តុលាការរាជធានីភ្នំពេញបានកោះហៅប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ចូលបំភ្លឺតាមបណ្តឹងរបស់មន្រ្តីរដ្ឋាភិបាល រឿងនិយាយពីLikesនៅលើហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី។
ដីកាកោះចុះថ្ងៃទី១៦ខែមីនា ព្រះរាជអាជ្ញារងលោក សៀង សុខ បានកោះអញ្ជើញលោក សម រង្ស៊ី ឲ្យចូលបំភ្លឺនៅថ្ងៃទី២០ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ដើម្បីសួរពីដំណើររឿងឈ្មោះ សោម សឿន ប្តឹងអំពីការផ្សាយព័ត៌មានលើហ្វេសប៊ុក។
កាលពីថ្ងៃទី៩ ខែមីនា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក សម រង្ស៊ី។ ក្នុងពាក្យបណ្ដឹង រដ្ឋមន្រ្តីនោះបានចោទប្រធានគណបក្សសង្គ្រោះជាតិពីបទក្លែងលិខិតនៅលើFacebookនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត។ លោក សោម សឿន បានសរសេរថា៖ “ការភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយថា Like មួយចំនួនធំ ដែលបង្ហាញលើទំព័រ Facebook របស់សម្តេចគឺបានមកពីការទិញឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឲ្យបង្កើត Accounts Facebook (គណនេយ្យហ្វេសប៊ុក) ក្លែងក្លាយដើម្បីផ្តល់Likes សិប្បនិម្មិតក្លែងបន្លំជូនសម្តេច”។
លោក សោម សឿន បានចាត់ទុកថាការបង្ហោះនៅលើហ្វេសប៊ុករបស់លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំជាតិនិងរូបលោកផ្ទាល់យ៉ាងធ្ងន់ធ្ងរ ដោយលោកស្នើទៅឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល។
លោក សម រង្ស៊ី បានបញ្ជាក់ជាការឆ្លើយតបកាលពីពេលថ្មីៗថាប្រទេសកម្ពុជាមិនមានសេរីភាពក្នុងការបញ្ចេញមតិហើយថារដ្ឋាភិបាលចង់ដាក់គុករូបលោក ដោយសារតែលោកនិយាយថាហ៊ុន សែន ទិញLikesក្លែងក្លាយសម្រាប់ហ្វេសប៊ុករបស់លោក។
នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធថាលោកមិនបានទិញLikesនៅលើហ្វេសប៊ុកនោះទេ។
គួរបញ្ជាក់ថាលោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងចំនួនពីរ។ លោកជាប់ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។
តុលាការរាជធានីភ្នំពេញក៏បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការចោទ ប្រកាន់ សមគំនិតក្លែងបន្លំឯកសារ ក្នុងសំណុំរឿងរបស់អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី លោក ហុង សុខហួរ។ លោក សម រង្ស៊ី ក៏កំពុងជាប់ពាក់ព័ន្ធនឹងរឿងបរិហាកេរ្តិ៍ តាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីលោក ហេង សំរិន ករណីបង្ហោះឯកសារតាមហ្វេសប៊ុក។ គណបក្សសង្រ្គោះជាតិចាត់ទុកករណីទាំងអស់នេះជារឿងនយោបាយ៕