ក្រសួងសាធារណការប្រកាសទុកពេល៤ខែដល់សាធារណជនដែលមានបំណងធ្វើជាម្ចាស់យានយន្តដែលខ្លួនបានទិញបន្ត ដោយថាក្នុងករណីរកម្ចាស់ដើមមិនឃើញក៏អាចធ្វើការផ្ទេរសិទ្ធិបាន។
នៅក្នុងលិខិតចុះថ្ងៃទី១១មីនា ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសដល់សាធាណជនដែលមានបំណងក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិទៅលើយានយន្តរបស់ខ្លួនដែលបានទិញបន្តហើយរកម្ចាស់ដើមមិនឃើញ ឲ្យមកដាក់ពាក្យសុំផ្ទេរម្ចាស់កម្មសិទ្ធិនៅអគ្គនាយដ្ឋានដឹកជញ្ជូនឬមន្ទីរសាធារណការខេត្ត រាជធានី ដោយត្រូវបំពេញបែបបទនិងសំណុំឯកសារមួយចំនួន។ ក្រសួងបន្តថារាល់សំណុំបែបបទនិងឯកសារទាំងនោះរួមមានប័ណ្ណសម្គាល់យានយន្ត ពាក្យសុំផ្ទេរសិទ្ធិយានយន្តដោយមានផ្តិតមេដៃ អត្តសញ្ញាណប័ណ្ណជាតិខ្មែរច្បាប់ដើមឬចម្លងដោយមានការបញ្ជាក់ពីសមត្ថកិច្ច បង្កាន់ដៃពន្ធប្រថាប់ត្រា រួមទាំងកិច្ចសន្យាធានាដែលធ្វើឡើងនៅចំពោះមុខសមត្ថកិច្ចផ្ទេរកម្មសិទ្ធិ។
ក្រសួងបានបញ្ជាក់ថាចំពោះករណីយានយន្តត្រូវបានផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត ត្រូវភ្ជាប់នូវឯកសារថតចម្លងនៃបង្កាន់ដៃបង់ពន្ធនិងពាក្យសុំចុះបញ្ជីយានយន្តដែលមានបញ្ជាក់ភាពត្រឹមត្រូវពីមន្ទីរសាធារណការ រាជធានី ខេត្តឬអគ្គនាយកដ្ឋានដឹកជញ្ជូន ដោយផ្ទៀងផ្ទាត់ជាមួយទិន្នន័យចុះបញ្ជីយានយន្ត។
អ្នកនាំពាក្យក្រសួងសាធារណការ លោក វ៉ា ស៊ឹុមសុរិយា បានឲ្យវីអូឌីដឹងថាការកំណត់រយៈពេលនេះគឺចង់ទុកពេលឲ្យសាធារណជនណាដែលមានបំណងធ្វើជាកម្មសិទ្ធិទៅដោយមិនចាំបាច់មានម្ចាស់យានយន្តផ្ទាល់ ដើម្បីសម្រួលដល់ការគ្រប់គ្រងយានយន្តផ្ទាល់ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋនិងការបង់ពន្ធជូនរដ្ឋ។ លោកបន្តថាក្រោយពី៤ខែនៃការកំណត់នេះគឺក្រសួងលែងធ្វើការផ្ទេរសិទ្ធិជូនសម្រាប់យាន្តដែលរកម្ចាស់ដើមមិនឃើញហើយករណីនេះត្រូវតែរកម្ចាស់ដើមឲ្យឃើញទើបក្រសួងធ្វើការផ្ទេរជូន។
លោកបានបញ្ជាក់ថាការអនុញ្ញាតឲ្យមិនបាច់ផ្ទេរកម្មសិទ្ធិពីមុនគ្រាន់តែជាការផ្អាកក្នុងការចាប់បណ្តោះអាសន្ននោះទេ។ លោកបន្ថែមថា៖ “មិនបាច់(មានការផ្ទេរសិទ្ធិ)មិនមែនទេ! មិនបាច់គ្រាន់តែជាបណ្តោះអាសន្ន គ្រាន់តែផ្អាកមិនឲ្យប៉ូលិសផាករយៈពេលប៉ន្នានអញ្ជឹង ក្នុងបីបួនខែទៅមុខទៀត។ ឧទាហណ៍យើងអនុគ្រោះពេល៤ខែ ស៊ីសងទៅលើគណៈកម្មការសុវត្ថភាពចរាចរណ៍ អញ្ចឹងក្រោយ៤ខែហ្នឹងអ្នកក៏អាចប្រើបានដែរឲ្យតែអ្នកមានកាតគ្រីច្បាស់លាស់ចឹង …. តែដល់ពេលមួយវាមានអ្នកបើកបរខ្លះខិលខូចយកឡានទៅប្រើវានាំឲ្យគ្រោះថ្នាក់ដល់ម្ចាស់ដើមគេនោះដែលអត់ខុសនោះបាទ!”។
លោកក៏បានស្នើទៅកាន់ម្ចាស់យានយន្តទាំងអស់ដែលជាម្ចាស់ដើមនៅពេលដែលលក់រថយន្ត ម៉ូតូឬយានយន្ត ត្រូវធ្វើការកាត់ឈ្មោះទៅឲ្យអ្នកទិញឲ្យហើយជៀសវាងបញ្ហាដែលកើតមាននៅថ្ងៃមុខ៕