នគរបាលបែលហ្ស៊ិក និងបារាំងបានបើកការតាមប្រមាញ់ធំមួយដើម្បីស្វែងរកជនសង្ស័យជាប់ពាក់ព័ន្ថនឹងការវាយប្រហារទីក្រុងប៉ារីសកាលពីឆ្នាំមុន បន្ទាប់ពីជនសង្ស័យម្នាក់ត្រូវបានសម្លាប់កាលពីម្សិលមិញ។
ភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កាលពីម្សិលមិញ នគរបាលបែលហ្ស៊ិក និងបារាំងបានបើកប្រតិបត្តិការរួមគ្នាមួយប្រឆាំងនឹងភេរវកម្មជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅទីក្រុងកាលពីថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៥។ ក្នុងប្រតិបត្តិការនោះ ជនសង្ស័យម្នាក់ត្រូវបានសម្លាប់ ហើយនគរបាល៤នាក់បានរងរបួស។
នាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Charles Michel បានឱ្យដឹងថា ប្រតិបត្ដិការត្រូវបានបន្ត ក្រោយពីការប្រយុទ្ធគ្នាដោយកាំភ្លើងនៅតំបន់ Forest ជាយក្រុងភាគខាងត្បូងនៃទីក្រុងប៊្រុចសែល ហើយថាក្រុមប្រឹក្សាសន្តិសុខជាតិនឹងជួបប្រជុំនៅថ្ងៃពុធនេះ។
ខណៈពេលដែលនគរបាលប្រដាប់អាវុធមួយក្រុមធ្វើការឆែកឆេរផ្ទះមួយក្នុងពេលថ្ងៃនៅជាយក្រុងដ៏ស្ងាត់នោះ ពួកគេបានរងការបាញ់ប្រហារ ដែលនាំឲ្យកើតមានការប្រយុទ្ធគ្នាដោយកាំភ្លើង។
នគរបាល៣នាក់ដែលក្នុងនោះម្នាក់ជានគរបាលស្ត្រីជនជាតិបារាំងម្នាក់ផងនោះបានរងរបួសនៅក្នុងការវាយប្រហារដំបូងរបស់ជនសង្ស័យ ចំណែកឯអ្នកទីបួនបានរងរបួសពេលបាញ់តបតគ្នា។
ជនសង្ស័យដែលត្រូវបានសម្លាប់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែក្រុមរដ្ឋអាជ្ញាបានឲ្យដឹងថា គេនោះមិនមែនជាលោក Salah Abdeslam ដែលជាជនសង្ស័យសំខាន់ម្នាក់នៅក្នុងការសម្លាប់រង្គាលនៅទីក្រុងប៉ារីសដែលបានសម្លាប់មនុស្ស១៣០នាក់ និងរបួសចំនួន៣៥០នាក់នោះទេ។
គួរបញ្ជាក់ថា ក្រោយការវាយប្រហារដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអះអាងថាពួកគេជាអ្នកធ្វើ មនុស្ស១១នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់នៅក្នុងទីក្រុងព្រុចសែល និង៨នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការឃុំឃាំង។
ប្រភព៖ Channel News Asia