លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបញ្ចប់មុខងាររដ្ឋមន្រ្តីចំនួន៣រូបនិងផ្លាស់ប្តូររដ្ឋមន្រ្តីចំនួន៥រូប ឲ្យទៅដឹកនាំក្រសួងផ្សេងវិញ។ នេះបើយោងតាមសំណើរបស់នាយករដ្ឋមន្រ្តីដាក់ទៅរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
សំណើចុះថ្ងៃទី១៦ខែមីនា លោក ហ៊ុន សែន បានបញ្ជាក់ថាបញ្ចប់មុខងារ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស តាមសំណើរបស់សាមីឥស្សរជន ដោយរក្សាមុខងារជាឧបនាយករដ្ឋមន្រ្តីដដែល និងតែងតាំង លោក ប្រាក់ សុខុន ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជារដ្ឋមន្រ្តីក្រសួងការបរទស។ ចំណែកលោកត្រាំ អ៊ីវតឹក បច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ចូន ត្រូវផ្លាស់ប្តូរទៅជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ចំណែកលោក ស៊ុន ចាន់ថុល ដែលបច្ចុប្បន្នរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជំនួសលោក ត្រាំ អ៊ីវតឹក ហើយលោក ប៉ាន សូរស័ក្តិ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំងជារដ្ឋមន្រ្តីមន្រ្តីក្រសួងពាណិជ្ជកម្ម។
បើតាមសំណើនោះ លោកនាយករដ្ឋមន្រ្តីបានបញ្ចប់មុខងារ លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម តាមសំណើសាមីរបស់ឥស្សរជន ហើយតែងតាំងលោក ជា សុផារ៉ា ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់។
បើតាមសំណើនោះ នាយករដ្ឋមន្រ្តីបានសម្រេចបញ្ចប់មុខងាររដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក មិន ឃិន ដោយដាក់ជំនួសលោក ហ៊ឹម ឆែម អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទៅជារដ្ឋមន្រ្តីវិញ។ ចំណែកលោក មិន ឃិន ដែលត្រូវបានតែងតាំងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចបេសកកម្មពិសេស។
ចំណែកលោក វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជំនួសលោក អ៊ុក រ៉ាប៊ុន ដែលត្រូវផ្លាស់ប្តូរជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។
បើតាមសំណើនោះ ក៏មានការតែងតាំងមន្រ្តីចំនួន១១នាក់ទៅជារដ្ឋលេខាធិការតាមក្រសួងមួយចំនួនផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាការរុះរើគណៈរដ្ឋមន្រ្តីនេះ ដើម្បីធានា”ប្រសិទ្ធភាពការងារ” មិនមែនជា”កម្ចាត់ចោល”នោះទេ។ លោកបញ្ជាក់ថាដោយសាររដ្ឋមន្រ្តីមួយចំនួនបានដឹងពីការផ្លាស់ប្តូរ ក៏បានដាក់ពាក្យសុំលាឈប់ផងដែរ។
លោកបានស្នើរដ្ឋមន្រ្តីដែលបានដឹងខ្លួនថាទទួលការផ្លាស់ប្តូរ បន្តការងាររហូតដល់មានព្រះរាជក្រឹត្យពីព្រះមហាក្សត្រតែងតាំង។ លោកបញ្ជាក់ថាដំណើរការនេះគឺរង់ចាំរដ្ឋសភាបោះឆ្នោតហើយមានព្រះរាជក្រឹត្យតែងតាំងនិងពិធីផ្លាស់ប្តូរនិងតែងតាំងរដ្ឋមន្រ្តីថ្មី។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី(VOD)នៅព្រឹកថ្ងៃសុក្រនេះថារដ្ឋសភាមិនទាន់កំណត់កាលបរិច្ឆេតដើម្បីប្រជុំគណៈអចិន្ត្រៃយ៍នៃរដ្ឋសភានៅឡើយទេ ដោយលោកថាប្រធានរដ្ឋសភាលោក ហេង សំរិន កំពុងមានការងារមមាញឹក។ ទោះយ៉ាងណា លោកបន្តថាសភាបានយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលដែលស្នើយកថ្ងៃទី៤ ខែមេសា សម្រាប់ប្រជុំសភាពេញអង្គដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាភាពគណៈរដ្ឋមន្ត្រីថ្មីនេះរួចហើយ។
លោក ឡេង ប៉េងឡុង ឲ្យដឹងដែរថា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះត្រូវការសំឡេងគាំទ្រពីសមាជិកសភាចំនួន៥០ភាគរយបូក១ ហើយរដ្ឋមន្រ្តីដែលត្រូវផ្លាស់ប្តូរនិងមានតួនាទីជាតំណាងរាស្រ្តក៏អាចចូលរួមបោះឆ្នោតបានដែរ ដោយលោកបញ្ជាក់ថាជាតួនាទីពីរផ្សេងគ្នា។
អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាវាជារឿងល្អមួយដែលរដ្ឋាភិបាលបានបញ្ចប់មុខតំណែងរដ្ឋមន្ត្រីដែលមានវ័យចំណាស់មួយចំនួន ហើយលោកថាអ្នកកាន់តំណែងថ្មីជាមនុស្សវ័យក្មេងមានថាមពលនិងអាចធ្វើការបានរហ័សជាង។ ទោះយ៉ាងណា លោកថាការផ្លាស់ប្តូរតំណែងរបស់រដ្ឋមន្ត្រីពីក្រសួងចាស់ទៅកាន់ក្រសួងថ្មីនេះគឺជាការកំណែទម្រង់តិចតួចនៅឡើយ។ លោកថារដ្ឋាភិបាលគួរតែកាត់បន្ថយចំនួនសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួនឲ្យនៅតិចជាងនេះហើយក្រសួងនិងស្ថាប័នមួយចំនួនបានធ្វើការងារជាន់គ្នានិងមិនមានតួនាទីច្បាស់លាស់។
លោកមានប្រសាសន៍ថា៖ “ខ្ញុំថាក្រសួងស្រុកខ្មែរមានត្រឹម១៧អីល្មម ក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថានគួរតែចូលតែមួយ…មានក្រសួងផ្សេងទៀតគួរតែចូលតែមួយ…ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…លុបចោលតែម្តង ហើយប្រគល់តួនាតីនេះទៅក្រសួងពាណិជ្ជកម្មតែម្តងទៅវាចប់បាត់ទៅហើយ”។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកចំៗថាមានរដ្ឋមន្រ្តីយ៉ាងតិចចំនួនពីរក្រសួងដែលអសកម្មនឹងការងារជាងគេគឺរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្រ្តីក្រសួងកសិកម្មដែលទើបតែចូលកាន់អំណាចនៅអាណត្តិទី៥នេះគឺលោក អ៊ុក រ៉ាប៊ុន៕ ដោយ ស៊ុន ណារិន និងទូច សុខា