មន្ត្រីនាំពាក្យនៃរដ្ឋសភាលោក ឡេង ប៉េងឡុង ឲ្យដឹងថា រដ្ឋាភិបាលបានដាក់សំណើទៅកាន់រដ្ឋសភា ដើម្បីស្នើដោះដូរគណៈរដ្ឋមន្ត្រី ដោយលោកថាសំណើនេះនឹងត្រូវពិនិត្យបន្ទាប់ពីប្រធានរដ្ឋសភាវិលត្រឡប់ពីប្រទេសអូស្រ្តាលីវិញ។
លោក ឡេង ប៉េងឡុង ឲ្យដឹងថា រដ្ឋសភាបានទទួលលិខិតស្នើសុំដោះដូរគណៈរដ្ឋមន្ត្រីនោះ នៅថ្ងៃពុធនេះវេលាថ្ងៃត្រង់។ ទោះយ៉ាងណា លោកបដិសេធផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងចំនួនរដ្ឋមន្ត្រីដែលត្រូវផ្លាស់ប្តូរ។ លោកថា សំណើនេះនឹងត្រូវគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យបន្ទាប់ពីប្រធានរដ្ឋសភា លោក ហេង សំរិន វិលត្រឡប់ពីដំណើរទស្សនកិច្ចផ្លូវការពីប្រទេសអូស្រ្តាលីវិញ។
លោក ឡេង ប៉េងឡុង បានឲ្យដឹងដែរថា លោក ហេង សំរិន នឹងវិលមកកម្ពុជាវិញនៅថ្ងៃស្អែក។
គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាលោកកំពុងតែពិចារណាដោះដូរគណៈរដ្ឋមន្រ្តីរបស់លោកនៅក្នុងឆ្នាំ២០១៦នេះ ដោយលោកបានលើកចំៗថាមានរដ្ឋមន្រ្តីយ៉ាងតិចចំនួនពីរក្រសួងដែលអសកម្មនឹងការងារជាងគេគឺរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្រ្តីក្រសួងកសិកម្មដែលទើបតែចូលកាន់អំណាចនៅអាណត្តិទី៥នេះគឺលោក អ៊ុក រ៉ាប៊ុន៕