ប្រធានគណបក្សប្រឆាំងបានព្យាយាមបង្ហាញទីតាំងមួយកន្លែងនៅក្រៅប្រទេសដែលលោកថា ទីតាំងនោះត្រូវបានគេបង្កើតគណនេយ្យហ្វេសប៊ុកក្លែងក្លាយ សម្រាប់រកប្រាក់ ខណៈលោកត្រូវបានគេប្តឹងមួយករណីទៀត ទាក់ទិនការរិះគន់ហ្វេសប៊ុកលោក ហ៊ុន សែន។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក របស់លោកនៅថ្ងៃទី ១៨ ខែមីនាថា នៅក្នុងប្រទេសឥណ្ឌា មានរោងជាងបង្កើត like ក្លែងក្លាយ (Click-Farm) សម្រាប់ជួលមនុស្សម្នាក់ដើម្បីបង្កើតគណនីក្លែងក្លាយ បានរាប់ពាន់ដើម្បីចុច likesសម្រាប់លក់។
លោក សម រង្ស៊ី ក៏បានបង្ហាញរូបភាពនៃចំនួនអ្នក like លើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដោយលោកថា ចំនួនអ្នក like នៅក្នុងប្រទេសឥណ្ឌាលំដាប់ទី២ បន្ទាប់ពីអ្នកlike នៅកម្ពុជា។
លោកសម រង្ស៊ី ក៏បានលើកឡើងដែរថា ថៅកែរោងជាងបង្កើត like ក្លែងក្លាយនេះ លោកថា អាចរកប្រាក់បានច្រើននៅលើទីផ្សារ។
ទោះជាយ៉ាងណា ក្រោយពីមានការិះគន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបដិសេធថា លោកមិនបានទិញLikesនៅលើហ្វេសប៊ុកនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមីនា លោកសោម សឿន បានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងលោកសម រង្ស៊ី។ ក្នុងពាក្យបណ្ដឹង រដ្ឋមន្ត្រីនោះបានចោទប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្លែងលិខិតនៅលើហ្វេសប៊ុកនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត។ លោកសោម សឿន បានសរសេរថា៖ “ការភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយថា Like មួយចំនួនធំដែលបង្ហាញលើទំព័រ Facebook របស់សម្តេចគឺបានមកពីការទិញឬជួលមនុស្សក្រីក្រដែលអត់ការងារធ្វើឲ្យបង្កើត Accounts Facebook (គណនេយ្យហ្វេសប៊ុក) ក្លែងក្លាយដើម្បីផ្តល់Likesសិប្បនិម្មិតក្លែងបន្លំជូនសម្តេច”។
លោកសោម សឿន បានចាត់ទុកថា ការបង្ហោះនៅលើហ្វេសប៊ុករបស់លោកសម រង្ស៊ី បានធ្វើឲ្យប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំជាតិនិងរូបលោកផ្ទាល់យ៉ាងធ្ងន់ធ្ងរ ដោយលោកស្នើទៅឲ្យតុលាការផ្តន្ទាទោសលោកសម រង្ស៊ី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល៕