លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធថាលោកមិនបានទិញLikesនៅលើហ្វេសប៊ុកនោះទេ ដោយលោកបានរិះគន់មេបក្សប្រឆាំងផងដែរ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន ដែលធ្វើឡើងនៅកោះពេជ្រ លោកនាយករដ្ឋមន្រ្តីបានថ្លែងថាមានការលើកឡើងថាលោកបានទិញLikesពីប្រទេសឥណ្ឌា តែលោកថាលោកមិនបានប្រើមធ្យោបាយនេះនោះទេ។ លោកបន្តថាបើមានគេចុចLikesពីបរទេស លោកថាវាជារឿងល្អសម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា។
លោកបញ្ជាក់ថា៖ “នរណាLikesជាសិទ្ធិរបស់គេតើ វាទៅខ្ញុំដើរទិញLikes”?
លោក ហ៊ុន សែន ដែលមានហ្វេសប៊ុកចុចLikesទៅដល់ជាង៣លាននាក់ បានរិះគន់លោកសម រង្ស៊ី ថាបានសរសេរសារនៅលើហ្វេសប៊ុកភ្ជាប់ជាមួយអត្ថបទកាសែតភ្នំពេញប៉ុស្តិ៍ ដែលបានរកឃើញថាមានLikesច្រើនពីប្រទេសឥណ្ឌា។ លោកបញ្ជាក់ថាលោកប្រើប្រាស់ហ្វេសប៊ុកមិនមែនប្រកួតប្រជែងនោះទេ តែលោកថាដើម្បីដោះស្រាយបញ្ហា។ លោកបានថ្លែងថា៖ “ឲ្យលោកឯងឆ្កួត ឆ្កួតតែឯងចុះ ខ្ញុំមិនទៅឆ្កួតជាមួយលោកឯងទេ”។
វីអូឌីមិនទាន់អាចទាក់ទងសុំការឆ្លើយតបពីលោក សម រង្ស៊ី បានភ្លាមៗនៅឡើយទេ។
ពាក់ព័ន្ធនឹងសារនៅលើហ្វេសប៊ុកនេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក សម រង្ស៊ី ផងដែរ។ ក្នុងពាក្យបណ្ដឹង រដ្ឋមន្រ្តីនោះបានចោទប្រធានគណបក្សសង្គ្រោះជាតិពីបទក្លែងលិខិតនៅលើFacebookនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត។
លោក សោម សឿន សរសេរថា៖ “ការភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយថា Like មួយចំនួនធំ ដែលបង្ហាញលើទំព័រ Facebook របស់សម្តេចគឺបានមកពីការទិញឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឲ្យបង្កើត Accounts Facebook (គណនេយ្យហ្វេសប៊ុក) ក្លែងក្លាយដើម្បីផ្តល់Likes សិប្បនិម្មិតក្លែងបន្លំជូនសម្តេច”។
លោក សោម សឿន បានចាត់ទុកថាការបង្ហោះនៅលើ Facebook របស់លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំជាតិនិងរូបលោកផ្ទាល់យ៉ាងធ្ងន់ធ្ងរ ដោយលោកស្នើទៅឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល។
លោក សម រង្ស៊ី បានបញ្ជាក់កាលពីថ្ងៃសុក្រថាប្រទេសកម្ពុជាមិនមានសេរីភាពក្នុងការបញ្ចេញមតិហើយថារដ្ឋាភិបាលចង់ដាក់គុករូបលោក ដោយសារតែលោកនិយាយថាហ៊ុន សែន ទិញLikesក្លែងក្លាយសម្រាប់ហ្វេសប៊ុករបស់លោក៕