ក្រុង​បាងកក​​កម្រិតចំនួន​​ថ្ងៃ​និង​ពេល​លេង​គប់​ទឹក​ពេល​បុណ្យ​ចូលឆ្នាំដោយ​សារ​គ្រោះរាំង​ស្ងួត​

(រូបភាពពី Reuters)

សាលាក្រុង​បាងកក​បាន​សម្រេច​ចិត្ត​កម្រិត​​សកម្មភាព​លេង​ទឹក​អំឡុង​ពេល​បុណ្យ​សង្ក្រាន្ត ឬ​បុណ្យ​ចូល​ឆ្នាំ​នៅក្នុង​ទីក្រុង​បាងកក ដោយ​អះអាង​ថា​ដើម្បី​កាត់​បន្ថយ​ការប្រើប្រាស់​ទឹក ខណៈ​ពេល​ដែល​ប្រទេស​ថៃ​កំពុង​ជួប​ប្រទះគ្រោះរាំង​ស្ងួត​ដ៏​ធ្ងន់ធ្ងរ​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​ដោយ​ដក​ស្រង់​សម្ដី​អភិបាលរង​ក្រុង​បាងកក​លោក អាម៉ន គិតចាវែងគុន (Amorn Kitchawengkul) ថាការ​លេងជះទឹកនិង​គប់​ទឹកក្នុង​បុណ្យ​ចូល​ឆ្នាំ​នោះ​​នឹង​ត្រូវ​កំណត់​ឲ្យ​លេង​តែ​រយៈ​ពេល​៣​ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ដល់​ថ្ងៃ​ទី​១៤ ខែ​មេសា ហើយ​សកម្មភាព​នៃ​ការ​លេង​ជះទឹក​និង​គប់​ទឹកក្នុង​រយៈ​ពេល​៣​ថ្ងៃ​​នោះ​ត្រូវ​បញ្ឈប់​ត្រឹម​ម៉ោង​៩យប់​។

ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រួម​គ្នា​រវាង​រដ្ឋបាល​ក្រុង​បាងកក ក្រសួង​ទេសចរណ៍ និង​កីឡា នាយកដ្ឋាន​នគរបាល​ទេសចរណ៍ និង​វិស័យឯកជន​។

ថ្ងៃ​ឈប់​សម្រាក​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថៃ​ក្នុង​ឆ្នាំ​មាន​រយៈ​ពេល​៥​ថ្ងៃ​គឺ​ពី​ថ្ងៃទី​១៣ដល់ថ្ងៃ​ទី​១៧ ខែមេសា ដោយ​ថ្ងៃ​ទី​១៦ និង​ថ្ងៃទី​១៧ ខែ​មេសា​គឺចំ​ថ្ងៃ​ចុង​សប្ដាហ៍​។

ការ​លេង​គប់​ទឹក​គឺ​ផ្នែក​ដ៏​សំខាន់​មួយ​នៃការ​ប្រារព្ធ​​បុណ្យ​ចូលឆ្នាំ​របស់​ថៃ ពិសេស​នៅ​​តំបន់​មួយ​ចំនួន​ដូច​ជា​តំបន់​ស៊ីលុម និង​ផ្លូវ​ខៅសាន ដែល​ជា​តំបន់​ទេសចរណ៍​ល្បី​របស់​ថៃ។ តំបន់​ទាំង​​នោះ​តែង​ក្លាយ​ទៅ​ជា​ទីលាន​ក្នុង​ការ​បាច​ទឹក ជះ​ទឹក​ដាក់​គ្នា ហើយ​ជា​ទូទៅ​បញ្ចប់​នៅ​ពេល​យប់​ជ្រៅ​។

អភិបាល​រង​ក្រុង​បាងកក​លោក Amorn បាន​មាន​ប្រសាសន៍​ថា វិស័យ​ឯកជន​បាន​យល់​ពី​ស្ថានការណ៍ និង​បាន​យល់​ព្រម​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​សន្សំសំចៃ​ទឹក​។ តម្រូវ​ការ​ទឹក​នៅ​អំឡុង​ពេល​ចូល​ឆ្នាំ​នេះ​ជា​ទូទៅកើន​ឡើង​​ច្រើន​ជាង​៣​នៃ​តម្រូវ​ក្នុង​ថ្ងៃ​ធម្មតា​៕

ប្រភព​៖ Bangkok Post

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ