លោក ហ៊ុន សែន អះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីទៅចូលសណ្ឋាមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយតែមជ្ឈដ្ឋានជាច្រើនគិតថា លោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានអាស្រូវស្នេហា។
នៅចំពោះមុខនិស្សិតរាប់រយនាក់ក្នុងពិធីចែកសញ្ញាបត្រនៅព្រឹកថ្ងៃនេះលោក ហ៊ុន សែន បានថ្លែងបែបចំអកទៅលើអ្នកនយោបាយម្នាក់ដែលលោកថាមានរឿងនោះតូចទេ ប៉ុន្តែវាបានក្លាយជារឿងធំ។ លោកថ្លែងថា ”មិនឈ្លោះ មិនឆ្លើយ មិនឆ្លង។ ប៉ុន្តែអ្នកដទៃទៀតវាឈ្លោះ វាឆ្លង វាឆ្លើយ បានរឿងវាកើត សូមផ្តាំទៅ! ទៅឆ្លើយថាទេ ខ្ញុំអត់ដែលមាន Passport ខាង Passport គេថាអ្នកឯងធ្វើ។ ថាខ្ញុំអត់ដែលទៅក្រៅប្រទេសអឺបាងកកអ៊ែវេមានសំបុត្រយន្តហោះជិះនៅព្រលានយន្តពោធ៍ចិនតុងមានថតរូបទុក នៅព្រលានយន្តហោះបាងកកមានទុក នៅសណ្ឋាគារបាងកកមានទុក។ ចប់បាត់មានស្អីទៀត”។
លោក ហ៊ុន សែន បន្តថាបើនៅតែចោទថារឿងនេះជាការរៀបចំដោយអ្នកនយោបាយលោកបានព្រមានទៀតថារដ្ឋាភិបាលនឹងលូកដៃចាត់ការរឿងនេះ។
លោកព្រមានថា ”នេះគ្រាន់តែបណ្តឹងរបស់ផ្នែកឯកជននិងឯកជនធ្វើការបរិហាកេរ្តិ៍បោកបញ្ឆោត។ ប៉ុន្តែតែរាលដាលដល់សភា ដល់រាជរដ្ឋាភិបាល គឺរដ្ឋាភិបាលបង្ខំចិត្តត្រូវធ្វើគឺធ្ងន់ហើយ…”។
មន្រ្តីជាន់ខ្ពស់ម្នាក់នៃគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង មានប្រសាសន៍ថាលោកមិនបានចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជាជាអ្នករៀបចំរឿងនេះឡើងនោះទេ ហើយថាគណបក្សប្រឆាំងធំជាងគេនេះមិនចាប់អារម្មណ៍រឿងអត់ប្រយោជន៍បែបនេះទេ។
លោកមានប្រសាសន៍ថា៖ “ខ្ញុំអត់ទៅចោទថាអ្នកណាអ្នកណីទេ។ រឿងនេះជារឿងអត់ប្រយោជន៍។ យើងកំពុងគិតរឿងការងារប្រទេសជាតិធំៗ…”។
លោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យដែលធ្លាប់រស់នៅអាមេរិកមានប្រសាសន៍ថារឿងអាស្រូវផ្លូវភេទបែបនេះអាចធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លះរបស់អ្នកនយោបាយនៅអាមេរិកដោយសារតែសារព័ត៌មានគេផ្សាយតែរឿងពិត។ ប៉ុន្តែលោកថាសារព័ត៌មានមួយចំនួននៅកម្ពុជាគឺមិនអាចជឿទុកចិត្តបានទេដូចនេះលោកថាការបន្តផ្សាយរឿងនេះនឹងកាន់តែធ្វើឲ្យគេខឹងគណបក្សប្រជាជនកម្ពុជា ហើយងាកទៅអាណិតលោក កឹម សុខា វិញ។ លោកលើកឡើងដូចនេះដោយសំអាងថាបុរសភាគច្រើនគឺសុទ្ធតែមានទំនាក់ទំនងបែបនេះគឺជារឿងធម្មតាទៅហើយ។
កាលពីមុនបោះឆ្នោតឆ្នាំ២០១៣ ទូរទស្សន៍ស្ទើរតែទាំងអស់និងសារព័ត៌មានដែលគាំទ្រគណបក្សកាន់អំណាចគេបាននាំគ្នាបំពងសំឡេងបន្ថែមពីរឿងស្រ្តីម្នាក់ដែលចេញមុខអះអាងថាជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា។ គេនៅចាំបានថា កាលណោះលោកនាយករដ្ឋមន្រ្តីក៏បានវាយប្រហារចំៗផងដែរទៅលើមេដឹកនាំគណបក្សប្រឆាំងរូបនេះ។
ប៉ុន្តែក្រោយការបោះឆ្នោតមិនបានធ្វើគណបក្សរបស់លោក កឹម សុខា និងលោក សម រង្ស៊ី ថយចុះអសនៈនោះទេ។ ផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជាបានរបូតកៅអីអស់ចំនួន២២៕