គណៈកម្មការទី១នៃរដ្ឋសភាបានកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ លោក អង្គ វង្ស វឌ្ឍានា ឲ្យចូលបំភ្លឺនៅសប្តាហ៍ក្រោយ ជុំវិញករណីមួយចំនួននៃការអនុវត្តរបស់តុលាការដែលពាក់ព័ន្ធនឹងសិទ្ធិរបស់ប្រជាពលរដ្ឋ។
ក្នុងលិខិតមួយចុះថ្ងៃទី៣ខែមីនាហើយដាក់ទៅនាយករដ្ឋមន្ត្រី លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១នៃរដ្ឋសភា ផ្នែកសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានស្នើសុំអញ្ជើញលោក អង្គ វង្ស វឌ្ឍានា ឲ្យចូលបំភ្លឺអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ នៅថ្ងៃទី២៤ ខែមីនា។
លិខិតបញ្ជាក់ថាការកោះអញ្ជើញរដ្ឋមន្ត្រីឲ្យចូលបំភ្លឺនេះ ក្រោយពីគណៈកម្មការបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋជាច្រើនករណីពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួននៃការអនុវត្តរបស់តុលាការ ក្នុងនោះមានការឃុំខ្លួនអនីតិជននិងការផ្ដន្ទាទោស ការឃុំខ្លួនលើសនីតិវិធី កំហុសក្នុងការអនុវត្តនីតិវិធីនិងការអនុវត្តតួនាទីមានភាពលម្អៀងនិងករណីទំនាស់ដីធ្លី។
លោក អេង ឆៃអ៊ាង បញ្ជាក់ថាការកោះអញ្ជើញនេះដើម្បីឲ្យរដ្ឋសភាមានមូលដ្ឋានក្នុងការជម្រាបជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់បណ្ដឹងនិងដើម្បីពង្រឹងការអនុវត្តច្បាប់ ការពារសិទ្ធិមនុស្ស ការអនុវត្តនីតិរដ្ឋនិងការធានាឲ្យមានយុត្តិធម៌ក្នុងសង្គម។
គួររំឭកថាកាលពីថ្ងៃទី១៤ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខេត្តកំពង់ស្ពឺអន្តរាគមន៍ទៅតុលា ការជួយឲ្យមានការដោះលែងស្រ្តី២នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ទាក់ទងនឹងជម្លោះដីធ្លី។ លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃចន្ទនេះថាវាជា”ការ ខកចិត្តខ្លាំងណាស់” ដែលតុលាការខេត្តកំពង់ស្ពឺចាប់តំណាងពលរដ្ឋ២នាក់ឃុំខ្លួន។ ទោះជាយ៉ាងណា លោក ហ៊ុន សែន បានលើកឡើងថាការអន្តរាគមន៍របស់នាយករដ្ឋមន្រ្តីបង្ហាញពីតុលាការមិនឯករាជ្យនៅកម្ពុជានោះទេ។
ចំណែក កាលពីថ្ងៃទី២៦ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងប្រធានពន្ធនាគារត្រូវធ្វើការឲ្យបានម៉ត់ចត់ទៅលើទណ្ឌិតដែលជាប់ទោសដោយសារប្លន់និងគ្រឿងញៀន មុនពេលដាក់ឲ្យលោកចុះហត្ថលេខាដាក់ថ្វាយព្រះមហាក្សត្រលើកលែងទោស។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ខ្ញុំទុកចិត្តលើរដ្ឋមន្រ្តីយុត្តិធម៌ រដ្ឋមន្រ្តីយុត្តិធម៌ទុកចិត្តលើនាយកពន្ធនាគារ ចេះតែទុកចិត្តបន្តគ្នាអញ្ចឹងទៅ ដល់ទីចុងបំផុត អាពួកក្រុមចោរទាំងហ្នឹង ចេញមកប្លន់ដដែលៗ អញ្ចឹងធ្វើម៉េចវាអស់ចោល”។ លោកបន្ថែមថា៖ “អាមុខចោរដដែលៗ រឿងវាងើបឡើងលើកទីបីហើយ មុខចោរដដែលៗ គឺអាចោរចូលគុក មិនដែលជាប់គុកបានយូរទេ…។ អាអ្នកប្លន់ហ្នឹងគឺថាចេញតែពីគុក អញ្ចឹងសូមមើលឡើងវិញ ខ្ញុំនិយាយសាជាថ្មី ពីមុនខ្ញុំប្រើពាក្យថាខ្ញុំប្រើកណ្តាប់ដៃដែករបស់ខ្ញុំ ដើម្បីប្រឆាំងនឹងរឿងនេះ។ ឥឡូវឲ្យតែប្រភេទចោរនិងពួកគ្រឿងញៀន វាចេញពីគុកដូចស្រួលពេកហ្មង។ ហើយអាហ្នឹងចេញមកបង្ករឿង។ ពីមុនវាត្រឹមប្លន់ អត់ទាន់ហ៊ានសម្លាប់មនុស្ស តែវាចេញលើកក្រោយវាហ៊ានសម្លាប់មនុស្ស”៕