តុលាការរាជធានីភ្នំពេញបានកាត់ទោសយុវជន ម្នាក់ឈ្មោះ គង់ រ៉ៃយ៉ា ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ។
នៅរសៀលថ្ងៃអង្គារនេះ ចៅក្រមជំនុំជម្រះ លោក ហេង សុខណា បានប្រកាសសាលក្រមផ្តន្ទាទោសយុវជនគង់ រ៉ៃយ៉ា ពីបទញុះញង់បង្កបទឧក្រិដ្ឋជាអាថ៌ ដោយសារការបង្ហោះសារលើហ្វេសប៊ុកពីបដិវត្តន៍ពណ៌។
ក្រោយពីប្រកាសសាលក្រម យុវជន គង់ រ៉ៃយ៉ា ដែលត្រូវសមត្ថកិច្ចដាក់ខ្នោះដៃបណ្តើរចេញបីបន្ទប់សវនាការ ប្រាប់អ្នកសារព័ត៌មានថាលោកនឹងប្តឹងឧទ្ធរណ៍លើករណីនេះ។ លោកបញ្ជាក់ថា៖ “តុលាការខ្មែរតែប៉ុណ្ណឹង”។
ឪពុករបស់យុវជន គង់ រ៉ៃយ៉ា គឺ លោក គាំង គង់ ប្រាប់អ្នកសារព័ត៌មានក្រោយការប្រកាសសាលក្រមនេះថាការសម្រេចសេចក្តីមកលើរូបកូនប្រុសលោកនេះមានសភាពធ្ងន់ធ្ងរ ដោយលោកថាធ្វីដែលកូនប្រុសលោកបានសរសេរគ្រាន់តែជាការសម្តែងមតិប៉ុណ្ណោះ។ លោកបន្ថែមថា៖ “បាទការសម្រេចនេះមិនយុត្តិធម៌ទេព្រោះថាគ្រាន់ថាការបញ្ចេញមតិដាក់គុកដល់១ឆ្នាំ៦ខែគឺវាដូចជាធ្ងន់ធ្ងរពេក…ខ្ញុំសូមថាប្តឹងទៅឧទ្ធរណ៍ដើម្បីបន្ថូបន្ថយ(ទោស)ខ្លះ”។
លោក គាំង គង់ ក៏បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យមានការដោះលែងកូនប្រុសរបស់លោកផងដែរ។
មេធាវីការពារក្តីឲ្យយុវជន គង់ រ៉ៃយ៉ា គឺ លោក សំ សុគង់ មានប្រសាសន៍ថាលោកគ្រោងទៅជួបកូនក្តីរបស់លោកនៅពន្ធនាគារនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីការដាក់ពាក្យបណ្តឹងទៅកាន់សាលាឧទ្ធរណ៍បន្តទៀត ដើម្បីជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ចៅក្រមសាលាដំបូងនេះ។
ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូនិងជាអ្នកចូលរួមស្តាប់ការប្រកាសសាលក្រមនេះ លោក អំ សំអាត ចាត់ទុកការសម្រេចរបស់ចៅក្រមសាលាដំបូងនេះថាជាការរឹតត្បិតការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គម។
លោកបន្ថែមថា៖ “បាទខ្ញុំគិតថានេះគ្រាន់តែជាយុទ្ធសាស្រ្តមួយក្នុងការគម្រាមកំហែងទៅដល់អ្នកដែលបញ្ចេញមតិ ហើយការបញ្ចេញមតិរបស់គាត់ហ្នឹងអាចប៉ះពាល់ដល់គណបក្សនយោបាយណាមួយឬអាចប៉ះពាល់ផលប្រយោជន៍ណាមួយនោះ នេះវាជាការគំរាមកំហែង”។
យុវជន គង់ រ៉ៃយ៉ា ជានិស្សិតនៃសាកលវិទ្យាល័យខេមរៈ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២១ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធការចោទថាញុះញង់ឲ្យមានបដិវត្តន៍ពណ៌តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុងសវនាការកាលពីកន្លងទៅ យុវជន គង់ រ៉ៃយ៉ា បានអំពាវនាវដល់តុលាការរាជធានីភ្នំពេញ ឲ្យបន្ថូរបន្ថយទោស ដោយអះអាងថាខ្លួនមិនមានបំណងធ្វើបដិវត្តន៍អ្វីនោះទេ។
មុនការប្រកាសសាលក្រមនេះ និស្សិតមួយចំនួននៅសាកលវិទ្យាល័យខេមរៈបានអំពាវនាវឲ្យតុលាការលើកលែង ការចោទប្រកាន់នេះ ដោយថាយុវជនគង់ រ៉ៃយ៉ា មិនមានខ្សែបណ្តាញនិងតួនាទីសំខាន់នៅក្នុងសង្គម មិនធ្លាប់បង្កចលាចលណាមួយក្នុងសង្គមនិងពុំមានលទ្ធភាពក្នុងការ ធ្វើឲ្យមានភាពវឹកវរដល់សង្គមនោះឡើយ៕