មន្ត្រីសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាឲ្យដឹងថា អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលម្នាក់ត្រូវបានសមាជិកសមាគមមួយចាប់ខ្លួនបញ្ជូនទៅសមត្ថកិច្ច ដោយលោកអះអាងថា ដោយសារអតីតអ្នកបើកបររថយន្តរូបនោះបានចែកខិតប័ណ្ណនិយាយប៉ះពាល់ដល់សមាគមនោះ។
សមាជិកសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាលោក គួយ សាត ឲ្យវីអូឌីដឹងថា អតីតអ្នកបើកបររថយន្តម្នាក់ឈ្មោះ បុល ត្រូវបានសមាជិករបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជាចាប់ខ្លួននៅម៉ោងប្រមាណ៨ព្រឹកថ្ងៃសុក្រនេះ នៅមុខផ្សារទំនើបរតនាផ្លាសាក្នុងសង្កាត់ទឹកថ្លា រួចបញ្ជូនទៅសាលាសង្កាត់កាកាប។
លោក គួយ សាត ឲ្យដឹងទៀតថា អតីតអ្នកបើករថយន្តរូបនោះត្រូវបានចាប់ខ្លួនបន្ទាប់ពីលោកបានចែកខិតប័ណ្ណអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ សេវារបស់ក្រុមហ៊ុនកាពីតូល និងសេវារបស់សមាគមរួមគ្នាអភិវឌ្ឍន៍កម្ពុជា ដោយក្នុងលិខិតនោះបញ្ជាក់ថា ស្ថាប័នទាំងពីរនេះ រំលោភច្បាប់និងប្រើហិង្សា លើអតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូល។ លោកបន្តថា លោកមិនទាន់ដឹងថាតើមានអតីតអ្នកបើករថយន្តផ្សេងទៀតត្រូវបានចាប់ខ្លួនដែរឬយ៉ាងណានោះទេ ដោយលោកថា នៅព្រឹកនេះ អ្នកដែលបានចុះចែកខិតប័ណ្ណនោះមានគ្នាជាង៣០នាក់ នៅតាមតាមទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា សមាគមរួមគ្នាអភិវឌ្ឍន៍កម្ពុជា ដែលគេស្គាល់ថា ជាសមាគមរបស់អ្នករត់ម៉ូឌុប និងម៉ូតូកង់បីបានឃាត់ខ្លួនអតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលចំនួន៧នាក់ នៅពេលអតីតអ្នកបើកឡានទាំងនោះធ្វើសកម្មភាពចុះចែកខិតប័ណ្ណនៅតាមផ្លូវ។
នាយករដ្ឋបាលនៃសាលាខណ្ឌចំការមនលោក នុយ ប៊ុនសេរីរ័ត្នមុន្នី បានអះអាងថា នេះមិនមែនជាការឃាត់ខ្លួនទេ គ្រាន់តែហៅអ្នកចែកខិតប័ណ្ណទាំងនោះមកណែនាំ ដោយបញ្ជាក់ថា ការចែកនេះមិនមានការអនុញ្ញាតពីអាជ្ញាធរ។ ក៏ប៉ុន្តែ ពេលអ្នកសារព័ត៌មានសួរថា ហេតុអ្វីនាំតែអតីតអ្នកបើករថយន្តកាពីតូលណែនាំ មិនហៅសមាជិកសមាគមអ្នករត់ម៉ូតូណែនាំផង ព្រោះក្រុមនេះមិនមានសមត្ថកិច្ចដើរឃាត់សកម្មភាពអ្នកដទៃទេ? ប្រធានការិយាល័យអន្តរវិស័យ និងជាប្រធានសណ្តាប់ធ្នាប់នៃសាលាខណ្ឌចការមន លោក អ៊ីវ ថាវី មិនបានអត្ថាធិប្បាយទេ។
ទោះយ៉ាងណា អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលទាំង៧នាក់នោះត្រូវសមត្ថកិច្ចដោះលែង ឲ្យមានសេរីភាពវិញ បន្ទាប់ពីពួកគេចុះកិច្ចសន្យាយប់ដើរចែកខិតប័ណ្ណដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ។
គួររំឭកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ វិវាទការងារនៅក្រុមហ៊ុនកាពីតូលបានផ្ទុះហិង្សាបង្គឲ្យអ្នកតវ៉ា១៤នាក់ជាអតីតបុគ្គលិកក្រុមហ៊ុននេះរងរបួសធ្ងន់។ ក្រោយហិង្សានោះ សហជីព សហគមន៍ និងក្រុមអង្គការសង្គមស៊ីវិលសរុប៥០ស្ថាប័ន ប្រកាសគាំទ្រការធ្វើពហិកាសេវាកម្មក្រុមហ៊ុនកាពីតូល ហើយអំពាវនាវឲ្យសាធារណជនទូទៅចូលរួមការធ្វើពហិការនេះ ដោយក្រុមសង្គមស៊ីវិលអះអាងថា ដោយសារក្រុមហ៊ុននេះបានរំលោភសិទ្ធិការងារ និងបង្ក្រាបការតវ៉ារបស់បុគ្គលិក៕