ប្រតិបត្តិការនាំយកភាពយន្តរបស់ជាតិប្រមាណជាង២០រឿងទៅបង្ហាញក្នុងវេទិកាពិព័រណ៌ភាពយន្តលើកទី២០នៅទីក្រុង ត្រូវបានផលិតករ និងមន្ត្រីពាក់ព័ន្ធដែលទើបត្រឡប់មកដល់ប្រទេសវិញអះអាងថា កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីពិព័រណ៍នេះ។ ក្នុងនោះ ខ្សែរឿងរបស់ខ្មែរមួយចំនួនក៏ត្រូវបានផលិតករបរទេសចាប់អារម្មណ៍ចង់បាន និងអាចនឹងឈានដល់ការផលិតរឿងរួមគ្នាក្នុងពេលដ៏ខ្លីផងដែរ។
ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ិន ចាន់ សាយ៉ា ដែលបានដឹកនាំក្រុមការងារចេញទៅកាន់កុងហុងកាលពីថ្ងៃទី១៤ ខែមីនា និងទើបប្រឡប់មកវិញកាលពីល្ងាចថ្ងៃទី១៧ មីនា បានអះអាងថា កម្ពុជាមានរឿងចំនួនជាង២០ និងមានផលិតករជាង១០រូបមកពីផលិតកម្មផ្សេងគ្នាចេញទៅចូលរួមនៅក្នុងវេទិកាពិពរណ៌ភាពយន្តនោះ។ លោកថា គោលបំណងដែលកម្ពុជាយករឿងទៅបង្ហាញនៅក្នុងពិព័រណ៌ភាពយន្តអន្តរជាតិដែលមានប្រទេសចំនួន៣៤ចូលរួមនោះ គឺដើម្បីមានឱកាសបង្ហាញស្នាដៃភាពយន្តរបស់ប្រទេសកម្ពុជាឲ្យគេបានស្គាល់ និងដើម្បីឲ្យរឿងទាំងនោះត្រូវបានបរទេសទិញយកក្នុងពេលដាក់បង្ហាញ។
លោកមានប្រសាសន៍ថា៖ “យើងយកភាពយន្តជាច្រើនទៅចូលរួមនៅហុងកុងហ្នឹង មិនមែនទៅបង្ហាញឲ្យគេកាន់តែស្គាល់ភាពយន្តរបស់យើងទេ ប៉ុន្តែយើងទៅទាក់ទាញទីផ្សារសម្រាប់អ្នកចង់ទិញរឿងរបស់ខ្មែរម្ដង ហើយជាលទ្ធផលគឺមានគេចាប់អារម្មណ៍ច្រើនសម្រាប់ការតាំងពិព័រណ៌លើកហ្នឹង”។
អ្នកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្មចក្រវាទ្បពេជ្រភាពយន្ត និងជាជាផលិតករមួយរូបក្នុងចំណោមតំណាងរបស់កម្ពុជាជាង១០រូប ដែលបានយករឿងទៅបង្ហាញក្នុងពិព័រណ៌ភាពយន្តនោះ បានអះអាងថា នៅក្នុងវេទិកាដែលមានផលិតករភាពយន្តចម្រុះប្រទេសដើរទស្សនានោះ មានផលិតករមកពីម៉ាឡេស៊ី កូរ៉េ និងអាមេរិកបានមកធ្វើទំនាក់ទំនងសុំសិក្សាពីរឿងរបស់ខ្មែរមួយចំនួនដែលបានដាក់បង្ហាញ ដោយអ្នកស្រីថា ផលិតករទាំងនោះ នឹងចុះមកដល់កម្ពុជាក្នុងពេលខាងមុខ ដើម្បីសុំទិញរឿងទាំងនោះ ដោយអះអាងថារឿងនោះមានសាច់រឿងល្អ និងជារឿងដែលគេអាចយកទៅកែច្នៃបាន។
អ្នកស្រីមានប្រសាសន៍ថា៖ “សម្រាប់រឿង២របស់ផលិតកម្មចក្រវាទ្ប មិនច្បាស់ថាមានខាងណាគេចង់ទិញទេ ប៉ុន្តែសម្រាប់រឿងរបស់ខ្មែរយើងមួយចំនួន គឺគេទាក់ទងហើយ បើតាមគម្រោងគេអាចទិញទៅទាំងដុលយកទៅផលិតសារថ្មី ហើយអាចផលិតជាថ្មីដែរ ប៉ុន្តែគេចុះមកផលិតរួមគ្នាជាមួយផលិតករដើមតែម្ដង”។
អ្នកស្រី ថុង ស៊ីវទៀង បន្តថា ផ្លែផ្កាដែលទទួលបានពីការដាក់បង្ហាញរឿងនៅក្នុងវេទិកាពិព័រណ៌ភាពយន្តដ៏ធំនេះ គឺរឿងខ្មែរនឹងមានទីផ្សារទទួលទិញ ដោយផលិតករបរទេសទាំងនោះនឹងចាប់ដៃចុះមកផលិតរឿងជាមួយផលិតករខ្មែរនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។ អ្នកស្រីមានប្រសាសន៍ថា៖ “កន្លងមកមានផលិតករបរទេសចុះមកផលិតរឿងនៅស្រុកខ្មែរច្រើនហើយ ប៉ុន្តែផ្អែកតាមអ្វីដែលខាង(ផលិតករ) កូរ៉េ ម៉ាឡេ និងហ្វីលីពីន ជាដើមដែលគេមកជជែកជាមួយយើង គឺកម្ពុជាយើងនឹងមានពួកគាត់ចុះមកផលិតរឿងជាមួយរឿងកាន់តែច្រើន ជាក់ស្ដែងដូចជាផលិតកម្មខ្ញុំគឺ មានខាងបរទេសគាត់សុំសហការហើយ ដោយយើងនៅចាំតែពួកគាត់ចុះមកពេលណាប៉ុណ្ណោះ”។
អ្នកស្រី សុង បន្ថែមថា នៅក្នុងវេទិកានោះក៏មានការដាក់បង្ហាញឧបករណ៍សម្រាប់ថតកុន និងបានបង្ហាញពីបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងការថតឈុតហោះហើរ និងឈុតឆាកប្លែកៗក្នុងកុនជាច្រើនផ្សេងទៀតផងដែរ ដែលអ្នកស្រីថាកាន់តែធ្វើឲ្យផលិតករកម្ពុជាទទួលបានចំណេះដឹងក្នុងការផលិតកុន។
លោក ជី សីលា តំណាងកម្ពុជាមួយរូបដែរដែលទៅចូលរួមនៅក្នុងពិធីនេះបានអះអាងថា ចាប់តាំងពីកម្ពុជាបានចូលរួមក្នុងពិព័រណ៌ភាពយន្តអន្តរជាតិនេះ គឺមានតែឆ្នាំ២០១៦នេះគត់ដែលលោកថា កម្ពុជាបាននាំភាពយន្ត ដាក់បង្ហាញឲ្យគេបានឃើញ និងឈានមកចរចាទិញរឿងរបស់កម្ពុជា។ លោកបន្តថា ដូចគ្នាដែរកម្ពុជាទៅចូលរួមនៅក្នុងវេទិកានោះ ដើម្បីទិញរឿងបរទេសយកមកដាក់បញ្ចាំងនៅរោងភាពយន្ត។ លោកមានប្រសាសន៍ថា៖ “កម្មវិធីហ្នឹង កន្លងមកកម្ពុជាធ្លាប់ចូលរួមច្រើនហើយ ប៉ុន្តែយើងទៅតែដើម្បីទៅមើលរឿងគេទេ អញ្ចឹងបានខ្ញុំគិតថាឆ្នាំនេះយើងប្លែក ដោយសារតែយើងយករឿងទៅលក់ឲ្យគេវិញ”។
លោក ជី សីលា បន្ថែមថា នៅក្នុងវេទិកានោះ កម្ពុជាបាននាំយកទេសភាពប្រាសាទ ភ្នំ ទឹកជ្រោះ និងទីតាំងល្អៗជាច្រើនដែលអាចប្រើសម្រាប់ថនកុនបាន យកទៅបង្ហាញ ធ្វើឲ្យផលិតករទាំងនោះចាប់អារម្មណ៍ពីទេសចរណ៍ធម្មជាតិនៅកម្ពុជា ដែលលោកថានឹងទាក់ទាញឲ្យពួកគេចុះមកថតរឿងនៅកម្ពុជាកាន់តែច្រើន។ លោកមានជំនឿយ៉ាងខ្លាំងថា ការចាប់អារម្មណ៌របស់ផលិតករបរទេសនឹងធ្វើឲ្យរឿងខ្មែរត្រូវបានគេទិញ ហើយនឹងជួយឲ្យផលិតករបរទេសចុះមកសហការផលិតរឿងនៅកម្ពុជាកាន់តែច្រើននាពេលខាងមុខ។ លោកនៅតែបញ្ជាក់ជាដដែលថា បើសិនជារឿងខ្មែរមិនត្រូវបានគេទិញដូចការសន្យា ក៏ការចុះមកថតរឿងនៅកម្ពុជានៅតាមតំបន់ទេសភាពល្អៗដែលកម្ពុជាដាក់បង្ហាញ ពិតជាធ្វើឲ្យបរទេសចង់មកថតរឿងនៅកម្ពុជាច្រើន ហើយវត្តមានចុះមកសហការថតរឿងរបស់បរទេស វានឹងជួយឲ្យវិស័យភាពនៅកម្ពុជា ជាពិសេសគឺផលិតករ និងតួសម្ដែងទទួលផលចំណេញ មិនខុសគ្នានឹងការចុះមកផលិតរឿងនៅកម្ពុជារបស់ផលិតករបរទេសនាពេលកន្លងមកនោះទេ៕