លោក ហេង សំរិន ​ថា​សភា​កម្ពុជាមានសណ្តាប់ធ្នាប់ជាង​សភាអូស្រ្តាលី ពេលជជែកដេញដោល​

កិច្ចប្រជុំសភាកម្ពុជា​កាលពីកន្លងទៅ​

ប្រធាន​រដ្ឋសភា​ លោក ហេង សំរិន ដែល​បាន​ទៅ​បំពេញទស្សនកិច្ច​នៅ​ប្រទេស​អូស្រ្តាលី បាន​អះអាង​ថា​​រដ្ឋ​សភាកម្ពុជា​មាន​សណ្តាប់ធ្នាប់ជាង​សភាអូស្រ្តាលី នៅពេល​មាន​ការ​ជជែក​ដេញដោល​គ្នា។​

លោក ហេង សំរិន ​បាន​លើកឡើង​បែប​នេះ​នៅពេល​លោក​ទៅ​បំពេញទស្សនកិច្ចផ្លូវ​ការ​​នៅប្រទេសអូស្រ្តា​លី ចាប់ពីថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៦ ​ខែមីនា ឆ្នាំ​២០១៦។​

លោក​ ញ៉ែម ថ្ថាវី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំដែលអមដំណើរប្រធានរដ្ឋសភាក្នុងដំណើរទស្សនកិច្ចនេះ បាន​ប្រាប់អ្នក​សារព័ត៌មាន​កាលពីថ្ងៃ​ព្រហស្បតិ៍ ពេល​ត្រឡប់​មក​ដល់​កម្ពុជាវិញ​ថា​ដំណើរទស្សនកិច្ច​នេះ​គឺ​ធ្វើឡើង​ដើម្បីពង្រឹងទំនាក់ទំនងរវាងសភាទាំងពីរ។ លោក​បន្ត​ថា​លោក ហេង សំរិន ​បាន​ជួប​ជាមួយ​ប្រធាន​​រដ្ឋសភានិង​ព្រឹទ្ធសភា​នៅ​ប្រទេស​អូស្រ្តាលី។ លោកបន្ថែម​ថា​នេះ​ជា​លើក​ទី​មួយ​ដែល​លោក ហេង សំរិន បាន​ទៅ​បំពេញ​ទស្សនកិច្ចបែបនេះនិង​បាន​ឃើញ​ផ្ទាល់ពីការជជែក​ដេញដោល​គ្នា​នៅ​ក្នុង​រដ្ឋសភា​និង​​ព្រឹទ្ធសភា​។

លោក ញ៉ែម ថ្ថាវី មាន​ប្រសាសន៍ថា៖ “សម្តេច​ចក្រី លោក​ធ្លាប់​បាន​ឃើញ​នៅ​ក្នុង​ទូរទស្សន៍អីដែរ តែ​នេះ​ជា​​លើក​ទី​មួយ​ដែល​យើង​បាន​ឃើញ​ផ្ទាល់តែម្តង។ ហើយ​របៀបរបបគេទាំងនោះ មានទឹកមាត់ ដេញដោល​គ្នាខ្លាំងណាស់ ប៉ុន្តែ​សម្តេច​លោក​បាន​មាន​ប្រសាសន៍ដែរ​ថា​អេ​ឃើញពួកគេនេះ ដូចជាជជែក ស្រែកដាក់គ្នាណាស់អញ្ចឹង​​នៅសភា​ខ្មែរ​យើង មើល​ទៅ​ដូចជាមានសណ្តាប់ធ្នាប់ជាង។​ ប៉ុន្តែ​នេះ​ជា​ជាតិសាសន៍មួយៗ របៀបរបបខុសគ្នា។ ដូច្នេះនេះ​ជា​ការរៀនសូត្រមួយដែរ”

លោក​បញ្ជាក់​បន្ថែម​ថា៖ “​ពេលដែល​ជជែក​គ្នាខ្លាំងមែនទែន ខ្លាំង​ក៏ដោយ ប៉ុន្តែ​​នៅពេល​ប្រធានសភា ឬប្រធានព្រឹទ្ធសភា ប្រាប់ថា​ឲ្យឈប់និយាយ ស្ងាត់ជ្រាប ឃើញកន្លែង​ហ្នឹង គេមិនហ៊ានតមាត់ទៅនឹង​ប្រធាន​សភាឬ​ព្រឹទ្ធសភាទេ”

រដ្ឋសភាកម្ពុជា​ឲ្យ​ដឹង​ថា​ដំណើរ​ទស្ស​នកិច្ច​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភានេះ​ធ្វើ​ឡើង​តបតាមការអញ្ជើញរបស់​ប្រធានរដ្ឋសភាអូស្រ្តាលី។

លោក ញ៉ែម ថ្ថាវី បាន​ឲ្យ​ដឹងទៀត​ថា​ប្រធាន​រដ្ឋសភា​បាន​ប្រាប់​ទៅ​អូស្រ្តាលី​ពី​​ការកែ​ទម្រង់​របស់​រដ្ឋសភា ព្រឹទ្ធ​សភា​​និង​​​រដ្ឋាភិបាលកម្ពុជា​។

នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថាការដេញដោលនិងការអនុវត្តតួនាទីរបស់សភាអូស្តា្រលីមានភាពរឹងមាំជាងកម្ពុជា។ លោក​បន្ត​ថា​សភាកម្ពុជាមានការរឹតត្បិតការបញ្ចេញមតិ ការដកសមាជិកភាពរបស់តំណាងរាស្រ្ត​ ដោយពុំបានឆ្លងកាត់ការដកអភ័យឯកសិទ្ធិត្រឹមត្រូវ ការដាក់សម្ពោធ ការដាក់ពិន័យទៅលើអ្នកតំណាងរាស្ត្រដោយពុំមានមូលហេតុច្បាស់លាស់ជាដើម។

លោក​មាន​ប្រសាសន៍ថា៖ “វារីកចម្រើនមួយចំនួន ប៉ុន្តែមួយចំនួនទៀតក៏មានការថយដែរ វាបាត់សណ្តាប់ធ្នាប់ខ្លះដែរនៅក្នុងរដ្ឋសភា។ កន្លងមកយើងឃើញថាទៅឲ្យបាត់សមាជិកភាពរបស់អ្នកតំណាងរាស្ត្រមួយចំនួនដោយអត់មានឆ្លងកាត់ដកអភ័យឯកសិទ្ធិអីត្រឹមត្រូវនេះក៏ជាបញ្ហាដែលបាត់បង់របៀបរបបនៅក្នុងរដ្ឋសភា។​ យើងឃើញមានការដាក់សម្ពាធ​ ការដាក់ពិន័យទៅលើអ្នកតំណាងរាស្ត្រ អត់មានមូលហេតុ យើងគ្រាន់តែដាក់ពិន័យដកប្រាក់ខែគេហ្នឹងសុទ្ធតែបាត់សណ្តាប់ធ្នាប់ហើយ ព្រោះអីនៅក្នុងបទបញ្ជាផ្ទៃក្នុងអីហ្នឹងគ្មានឲ្យអំណាចអីត្រូវដកប្រាក់ខែប្រាក់អីគេអញ្ចឹងដោយគ្រាន់តែគេបញ្ចេញមតិណា ហ្នឹងហើយជាការបាត់សណ្តាប់ធ្នាប់វិញទេ”៕ ដោយ​ ស៊ុន ណារិន និង​ហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ