រឿង «ប្រាសាទកំបាំងមុខ» និទានពីជំនឿប្រាសាទតោនៅសំបូរព្រៃគុហ៍

ពិធីសម្ពោធ​ភាពយន្ត​រឿង «ប្រាសាទកំបាំងមុខ» កាល​ពី​ថ្ងៃ​ទី​១៨ ខែមីនា (រូបភាព៖ វង្ស សុម៉ាលីន)

ចាត់ទុកជាលើកទី១ ដែលផលិតករមួយរូបបានសម្រេចបោះទុនរហូតដល់ជាង១០ម៉ឺនដុល្លារថតរឿងពាក់ព័ន្ធនឹងជំនឿនៅប្រាសាទមួយក្នុងចំណោមប្រាសាទភាគច្រើនក្នុងសំបូរព្រៃគុហ៍ដែលមានអ្នកស្រុកជឿជាក់នៅឡើយ។ ខ្សែរឿងនេះក៏ត្រូវគេឃើញបំផុសឲ្យស្គាល់ពីក្បាច់គុនបុរាណខ្មែរ២ប្រភេទផ្សេងទៀតជាលើកដំបូងគឺក្បាច់គុនរបាំគ្រុឌនាគរាជ និងក្បាច់គុនក្វាមគិរីស្វរៈដែលត្រូវគេឃើញនៅតាមកន្សែងយ័ន្ត និងតាមសិលាចារឹក ផងដែរ។

លោក សែម វិសាល អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្ម Wonder Film Entertainment ដែលត្រូវគេស្គាល់ថាជាអ្នកសិក្សាស្វែងយល់ពីក្បាច់គុនបុរាណខ្មែរនោះផង បានអះអាងថា ក្រុមការងាររបស់លោកចំណាយពេលថតខ្សែរឿង «ប្រាសាទកំបាំងមុខ» រហូតដល់១ឆ្នាំ២ខែ មុននឹងអាចកំណត់ដាក់បង្ហាញជាសាធារណៈកាលពីថ្ងៃទី១៨ មីនាមុននេះនៅតាមរោងភាពយន្ត។ លោកថា នោះគឺដោយសារតែគ្រប់ឈុតឆាក និងសកម្មភាពវាយតប់របស់តួអង្គ សុទ្ធតែជាប់ពាក់ព័ន្ធនឹងការស្រាវជ្រាវ និងតម្រូវឲ្យតួអង្គហ្វឹកហាត់បន្ថែម។ លោកថា ខ្សែរឿងមួយនេះមានបង្កប់ឈុតឆាកវាយតប់ស្ទើរតែជាង៥០ភាគរយ ប៉ុន្តែក្បាច់គុនដែលយកមកប្រើគឺសុទ្ធតែថ្មី និងកម្រមានអ្នកស្គាល់អ្នកចេះទាំងអស់។

លោក សែម វិសាល មានប្រសាសន៍ថា៖ “រឿងហ្នឹងក្រៅពីមានលក្ខណៈព្រេងនិទានទាក់ទងនឹងប្រាសាទមួយនៅសំបូរព្រៃគុហ៍ យើងក៏តម្រូវតួអង្គចេះប្រើក្បាច់ថៃហុងជឺ ក្បាច់វឹងឈុន និងក្បាច់ខុងជឺរបស់ចិនដែលខ្មែរយើងកាលបុរាណគាត់ហាត់ដោយសារតែមានជនជាតិចិនចូលមក និងតម្រូវឲ្យចេះក្បាច់គុនឈ្មោះក្វាមគិរីស្វរៈ ដែលភាគច្រើនយើងឃើញគេចារនៅតាមកន្សែងយ័ន្តបិទមុខ និងក្បាច់គុនរបាំគ្រុឌនាគរាជដែលយើងឃើញនៅតាមជញ្ជាំងវត្ត ឬតាមប្រាសាទផងដែរ ទើបសកម្មភាពថតរបស់យើងមានភាពយឺតយ៉ាវជាងការដែលយើងធ្វើរឿងដោយចម្លងពីគេ ឬតាមលំនាំដែលគេមានស្រាប់”

លោក សែម វិសាល អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្ម Wonder Film Entertainment (រូបភាព៖ វង្ស សុម៉ាលីន)
លោក សែម វិសាល អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្ម Wonder Film Entertainment (រូបភាព៖ វង្ស សុម៉ាលីន)

លោក សែម វិសាល បានអះអាងថាខ្សែរឿង «ប្រាសាទកំបាំងមុខ» គឺនិយាយពីជំនឿកាលពីបុរាណកាល ពាក់ព័ន្ធនឹងប្រាសាទតោនៅសំបូរព្រៃគុហ៍ក្នុងខេត្តកំពង់ធំដែលលោកថា បច្ចុប្បន្ននៅតែមានអ្នកស្រុកជឿថាជាប្រាសាទដែលមានបារមីឃុំគ្រង និងមានអាថាន់កំបាំងបាត់នៅឡើយ បើទោះជាក្នុងសម័យទំនើបបែបហ្នឹងទៅហើយ។

លោកបានឲ្យដឹងដែរថា ជំនឿដែលអ្នកស្រុកនិទានយ៉ាងពេញនិយមពាក់ព័ន្ធប្រាសាទតោនោះគឺថា កាលពីព្រេងនាយ មានមេទ័ពម្នាក់មានកូនក្រមុំស្រស់ស្អាតដាច់គេ ហើយត្រូវបានកូនរបស់មន្ត្រីធំម្នាក់តាមចាប់។ ដោយភ័យខ្លាចកូនស្រីមានគ្រោះថ្នាក់ មេទ័ពជាឪពុកក៏បញ្ចុះអាថាន់បារមីនៅក្នុងសំលៀកបំពាក់របស់កូនស្រី ហើយបញ្ជូនឲ្យនាងរត់គេចខ្លួន។ បន្តបន្ទាប់មក នាងក៏ត្រូវគេដេញទាន់ក្នុងពេលគេចខ្លួន ហើយក៏រត់ទៅជ្រកក្នុងប្រាសាទតោនៅសំបូរព្រៃគុហ៍ ហើយដោយសារអាថាន់នៅជាប់នឹងសម្លៀកបំពាក់របស់នាងខ្លាំងក្លា ក៏ធ្វើឲ្យប្រាសាទតោកំបាំងបាត់មើលមិនឃើញ។ ចំណែកគូគូស្នេហ៍របស់នាងដែលជាមេទ័ពវ័យក្មេងម្នាក់ក៏ត្រូវកម្លាំងរបស់កូនមន្ត្រីអាក្រក់នោះសម្លាប់តាមផ្លូវ ហើយពួកគេនៅតែចាំព័ទ្ធស្ទាក់ត្រង់កន្លែងដែលនាងបាត់ខ្លួន។ ចំណេរតមក នាងក្រមុំក៏លាក់ខ្លួននៅក្នុងប្រាសាទនោះមិនហ៊ានចេញក្រៅនោះទេ គឺលុះត្រាតែទ័ពដែលចាំឃ្លាំមើលទៅអស់ទើបហ៊ានចេញក្រៅម្ដងម្កាល។

អ្នកគ្រប់គ្រងរូបនេះបន្តថា អ្នកស្រុកនៅសំបូរព្រៃគុហ៍បានប្រាប់លោកថា ប្រជាពលរដ្ឋភាគច្រើននៅតែជឿថាប្រាសាទតោជួនកាលក៏បានកំបាំងបាំង ជួនកាលក៏ឃើញនារីស្លៀកពាក់បុរាណអង្គុយនៅត្រង់ក្លោងទ្វារ ឬបោសប្រាសាទ ដោយសារតែការរង់ចាំបុរសជាគូស្នេហ៍ ដែលនាងមិនបានដឹងថាត្រូវកូនមន្ត្រីតាមស្រឡាញ់សម្លាប់។ លោកថា ដោយសារតែមានជំនឿនេះធ្វើឲ្យលោកចាប់អារម្មណ៍ ទើបលោកសម្រេចចិត្តធ្វើការសិក្សាស្រាវជ្រាវ ហើយយកមកផលិតជារឿងតែម្ដង ដោយបានទាំងបន្ថែមបន្ថយសាច់រឿង មកលាយឡំជាឈុតឆាកសម័យដើម្បីឲ្យមានភាពទាក់ទាញ។

លោកបន្ថែមថា៖ “ជំនឿហ្នឹងអ្នកមិនជឿគេថាសាបហើយ ប៉ុន្តែអ្នកស្រុកនៅតែថាប្រាសាទតោម្ដងឃើញម្ដងបាត់ ទើបយើងយកសាច់រឿងនិទានហ្នឹងមកធ្វើរឿងឲ្យកូនខ្មែរស្គាល់ផង ហើយយើងយកមករំលេចពីក្បាច់គុនដែលខ្ញុំស្រាវជ្រាវបាននៅក្នុងសម័យហ្នឹងយកមកថតបង្ហាញទៀត”។ លោកថា ខ្សែរឿងរបស់លោកបានកាឡៃឲ្យតួបុរសមេទ័ពកើតមកសម័យបច្ចុប្បន្ន ហើយបានទៅជួបតួស្រីនៅក្នុងប្រាសាទតោ និងកើតជារឿងរ៉ាវរាប់មិនអស់ពាក់ព័ន្ធនឹងទង្វើតាមយាយីរបស់កូនមន្ត្រីដែលតាមស្រឡាញ់នាងកាលពីអតីតកាល និងបងប្រុសរបស់មន្ត្រីដែលបានក្លាយខ្លួនជាគ្រូអាថាន់ខ្លាំងពូកែ។

ទោះយ៉ាងណា អ្នកគ្រងគ្រងផលិតកម្មរូបនេះបញ្ជាក់ថា លោកមិនរំពឹងពីផលចំណេញក្នុងការដាក់បញ្ចាំងរឿងនេះនោះទេ ប៉ុន្តែបានសង្ឃឹមថានឹងបានកេរ្តិ៍ឈ្មោះ ស្នាដៃ និងការសរសើរពីគុណភាពរបស់រឿង។ លោកថាអ្វីដែលលោកចង់បានគឺឲ្យកូនខ្មែរបានស្គាល់ពីជំនឿរបស់ប្រាសាទតោនៅសំបូរព្រៃគុហ៍ និងជាក្បាច់គុនបុរាណ២ប្រភេទផ្សេងទៀតដែលលោកថាលោកទើបនឹងស្រាវជ្រាវបានទើបគិតថាខ្សែរឿង«ប្រាសាទកំបាំងមុខ» ទោះខាតឬចំណេញក៏មិនជាបញ្ហា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ