា ជានិស្សិតនៃសាកលវិទ្យាល័យខេមរៈ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២១ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធការចោទថាញុះញង់ឲ្យមានបដិវត្តន៍ពណ៌តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុងសវនាការកាលពីកន្លងទៅ យុវជន គង់ រ៉ៃយ៉ា បានអំពាវនាវដល់តុលាការរាជធានីភ្នំពេញ ឲ្យបន្ថូរបន្ថយទោស ដោយអះអាងថាខ្លួនមិនមានបំណងធ្វើបដិវត្តន៍អ្វីនោះទេ៕