លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្ដល់ប្រាក់ដល់កីឡាករបាល់ទាល់ក្នុងក្រុម Cambodia All Stars និងក្រុមគ្រូបង្វឹកម្នាក់១០០០ដុល្លារ ដោយលោកថាដើម្បីលើកទឹកចិត្តដល់ពួកគេ បន្ទាប់ពីប្រកួតឈ្នះក្រុម Laos All Stars។
នៅល្ងាចថ្ងៃសុក្រនេះ ក្រុមបាល់ទាត់ Cambodia All Stars បានជួបប្រកួតជាលក្ខណៈមិត្តភាពជាមួយក្រុម Laos All Stars ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំនៃចំណងមិត្តភាពការទូតកម្ពុជាឡាវ ដោយក្រុមកម្ពុជាបានយកឈ្នះក្នុងលទ្ធផល៣ទល់នឹង២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក បន្ទាប់ពីចប់ការប្រកួតនេះថា៖ “ខ្ញុំសូមអបអរសាទរដល់កីឡាបាល់ទាត់កម្ពុជា Cambodian All Stars ដែលបានប្រកួត ឈ្នះកីឡាបាល់ ទាត់ប្រទេសឡាវ Lao All Star (3-2) ក្នុងការប្រកួតជាលក្ខណៈមិត្តភាពនៅក្នុងគម្រប់ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ។ ខ្ញុំសូមចូលរួមលើកទឹកចិត្តដោយជូនមួយនាក់ $1,000 ដល់កីឡាករ និងក្រុមគ្រូបង្វឹកទាំងអស់ តាមរយៈ ឧត្តមសេនីយ សៅ សុខា”។
លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងយុវជនដែលបានចូលរួមគាំទ្រផ្តល់កម្លាំងចិត្តដល់ការប្រកួតជាលក្ខណៈអន្តរជាតិនេះផងដែរ៕