អ្នកយកព័ត៌មានឲ្យទូរទស្សន៍BTV ប្រចាំខេត្ដសៀមរាប អះអាងថា ខ្លួនត្រូវបានសមត្ថកិច្ចវាយដំលើរាងកាយនៅកន្លែងត្រួតពិនិត្យចរាចរណ៍មួយកន្លែងកាលពីយប់មិញ។
លោក ល័យ វាសនា អះអាងថា ជាអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍BTV ឲ្យវីអូឌី(VOD)នៅថ្ងៃទី២០នេះថា កាលពីម៉ោង៩យប់ថ្ងៃ ទី១៩ ខែមិនានេះ កម្លាំងសមត្ថកិច្ចត្រួតពិនិត្យស្លាកលេខ និងគ្រឿងស្រវឹងនៅជិតព្រះអង្គចេកព្រះអង្គចម ឃាត់ខ្លួនលោកដើម្បីត្រួតពីនិត្យ។
លោក ល័យ វាសនា បន្តថា ពេលឃាត់នោះ លោកថា លោកបានបង់ប្រាក់ផាកពិន័យទៅលើម៉ូតូរបស់លោកដែលមិនបានបំពាក់ស្លាកលេខ។ ប៉ុន្តែថា នៅពេលឃាត់ម៉ូតូលោកនោះ លោកថា សមត្ថកិច្ចបានប្រើវត្ថុរឹងវាយគាត់ពីក្រោយច្រើនដង បង្កឲ្យគាត់មានស្នាមរបួសនៅលើដងខ្លួន។
អ្នកយកព័ត៌មានរូបនោះយល់ថា ការប្រើហិង្សាវាយដំលើរូបលោកនៅពេលនេះ លោកថា អាចជាការសងសិករបស់សមត្ថកិច្ច ដោយលោកថា កន្លងទៅលោកធ្លាប់រាយការណ៍ពីភាពមិនប្រក្រតីរបស់សមត្ថកិ្ចចពេលចុះធ្វើចរាចរណ៍ពេលយប់នេះ ដូចជាការជម្រិតទារប្រាក់ពីអ្នកធ្វើដំណើរជាដើម។
នាយការិយាល័យផ្នែកចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាបលោក ជឹម សុវណ្ណ បានច្រានចោលពីការចោទប្រកាន់នេះ ដោយលោកថា អ្នកសារព័ត៌មានរូបនោះតែងបង្កការលំបាកដល់សមត្ថកិច្ចដែលកំពុងអនុវត្ដច្បាប់ចរាចរណ៍។
អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្ដសៀមរាបលោក នូ ពុទ្ធិ មានប្រសសាសន៍ថា ការអនុវត្ដច្បាប់ បង្កឲ្យមានហិង្សាជាការរំលោភបំពានដល់ប្រជាពលរដ្ឋ។
មន្ត្រីសង្គមស៊ីវិលរូបនោះជំរុញឲ្យមន្ដ្រីអនុវត្ដច្បាប់ត្រូវមានភាពអត់ធ្មត់ និងមានក្រមសីលធម៌ខ្ពស់នៅពេលអនុវត្ដច្បាប់ ដែលលោកថា ធ្វើយ៉ាងណាឲ្យមជ្ឈដ្ឋាននានាមើលមកឃើញថា ទាំងពលរដ្ឋទាំងសមត្ថកចិ្ចស្ថិតនៅក្រោមដំបូលច្បាប់ដូចគ្នា។
យ៉ាងណាក៏ដោយ អ្នកសារព័ត៌មានដែលអះអាងថា បានរងការវាយដំពីកម្លាំងសមត្ថកិច្ចនេះ អះអាងថា រូបគេនឹងប្តឹងករណីនេះទៅស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់៕