អ្នកការពារសិទ្ធិមនុស្សនៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យរដ្ឋសភាឥណ្ឌូនេស៊ីបដិសេធសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងភេរវកម្មរបស់រដ្ឋាភិបាល ដោយពួកគេបារម្ភថា ខ្លឹមសារក្នុងសេចក្តីព្រាងនោះប៉ះពាល់ដល់សិទ្ធិមនុស្ស។
ខ្លឹសារនៃសេចក្តីព្រាងច្បាប់ដែលអ្នកការពារសិទ្ធិមនុស្សព្រួយបារម្ភនោះគឺមានបំណងចង់បង្កា កុំឲ្យមានការវាយប្រហាររបស់ក្រុមភេរវជនដូចហេតុការណ៍កើតឡើងកាលពីខែមករា នៅចាកាតាទៀត។ ក្នុងខ្លឹមសារនៃសេចក្តីព្រាងនោះគឺអនុញ្ញាតឲ្យមានការចាប់ឃុំមនុស្សដោយមិនជំនុំជម្រះ រយៈពេលបីខែ និងអនុញ្ញាតឲ្យមានការចាប់ខ្លួន ប្រសិនជាប្រជាពលរដ្ឋមានការជួបជុំជជែកគ្នា ហើយមានការសង្ស័យថា មានបំណងធ្វើភេរវកម្មនោះ។ នេះបើតាមសារព័ត៌មានChannel News Asia។
គណៈកម្មការអន្តរជាតិដើម្បីសិទ្ធិមនុស្ស និងក្រុមអ្នការពារសិទ្ធិមនុស្សផ្សេងៗទៀត បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយស្នើឲ្យមានការធ្វើវិសោធនកម្មលើចំណុចដែលមានការប៉ះពាល់សិទ្ធិមនុស្សខ្លាំង។
ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការឃុំខ្លួនរយៈពេលយូរដោយមិនកាត់ទោសគឺប្រឈមនឹងការធ្វើទារុណកម្ម និងប៉ះពាល់សិទ្ធិសេរីភាព៕