អតីតប្រធានាធិបតីប៉ាគីស្ថានលោក ផើវេស មូសារ៉ាហ្វ បានចាកចេញពីប្រទេសនៅព្រឹកថ្ងៃនេះធ្វើដំណើរទៅកាន់ទីក្រុងឌូប៉ៃដើម្បីស្វែងរកការព្យាបាលជំងឺ បន្ទាប់ពីតុលាការកំពូលបានសម្រេចដកបំរាមការធ្វើដំណើរទៅក្រៅប្រទេស។
មន្ត្រីព្រលានយន្តហោះនៅរដ្ឋការ៉ាឈី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាលោក មូសារ៉ាហ្វ បានចាកចេញពីការ៉ាឈីទៅឌូប៉ៃនៅម៉ោង៣និង៥៥នាទីព្រឹក។
អតីតប្រធានាធិបតី មូសារ៉ាហ្វ កំពុងប្រឈមនឹងតុលាការកាត់ទោសពាក់ព័ន្ធនិងបទចោទក្បត់ជាតិនិងការសម្លាប់អតីតនាយករដ្ឋមន្ត្រី បេណាហ្សៀ ប៊ូតូ។ ទោះយ៉ាងណារាល់ការចោទប្រកាន់ទាំងនេះត្រូវលោក មូសារ៉ាហ្វ ច្រានចោលទាំងអស់ ហើយលោកហៅការចោទនេះគឺធ្វើឡើងក្នុងហេតុផលនយោបាយតែប៉ុណ្ណោះ។
បច្ចុប្បន្នលោកកំពុងមានបញ្ហាឈឺឆ្អឹងខ្នងដែលមិនអាចព្យាលបាលនៅក្នុងប្រទេសប៉ាគីស្ថានបាន។ លោកថ្លែងនៅព្រលានយន្តហោះនៅការ៉ាឈីថា លោកទៅបរទេសដើម្បីព្យាបាលជំងឺ ហើយនឹងត្រលប់មកវិញដើម្បីចូលរួមសវនាការ។ លោកថ្លែងថា៖ “ខ្ញុំទៅបរទេសដើម្បីទទួលការព្យាបាលជំងឺ ហើយខ្ញុំនឹងត្រលប់មកវិញដើម្បីប្រឈមនឹងការចោទប្រកាន់ប្រឆាំងរូបខ្ញុំ។ ខ្ញុំជាអតីតកងទ័ពពិសេសខ្ញុំស្រលាញ់ប្រទេសជាតិទឹកដីកំណើតរបស់ខ្ញុំ”៕