លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធទៅនឹងសំណើរបស់សម្តេចក្រុមព្រះដែលបានរាយការណ៍ទៅលោកឲ្យពិចារណាបញ្ចប់មុខតំណែងមន្រ្តីរដ្ឋាភិបាលដែលគាំទ្រគណបក្សហ្វ៊ុនស៊ិនហើយមិនបង់ប្រាក់ជូនគណបក្ស ហើយលោកក៏បានចំអកឲ្យសម្តេចក្រុមព្រះនិងលោក ញឹក ប៊ុនឆៃ ផងដែរ។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានរាយការណ៍ទៅនាយករដ្ឋមន្ត្រីពីសមាជិកបក្សហ៊្វុនស៊ិនប៉ិចដែលមានតួនាទីក្នុងជួររដ្ឋាភិបាលនិងទទួលបានប្រាក់ខែ តែមិនបានជួយបង់ប្រាក់ចូលគណបក្ស។ លោកធ្លាប់បានព្រមានឲ្យនាយករដ្ឋមន្រ្តីបញ្ចប់តំណែងអ្នកទាំងនោះ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែនបានថ្លែងថាលោកមិនអាចធ្វើតាមសំណើរបស់សម្តេចក្រុមព្រះបានទេ។ លោកមានប្រសាសន៍ថា៖ “នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនេះបញ្ជាក់ជំហរបើទោះជាបុគ្គលនោះទៅតាមសម្តេចក្រុមព្រះ ឬទៅតាមញឹក ប៊ុនឆៃ គឺនៅរក្សាមុខតំណែងដដែល។ សូមសម្តេចក្រុមព្រះមេត្តាយោគយល់ ទូលបង្គំមិនអាចទៅតាមព្រះអង្គ ហើយធ្វើឲ្យឃ្នើសចិត្តចំពោះអ្នកកំពុងបំពេញការងារជាមួយរាជរដ្ឋាភិបាលបានទេ។ សុំទោស…”។
បើតាមនាយករដ្ឋមន្រ្តី សមាជិកសមាជិកាជាង១០០នាក់ដែលគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយមានតំណែងជាអនុរដ្ឋលេខាធិការនិងទីប្រឹក្សារបស់រដ្ឋាភិបាល។ លោកបានចាត់ទុកថាជម្លោះរវាងសម្តេចក្រុមព្រះនិងញឹក ប៊ុនឆៃ ជាជម្លោះផ្ទៃក្នុងរបស់គណបក្ស។ លោកបានរិះគន់បែបចំអកថា៖ “តាំងពីគេទាស់គ្នាមក ថ្ងៃណា ក៏ឃើញតែសារព័ត៌មានចេញផ្សាយ អំពីក្រុមនេះចេះ ក្រុមនោះចុះ។ ឱព្រះអើយព្រះ! អស់អាលីង គ្មានមួយកៅអីហើយ ថែមទាំងហែកចែកជើងម៉ាគ្នាទៀត”។ លោកបន្ថែមថា៖ “ដូចនៅសំបកក្តាមសោះ ហើយនាំគ្នាដណ្តើមគ្នា។ ខ្ញុំដូចឆ្ងល់ ឆ្ងល់ពេកតែម្តង ។ អេ! បើថានៅមានកៅអីខ្លះអីទៅ គួរដណ្តើមគ្នា។ បើអានេះដូចសំបកក្តាមសុទ្ធតែម្តង ហើយចេះដណ្តើមគ្នាទៅកើត អស់ទាស់តែម្តង។ ប៉ុណ្ណឹងហើយ នៅតែខ្លាំងរៀងខ្លួនទៀត”។
លោក ហ៊ុន សែន ឲ្យដឹងទៀតថាលោកធ្លាប់ដើរតួសម្របសម្រួលជម្លោះផ្ទៃក្នុងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច តែលោកថាហួសពេលហើយនៅពេលនេះ។ លោកបញ្ជាក់ថាមន្រ្តីរដ្ឋាភិបាលដែលគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចអាចទៅគាំទ្រទៅគាំទ្រសម្តេចក្រុមព្រះឬលោក ញឹក ប៊ុនឆៃ ហើយលោកស្វាគមន៍បើពួកគេចូលមកគណបក្សប្រជាជនកម្ពុជា។
លោក ញឹក ប៊ុនឆៃ ដែលទើបបង្កើតគណបក្សខ្មែររួបរួមជាតិហើយត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ មានប្រសាសន៍ថាដោយសារតែគ្មានជម្រើសទើបមានការបែកបាក់គ្នា។ លោកបញ្ជាក់ថាការបែកបាក់គ្នានេះ ដើម្បីបញ្ចប់ការគុំកួន សងសឹកនិងបក្សពួកនិយម។ លោកមានប្រសាសន៍ថាលោកគាំទ្រការសម្រេចរបស់នាយករដ្ឋមន្រ្តីដែលមិនឯកភាពតាមសំណើរបស់សម្តេចក្រុមព្រះ។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីសម្តេចក្រុមព្រះបាននៅឡើយទេ៕ ដោយ ស៊ុន ណារិន និងកាន់ វិច្ឆិកា