ក្រុមអាជីវករ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃអាទិត្យនេះ បានធ្វើយុទ្ធនាការ ដើរហែរក្បួនលើកកម្ពស់ប្រាក់រៀលខ្មែរ ដោយអះអាងថា ខេត្តជាប់មាត់សមុទ្រ និងជាតំបន់ទេសចរណ៍មួយនេះ ការដោះដូរទំនិញពួកគេថា ប្រើប្រាស់តែប្រាក់ដុល្លារ ស្ទើតែមិនប្រើប្រាក់រៀលខ្មែរ។
បើតាមអ្នករៀបចំកម្មវិធី យុទ្ធនាការនោះ ពួកគេបានលើកជាបដាប្រាក់រៀល ពីមួយរយរៀល រហូតដល់ដប់ម៉ឺនរៀល ដែលពួកគេថា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា។
បើតាមអ្នកស្រី ចំរើន ច័ន្ទលីដា និងជាម្ចាស់ឱសថស្ថានចំរើន ចន្ទលីដា និងជាអ្នករៀបចំឲ្យមានយុទ្ធនាការនោះឲ្យដឹងថា ការដើរហែរក្បួននេះ ធ្វើឡើងក្នុងគោលបំណងជំរុញឲ្យប្រជាពលរដ្ឋខ្មែរ និងអាជីវករទាំងអស់នៅក្នុងក្រុងកំពង់សោម ងាកមកលើកតម្កើងនិង ប្រើប្រាស់ប្រាក់រៀលរបស់ខ្មែរវិញ។ អ្នកស្រីបន្ថែមថា ខេត្តជាប់មាត់សមុទ្រនិងជាតំបន់ទេសចរណ៍មួយនេះ បានរងឥទ្ធិពលពីភ្ញៀវបរទេសហើយចាយតែប្រាក់ដុល្លារស្ទើតែលែងចាយប្រាក់រៀលខ្មែរ។
អ្នកស្រី ចំរើន ច័ន្ទលីដា ឲ្យដឹងទៀតថាក្នុងយុទ្ធនាការនេះ មានការចូលរួមពីប្រជាពលរដ្ឋ និង អាជីវករប្រមាណជា ៣០០ នាក់ហើយការហែរក្បួននេះ បានធ្វើដំណើរចេញពីតោពីរទៅតាមផ្លូវ ៥០២ និង ដើរតាមផ្លូវឆ្នេរអូរឈើទាលមួយជុំទៀតទើបត្រឡប់មកវិញ។
គួរបញ្ជាក់ថា ការដើរហែរក្បួននេះ ធ្វើឡើងដើម្បីចូលរួមអបអរសាទរទិវាលើកទី៣៦ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ។
នៅរសៀលនេះដែរធនាគាជាតិកម្ពុជា សហការជាមួយសហគ្រិនវ័យក្មេង ក៏មានការរៀបចំប្រារព្ធទិវានេះនៅក្នុងទីក្រុងភ្នំពេញដែរ គឺដើម្បីរំឭកខួបនៃការដាក់ឱ្យចរាចរឡើងវិញព្រមទាំងដើម្បីបង្ហាញការគាំទ្រនិងលើកទឹកចិត្ត ឲ្យវិស័យឯកជន បង្កើនការ ប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការរបស់ខ្លួនដោយស្មារតីស្ម័គ្រចិត្តផងដែរ៕