ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាអាជ្ញាធរថៃបានឃាត់ទូកនេសាទថៃ ដោយសង្ស័យថាជួញដូរពលករខ្មែរ១៥នាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការបរទេសបានឲ្យដឹងថាកាលពីថ្ងៃទី ២១ ខែមករា អាជ្ងាធរថៃបានឃាត់ទូកនេសាទថៃចំនួន២គ្រឿងហើយឃើញមានពលករខ្មែរ១៥នាក់ដែលអាជ្ងាធរថៃសង្ស័យជាជនរងគ្រោះដោយសារការជួញដូរមនុស្ស។ សេចក្តីប្រកាសព័ត៌មានបន្តថាអាជ្ញាធរបាននាំយកពលករខ្មែរទាំងនោះទៅរក្សាទុកនៅមជ្ឈមណ្ឌលស្តារនិតិសម្បទាជនរងគ្រោះដោយការជួញដូរមនុស្សខេត្តRanong។
ពលករខ្មែរទាំង១៥នាក់នោះ មានឈ្មោះ នឹម ញ៉ាវ(ខេត្តកំពង់ស្ពឺ) នឹម សុឃឿ(ខេត្តកំពង់ស្ពឺ) នឹម សុខា (ខេត្តកំពង់ស្ពឺ) មូល រឿន(ខេត្តកំពង់ស្ពឺ) សាម វុទ្ធី(ខេត្តកំពង់ស្ពឺ) ថុន ម៉ី(ខេត្តស្វាយរៀង) ថុន ភា(ខេត្តស្វាយរៀង) ថុន ពុធ(ខេត្តស្វាយរៀង) ធី រ៉េត(ខេត្តកំពង់ធំ) ណែ មាន(ខេត្តកំពង់ធំ) ប៊ុន ធឿន(ខេត្តកំពង់ធំ) ឈឹម ណន(ខេត្តកំពង់ធំ) ឃន់ សុឃិន(ខេត្តកំពង់ចាម) ពូន ភា(ខេត្តកំពត)និងទូច វ៉ាន់(ខេត្តកំពត)។
ក្រសួងបន្តថាបន្ទាប់ពីបានទទួលព័ត៌មាននេះ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស កម្ពុជាបានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃឲ្យចុះសួរសុខទុក្ខនិងជំរុញឲ្យមានការដោះលែងពលករទាំង១៥នាក់បានឆាប់រហ័សហើយនិងទាមទារសំណងពីក្រុមហ៊ុនទូកនេសាទថៃជូនដល់ពលករទាំងអស់។
បើតាមក្រសួងការបរទេសកម្ពុជា អាជ្ងាធរមូលដ្ឋានថៃស្នើសុំឲ្យពលករទាំងអស់ស្នាក់នៅក្នុងមជ្ឈមណ្ឌលមួយរយៈសិន ដើម្បីធ្វើសាក្សីក្នុងការចោទប្រកាន់ក្រុមហ៊ុនទូកនេសាទថៃ ពីបទជួញដូរកម្លាំងពលកម្មមនុស្ស។ ក្រសួងបញ្ជាក់ថានៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៦ តុលាការនឹងកោះហៅសាក្សីទាំងអស់ទៅផ្តល់ចម្លើយ។ តុលាការអាចពិចារណាអនុញ្ញាតឲ្យពលករចាកចេញពីថៃ ក្នុងករណីទទួលបានចម្លើយគ្រប់គ្រាន់ហើយ។
ក្រសួងការបរទេសបន្តថា៖ “នៅពេលនេះ ក្រុមហ៊ុនទូកនេសាទបានយល់ព្រមទូទាត់ឲ្យពលករនូវទឹកប្រាក់ចំនួន២៥០០០បាតក្នុងម្នាក់ៗរួចហើយ ដោយប្រគល់ឲ្យមជ្ឈមណ្ឌលរក្សាទុកជូនដល់ជនរងគ្រោះ។តាមការពិនិត្យរបស់ស្ថានទូត ពលករខ្មែរទាំងនេះត្រូវបានមជ្ឈមណ្ឌលយកចិត្តទុកដាក់មើលយ៉ាងល្អ ដោយមានកន្លែងស្នាក់នៅសមរម្យ ការហូប-ចុក៣ពេលក្នុងមួយថ្ងៃនិងម្ហូប៣មុខក្នុង១ពេល ។ល។”។
ក្រសួបន្ថែមថា៖ “ស្ថានទូតក៏បានទំនាក់ទំនងជូនព័ត៌មានដល់គ្រួសារពលករទាំង១៥នាក់រួចហើយ ដើម្បីកុំឲ្យមានការព្រួយបារម្ភហើយក៏បានជួយសម្រួលឲ្យសាច់ញាតិរបស់ពលករមួយចំនួនបាន ធ្វើដំណើរទៅសួរសុខទុក្ខដល់មជ្ឈមណ្ឌល”។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៥ ប្រជានេសាទខ្មែររាប់រយនាក់ដែលរងការធ្វើបាបនៅលើទូកនេសាទនៅប្រទេសថៃត្រូវបានបញ្ជូនមកម្ពុជាជាបន្តបន្ទាប់។
របាយការណ៍របស់អាមេរិកប្រចាំឆ្នាំ២០១៥ស្តីពីការជួញដូរមនុស្សបានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់មួយដែលមិនទាន់គោរពតាមស្តង់ដារអប្បបរមានៃច្បាប់ការពារជនរងគ្រោះដោយការជួញដូរ(TVPA) ដោយលើកឡើងករណីការរំលោភសិទ្ធិមនុស្សលើបុរសខ្មែរដែលធ្វើការលើទូកនេសាទនៅប្រទេសថៃ។
កាលពីដើមខែកក្កដាឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថាក្នុងចំណោមប្រជាពលរដ្ឋខ្មែរប្រមាណ១លាននាក់ដែលទៅធ្វើការនៅក្រៅប្រទេស៧០ភាគរយកំពុងបានទទួលរងការប្រថុយប្រថានធ្វើការងារគ្មានច្បាប់អនុញ្ញាត ការកេងប្រវ័ញ្ចនិងអំពើជួញដូរមនុស្ស៕