អ្នកឃ្លាំមើល លើកឡើងថាករណីតុលាការសម្រេចដាក់ពន្ធនាគារជាង១ឆ្នាំលើយុវជនមួយរូបដែលប្រកាសធ្វើបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាលនោះ រងឥទ្ធិពលនយោបាយពីគណបក្សកាន់អំណាច។
អនុប្រធានផ្នែកសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកលោក ណៃ វ៉ង់ដា មានប្រសាសន៍ថាការកាត់ទោសដាក់ពន្ធនាគាររយៈពេល១៨ខែទៅលើយុវជន គង់ រ៉ៃយ៉ា ដែលសរសេរតាមហ្វេសប៊ុកប្រកាសធ្វើបដិវត្តន៍ព័ណ៌នោះជារឿងអយុត្តិធម៌មួយសម្រាប់អ្នកដែលតែងតែឈឺឆ្អាលបញ្ហាអយុត្តិធម៌សង្គម។ លោកហៅចំណាត់ការរបស់តុលាការថាធ្វើឡើងដោយមានសម្ពាធពីគណបក្សកាន់អំណាច។ លោកបន្តថា៖ ”បញ្ហាតិចតួចដូចជារឿងរបស់លោក គង់ រ៉ៃយ៉ា ក៏វាមានការជ្រៀតជ្រែកនយោបាយកើតឡើងដែរ បើគ្មានបញ្ជាក៏គ្មានការចាប់ខ្លួន បើគ្មានការចាប់ខ្លួនក៏គ្មានការឡើងតុលាការ ហើយបើគ្មានការជ្រៀតជ្រែកពីនយោបាយទេតុលាការក៏កាត់មិនឲ្យគាត់មានទោសដែរ ដូច្នេះរឿងទំាងនេះវាស៊ីសង្វាក់គ្នា”។
លោក វ៉ង់ដា បញ្ជាក់ថាបើយុវជនរូបនោះមិនត្រូវបានដោះលែងទេនោះគណបក្សប្រជាជនកម្ពុជានឹងបាត់បង់ប្រជាប្រិយភាពទាំងលើឆាកជាតិនិងអន្តរជាតិ។
ក្នុងសេចក្តីថ្លែងការណ៍របស់និស្សិតដែលគាំទ្រយុវជន គង់ រ៉ៃយ៉ា បានអំពាវនាវឲ្យនាយករដ្ឋមន្រ្តីជួយពិនិត្យសំណុំរឿងនេះឡើយវិញដូចករណីដែលលោក ហ៊ុន សែន ធ្លាប់អន្តរាគមន៍ជួយជនរងគ្រោះជាបន្តបន្ទាប់ដែលគេសំដៅជាពិសេសការដោះលែងអ្នកមានជម្លោះដីធ្លីនៅខេត្តកំពង់ស្ពឺថ្មីៗនេះ។
សកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈលោក សុខ ទូច មានប្រសាសន៍ថានេះជាឆន្ទានុសិទ្ធិរបស់តុលាការ។ ប៉ុន្តែលោកថានៅសាកលវិទ្យាល័យរបស់លោកបង្រៀននិស្សិតពីចំណេះដឹងទូទៅនិងទ្រឹស្តីឬរបៀបនៃការធ្វើបដិវត្តន៍ពណ៌ ប៉ុន្តែរាល់ការយកទៅអនុវត្តនោះជាសិទ្ធិរបស់បុគ្គលមិនជាប់ពាក់ព័ន្ធនិងសាលានោះទេ។ លោកបន្តថា៖ ”សាលាអប់រំនូវចំណេះដឹងទូទៅដែលទាក់ទិននៅក្នុងវិទ្យាសាស្ត្រយើងបណ្តុះក្នុងវិជ្ជាជីវៈ។ ឧទាហរណ៍គាត់យកខាងអីយកខាងវិទ្យាសាស្ត្រនយោបាយយើងបង្រៀនគាត់អ្វីទៅដែលហៅថាបដិវត្តន៍ ស្អីទៅដែលហៅថាកែទម្រង់ ស្អីទៅដែលហៅថាបដិវត្តន៍ពណ៌ ក្នុងបដិវត្តន៍ពណ៌វាមានប៉ុន្មាន វាមានផ្កាម្លិះឬផ្ទុះនៅបជ្ឈិមបូព៌ា បដិវត្តន៍ទឹកក្រូចផ្ទុះនៅក្រែន ជាទ្រឹស្តីនៃមេរៀនយើងបង្រៀនគាត់ ប៉ុន្តែរឿងគាត់យកទៅបំលែងទៅជារឿងស្អីជារឿងរបស់គាត់ទេ”។
ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី កាលពីម្សិលមិញក៏បានលើកឡើងថាការប្រើពាក្យ “បដិវត្ដន៍ពណ៌” នេះមិនអាចចាត់ទុកជាការញុះញង់ឲ្យប្រើអំពើហិង្សាណាឡើយ ដោយថាគ្រាន់តែជាការលើកឡើងឲ្យមានការផ្លាស់ប្ដូរដោយសន្ដិវិធីតាមបែបបទប្រជាធិបតេយ្យតែប៉ុណ្ណោះ។
លោកបានសរសេរនៅហ្វេសប៊ុកលោកថា “ការកាត់ទោសនិស្សិតឈ្មោះ គង់ រ៉ៃយ៉ា នេះ ជាការបង្ហាញនូវភាពសាហាវឃោរឃៅពីសំណាក់គណបក្សប្រជាជនកម្ពុជាដែលចង់បំភិតបំភ័យ គម្រាមកំហែង និងគាបសង្កត់យុវជនខ្មែររាប់លាននាក់ដែលស្រលាញ់សេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យដូចនិស្សិត គង់ រ៉ៃយ៉ា ដែរ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ការសម្រេចរបស់តុលាការជារឿងត្រឹមត្រូវដោយលោកអះអាងថាបទល្មើសធ្វើបដិវត្តន៍ពណ៌តាមច្បាប់ត្រូវផ្តន្ទាទោស២ឆ្នាំ ប៉ុន្តែតុលាការសម្រេចដាក់មិនដល់២ឆ្នាំនោះទេ។ ប៉ុន្តែលោកបានចោទទៅលើគណបក្សប្រឆាំងថាប្រកួតប្រជែងនយោបាយមិនស្មោះត្រង់។ លោកបន្ថែមថា៖ “គាត់និយាយថាជាអំពើឃោរឃៅរបស់គណបក្សប្រជាជនជាគណបក្សកាន់អំណាចគឺថាវាមិនសមសម្របទេខាងភាគីគណបក្សសង្គ្រោះជាតិទេដែលឃោរឃៅនោះប្រកួតប្រជែងជាមួយគណបក្សប្រជាជន៥អាណត្តិមកហើយមិនឈ្មះឆ្នោតចង់បបួរគ្នាធ្វើបដិវត្តន៍ពណ៌តើវាឃោរឃៅឬអត់ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់គណបក្សប្រជាជនដោយមិនឆ្លងកាត់ការបោះឆ្នោតតើនេះឃោរឃៅឬអត់”។
គួរបញ្ជាក់ថាយុវជន គង់ រ៉ៃយ៉ា ជានិស្សិតនៃសាកលវិទ្យាល័យខេមរៈត្រូវចាប់ខ្លួនកាលពីថ្ងៃទី២១ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធការចោទថាញុះញង់ឲ្យមានបដិវត្តន៍ពណ៌តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ ក្រោយពីតុលាការប្រកាសសាលក្រមដាក់ទោស១ឆ្នាំកន្លះ យុវជន គង់ រ៉ៃយ៉ា ដែលជានិស្សិតសាកលវិទ្យាល័យខេមរៈបានប្រាប់អ្នកសារព័ត៌មានថាលោកនឹងប្តឹងឧទ្ធរណ៍លើករណីនេះ។ លោកបញ្ជាក់ថា៖ “តុលាការខ្មែរតែប៉ុណ្ណឹង”។ លោកថារឿងនេះវាអយុត្តិធម៌សម្រាប់ពលរដ្ឋទូទៅដែរ៕