មន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលើកឡើងថាការឆេះព្រៃនៅក្នុងបរិវេណរដ្ឋបាលព្រៃឈើភ្នំក្រវាញខេត្តពោធិ៍សាត់ដែលបណ្តាលឲ្យខូចខាតរថយន្តជាង២០គ្រឿង មិនមែនជាការលួចដុតបំបាត់ភស្តុតាងនោះទេ។
កាលរសៀលថ្ងៃទី១៣ ខែមីនា មានករណីឆេះព្រៃនៅក្នុងបរិវេណនៃរដ្ឋបាលព្រៃឈើភ្នំក្រវាញដែលមានទីតាំងនៅភូមិព្រែក១ ឃុំសំរោងទង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បណ្តាលឲ្យខូចខាតរថយន្តចំនួន២៧គ្រឿងដែលរដ្ឋបាលព្រៃឈើចាប់បានពីជនល្មើសព្រៃឈើ។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផលែ្លត មានប្រសាសន៍ថារហូតមកដល់ពេលនេះ លោកមិនទាន់ដឹងពីមូលហេតុពិតដែលបណ្តាលឲ្យមានការឆេះរាលដាលដល់រដ្ឋបាលព្រៃឈើនៅឡើយទេ តែលោកបានបដិសេធថាការឆេះព្រៃនេះមិនមែនបណ្តាលមកពីមានអ្នកលួចដុត ដើម្បីបំផ្លាញភស្ភុតាងនោះទេ។
លោកមានប្រសាសន៍ថា៖ “មិនទេនោះគឺជាការវាយតម្លៃមួយដែលមិនមានមូលដ្ឋានជាក់លាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រោយពីបានទទួលដំណឹងភ្លាមលោកបានអញ្ចើញទៅដល់ភ្លាម ហើយក៏បានធ្វើការជាមួយអាជ្ញាធរដែនដីផង ជាមួយរដ្ឋបាលព្រៃឈើដែលជាអង្គភាពទទួលខុសត្រូវផងហើយបានសិក្សាពិនិត្យឃើញថាស្រាវជ្រាវឃើញថាពុំមានការដុតដោយចេតនាទេ គឺជាបណ្តាលមកពីភ្លើងឆេះព្រៃតែម្តងបាទ“។
បើតាមលោក អ៊ាង សុផលែ្លត រថយន្តនិងឈើដែលត្រូវបានឃាត់ទុកនេះត្រូវបានអាជ្ញាធរតម្កល់ទុកធ្វើជាវត្ថុតាងជូនតុលាការ ដើម្បីឲ្យតុលាការធ្វើការសម្រេចជាចុងក្រោយ។ លោកបន្ថែមថាការរាលដាលនៃការឆេះនេះមិនបណ្តាលឲ្យឆេះដល់ឈើដែលចាប់បានទេ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន បានដឹកនាំមន្រ្តីទៅពិនិត្យមើលទីតាំងឆេះកាលពីថ្ងៃអង្គារម្សិលមិញនេះ។
ទោះជាយ៉ាងណាមន្ត្រីសមាគមអាដហុកប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា បានប្រាប់វីអូឌីថាលោកនៅតែមានការសង្ស័យថានេះជាការលួចដុតពីខាងក្នុងបរិវេណនៃរដ្ឋបាលព្រៃឈើវិញ ក្រោមហេតុផលថារដ្ឋបាលព្រៃឈើភ្នំក្រវាញនោះមានរបងព័ទ្ធជុំវិញសុទ្ធតែថ្ម។ លោកបន្តថាសមាគមអាដហុកនៅតែទទូចឲ្យរដ្ឋបាលព្រៃឈើ ក៏ដូចជាតុលាការបន្តការស៊ើបអង្កេតទៅលើរឿងហ្នឹងឲ្យបានច្បាស់។
លោកមានប្រសាសន៍ថា៖ “ចំណុចយើងសង្ស័យក្រោយពីមានបង្កើតគណៈកម្មការហើយយើងឃើញមានឆេះនេះ ឆេះនោះរហូតណា បើកាលអត់ទាន់បង្កើតដូចមិនដែលឭឆេះ។ អាចក្នុងការបំបាត់ភស្ភុតាងដែរព្រោះអី អ្នកទាំងអស់ហ្នឹងសុទ្ធតែមានបន្ទុកក្នុងតុលាការ ចង់មិនចង់គេបំបាត់ភស្ភុតាងមួយ អាហ្នឹងវាជាបញ្ហាមួយ នៅពេលដែលតុលាការយឺតយ៉ាវក្នុងការដោះស្រាយរឿងហ្នឹងភស្ភុតាងត្រូវបានបាត់ហើយ” ។
គួរបញ្ជាក់ថាកាលពីខែមករា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការមួយចុះទប់ស្កាត់និងបង្ក្រាបសកម្មភាពអនាធិបតេយ្យកាប់ព្រៃឈើ ការនាំចេញឈើខុសច្បាប់ និងបទល្មើសព្រៃឈើនានា ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ចាប់ជនល្មើស និងវត្ថុតាងនៃបទល្មើស សហការជាមួយភាគីវៀតណាមនិងឡាវ។ គណៈកម្មការនេះកំពុងដឹកនាំកម្លាំងចុះទៅពិនិត្យមើលការស្តុកឈើនិងការកាប់បំផ្លាញព្រៃឈើក្នុងខេត្តមួយចំនួន៕