វ៉ាន់ មករា ត្រូវគេរំឭកឡើងវិញក្នុងរឿងចុងក្រោយ

លោក វ៉ាន់ មករា កាល​ពី​កន្លង​ទៅ (រូប​ពី​ហ្វេសប៊ុក​)

ក្នុងពិធីសម្ពោធរឿង «ដៃគូកំចាត់ខ្មោច» គេឃើញតារាសិល្បករ និងភ្ញៀវកិត្តិយសដែលចូលរួមសម្ពោធរឿងយ៉ាងច្រើនកុះករត្រូវគេតម្រូវឲ្យស្មិងស្មាធិ៍គោរពវិញ្ញាណខន្ធលោក វ៉ាន់ មករា ដែលជួបឧបទ្ទហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តកាលពីថ្ងៃទី៩ មករា ដើមឆ្នាំ។ រឿងនេះជាស្នាដៃចុងក្រោយដែលលោក វ៉ាន់ មករា បានសម្ដែងមុនពេលស្លាប់ ហើយក៏ត្រូវបានផលិតករ និងតារាសិល្បៈចាត់ទុកថាជារឿងដែលឧទ្ទិសដល់វិញ្ញាណខន្ធរបស់តារារូបនេះ។

ក្នុងពិធីសម្ពោធរឿង «ដៃគូកំចាត់ខ្មោច» ដែលបានធ្វើឡើងកាលពីប្អូនស្រីលោក វ៉ាន់ មករា គឺកញ្ញា វ៉ាន់ នីតា និងម្ដាយរបស់លោកត្រូវបានគេអញ្ជើញឲ្យចូលរួមជាតំណាងលោក វ៉ាន់ មករា នៅក្នុងពិធីនោះ។ លើសពីនេះ លោក ឈុន ឡាក់ ជាថៅកែផលិតកម្មបានប្រគល់បាច់ផ្កាដល់កញ្ញា នីតា ជាតំណាង និងមានការប្រគល់ថវិកាឧបត្ថម្ភដល់សពលោក វ៉ាន់ មករា ដើម្បីឲ្យកញ្ញាយកទៅផ្គត់ផ្គង់កូនៗរបស់លោក វ៉ាន់ មករា នៅក្រោមបន្ទុកនោះផង។

កញ្ញា វ៉ាន់ នីតា ប្អូនស្រីរបស់លោកវ៉ាន់ មករា បានអះអាងថា ការរំឭកដល់បងប្រុសរបស់ខ្លួននៅក្នុងពិធីបានធ្វើឲ្យនាង និងម្ដាយចង់ស្រក់ទឹកភ្នែក។ នាងថា មកទល់ពេលនេះ ធាតុរបស់បងនាងនៅដាក់តម្កល់ក្នុងផ្ទះនៅឡើយទេ ដោយនាងថា ដោយសារតែក្រុមគ្រួសារមិនទាន់មានលទ្ធភាពសាងសង់ចេតីយឲ្យលោកក្រោយពេលមរណភាព។ យ៉ាងណាក៏ដោយ កញ្ញាបញ្ជាក់ថា គ្រួសារទាំងមូលនឹងសម្រេចយកធាតុរបស់លោកទៅតម្កល់នៅវត្តក្នុងពេលខាងមុខ ដើម្បីឲ្យវិញ្ញាណរបស់លោកបានស្ងប់ និងកុំឲ្យនៅវិលវល់តាមជំនឿរបស់ព្រះពុទ្ធសាសនា។ កញ្ញាអះអាងថា មានការរំភើបចិត្តយ៉ាងខ្លាំង ដែលក្រុមការងារបានធ្វើពិធីគោរពវិញ្ញាណខន្ធរបស់បងប្រុសខ្លួន និងបានលើកឡើងនៅអនុស្សាវរីយ៍ជាច្រើនឲ្យអ្នកចូលរួមបាននឹកដល់លោក។

ប្អូន​ស្រី​លោក វ៉ាន់ មករា ទទួល​បាច់​ផ្ដា​ពី​ថៅកែ​​ផលិតកម្ម​ BKS (​រូប​ភាព​៖ វង្ស សុម៉ាលីន)
ប្អូន​ស្រី​លោក វ៉ាន់ មករា ទទួល​បាច់​ផ្ដា​ពី​ថៅកែ​​ផលិតកម្ម​ BKS (​រូប​ភាព​៖ វង្ស សុម៉ាលីន)

លោក ឈុន សុវណ្ណភក្ដី ចាងហ្វាងផលិតកម្មBKS ដែលជាអ្នកផលិតរឿង «ដៃគូកំចាត់ខ្មោច» បានអះអាងថា ហេតុផលដែលនាំឲ្យលោកសម្រេចឲ្យអង្គវិធីក្រោកឈរស្មិងស្មាធិ៍គោរពវិញ្ញាណខន្ធរបស់លោក វ៉ាន់ មករា ប្រមាណជិតមួយនាទីគឺដើម្បីរំឭកដល់លោក វ៉ាន់ មករា ដែលធ្លាប់បានរួមការងារ និងបានបន្សល់នូវស្នាដៃមួយនេះជាលើកចុងក្រោយ។ លោកមានប្រសាសន៍ថា៖ «ថ្វីដ្បិតតែផលិតBKS ទើបតែបានរួមការងារជាមួយគាត់លើកដំបូង ប៉ុន្តែពួកយើងមានអនុស្សាវរីយ៍ជាមួយគ្នាច្រើន។ គាត់ជាតារាដែលគោរពពេលវេលា ស្រឡាញ់ការងារ ពូកែសម្ដែង អត់ធ្មត់ ហើយអ្វីដែលសំខាន់គឺគាត់ធ្វើឲ្យក្រុមការងារសប្បាយគ្រប់ពេល ដោយពួកយើងមិននឹកស្មានគាត់ទៅចោលពួកយើងលឿនដល់ថ្នាក់ហ្នឹងទេ»។

លោក ឈុន សុវណ្ណភក្ដី បន្តថា ខ្សែរឿង «ដៃគូកម្ចាត់ខ្មោច» គឺជាសា្នដៃចុងក្រោយរបស់លោក វ៉ាន់ មករា ដោយសាររឿងនេះថតចប់នៅដើមខែមករា ក្នុងឆ្នាំ២០១៦ មុនការស្លាប់របស់លោកវ៉ាន់ មករា តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ លោកថា ជារឿងសោកស្ដាយយ៉ាងខ្លាំង ដែលលោក វ៉ាន់ មករា ដែលត្រូវមានមុខនៅលើគម្របមុខរបស់រឿង ប៉ុន្តែមិនអាចដាក់បានដោយសារលោកមិនអាចមកថតរូបដូចគ្នានឹងតួអង្គសំខាន់ៗផ្សេងទៀត។ លោកបន្តថា ក្នុងរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» ដែលជារឿងទី២របស់ផលិតBKS លោកក៏បានកំណត់ឲ្យលោក វ៉ាន់ មករា សម្ដែងជាតួធំផងដែរ ដោយក្រុមផលិតករសុទ្ធតែបានឯកភាពចំពោះការប្រគល់តំណែងនោះរួចហើយ។ ប៉ុន្តែគួរឲ្យស្ដាយនៅពេលដំណើរការចេញថតរឿងទី២លេចចេញ លោក វ៉ាន់ មករា ក៏មានដំណឹងអកុសលកើតឡើង។

ផលិតកររូបនេះបន្តថា ក្នុងរឿង «ដៃគូកំចាត់ខ្មោច» លោក វ៉ាន់ មករា សម្ដែងជាតួច្រឡឺមក្រមិចក្រមើម និងមានឈុតឆាកចេញសម្ដែងច្រើនមិនខុសគ្នាពីតួឯកនោះទេ ដោយសារតែលោកត្រូវសម្ដែងជាតួមិត្តភក្ដិតួឯកក្នុងរឿង។ លោកថា រឿងនេះចំណាយថតអស់ប្រមាណជាង៧ម៉ឺនដុល្លារ ដោយឈុតឆាករបស់លោក វ៉ាន់ មករា សុទ្ធតែ បង្កប់ដោយផ្ទាំងសំណើចដែលជាចំណុចខ្លឹមៗនៅក្នុងរឿងទំាងមូល។
គួរបញ្ជាក់ដែរថា លោក វ៉ាន់ មករា គឺជាតារាចម្រៀង និងជាតារាសម្ដែងលេចធ្លោមួយរូបនៅក្នុងពិភពសិល្បៈនាពេលកន្លងមក ជាពិសេសក្នុងតំណែងជាតួក្រមិចក្រមើម និងកំប្លែងស្ងួត។ លោកបានចែកឋានកាលពីថ្ងៃទី៩ ខែមករា ដើមឆ្នាំ២០១៦ ក្នុងហេតុការណ៍ក្រឡាប់រថយន្តចំនួន២លើកនៅផ្លូវជាតិលេខ៤ ក្រោយថតចប់រឿង «ដៃគូកំចាត់ខ្មោច» ជិតមួយអាទិត្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ