នៅទីបំផុតការប្រកួតយ៉ាងស្វិតស្វាញរវាងកីឡាករកម្ពុជា យ៉េន ឌីណា និងកីឡាករ Soun Tepheap ដែលត្រូវគេស្គាល់ថាជាម្ចាស់ខ្សែក្រវាត់៣ស្ថាប័នមកពីប្រទេសថៃ គឺកីឡាករកម្ពុជាជាអ្នកឈ្នះពិន្ទុទាំងប្រផិតប្រផើយ។ ការប្រកួតរបស់ពួកគេ ត្រូវគេកត់សម្គាល់ថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី២០ ខែមីនា។
នេះជាការប្រកួតដែលមន្ត្រីសហព័ន្ធប្រដាល់កម្ពុជាបានរៀបចុះឲ្យ យ៉េន ឌីណា ម្ចាស់ ខ្សែក្រវាត់៣ស្ថាប័ននៅកម្ពុជា និងកីឡាករថៃ Soun Tepheap ដែលជាម្ចាស់ខ្សែក្រវាត់៣ស្ថាប័នដូចគ្នាប៉ះគ្នា ស្ទាបស្ទង់សមត្ថភាព។ ទោះជាការប្រកួតរបស់ពួកគេ មិនមែនប៉ះគ្នាដណ្ដើមយកក្រវ៉ាត់ ប៉ុន្តែកីឡាករទាំងពីរទាំងខាងកម្ពុជានិងខាងថៃសុទ្ធតែប្រឹងរៀងខ្លួន។ តាំងពីទឹកទី១រហូតដល់ទឹកចុងក្រោយ គេមិនឃើញកីឡាករយ៉េន ឌីណានិងSoun Tepheap ទុកដៃទុកជើងឲ្យទំនេរនោះទេ ដោយសូម្បីតែមុខ ដងខ្លួននិងជើងខាងក្រោយរបស់អ្នកទាំងពីរសុទ្ធតែក្លាយជាបាវសាក់សម្រាប់ទប់ស្នៀតដ៏ខ្លាំងក្លារបស់គ្នាទៅវិញទៅមក។
ក្នុងទឹកទី១ និងទី២ ម្ចាស់ខ្សែក្រវាត់៣ស្ថាប័នរបស់ថៃមានឱកាសយ៉ាងសន្ធាប់តែម្ដង ជាពិសេសបច្ចេកទេសអុកជង្គង់ក្នុងពេលចូលគៀកនិងម៉ាត់ធ្វេងស្ដាំ ធ្វើឲ្យយ៉េន ឌីណា ទប់មិនចង់ជាប់។ ក្នុងទឹកទី៣ កីឡាករថៃនៅតែបានរុលចូលបានល្អ ដោយគ្រាន់តែការវាយលុករបស់គេមិនសូវទទួលបានផ្លែផ្កាដូចមុននោះទេ។ នៅក្នុងទឹកនេះ ជើងខ្លាំងកម្ពុជាចាប់ផ្ដើមវាយប្ដូរហើយមានឱកាសវ័ធកែង ធ្វើឲ្យSoun Tepheap បែករយះចុងចិញ្ចើមបណ្ដាលឲ្យហូរឈាមដូចអារ។
អ្នកទស្សនាផ្ទាល់ដែលមានចំនួនណែនតាន់តាប់នៅក្នុងសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បានស្រែកសន្ធាប់យ៉ាងកងរំពង នៅពេលឃើញកីឡាករកម្ពុជាមានប្រៀបលើម្ចាស់ខ្សែក្រវាត់៣ស្ថាបន័ថៃនៅក្នុងទឹកនោះ។ យ៉ាងណាក៏ដោយកីឡាករថៃ Soun Tepheap បានប្រើបច្ចេកទេសវាយសម្លុតមកលើកម្ពុជា ដោយកាន់តែបែកឈាមកាន់តែត្រូវកែងកាន់តែរុលវាយចេញ។

ចុងទឹកទី៣ គេឃើញកីឡាករថៃវាយត្រូវកីឡាករកម្ពុជាយ៉ាងចាស់ដៃ ដោយកីឡាករថៃបានទាំងវាយបោកផ្ដួលកីឡាករយ៉េន ឌីណា ធ្វើឲ្យលោកអាជ្ញាកណ្ដាលពិបាកឃាត់ជាប់នោះផង។ រហូតដល់ពាក់កណ្ដាលទឹកទី៤ ទើបគេឃើញកីឡាករកម្ពុជាចាប់ផ្ដើមពង្រឹងជំហរបាននឹង ហើយស្ទុះសម្រុកវាយចូល ដើម្បីបំបាក់ស្មារតីរបស់កីឡាករថៃវិញ។ ជើងខ្លាំងយ៉េន ឌីណា វាយកាន់តែល្អថែមទៀតនៅចុងទឹកទី៤ និងពេញមួយទឹកទី៥ ដោយកីឡាករថៃមិនឃើញបញ្ចេញសកម្មភាពស្ទុះចូលទំាងកំរោលដោយភាពក្អេងក្អាងដូចមុនឡើយ។ កែងរបស់កីឡាករកម្ពុជាកាន់តែធ្វើឲ្យកីឡាករថៃបែករយះច្រើនកន្លែង ហើយអ្នកទស្សនាក៏កាន់តែបន្ទរសំឡេងហ៊ោកញ្ជ្រៀវសឹងនឹងលប់អស់សំឡេងភ្លេងប្រដាល់ និងការអត្ថាធិប្បាយរបស់ពិធីករ។ លទ្ធផលចុងក្រោយម្ចាស់ខ្សែក្រវាត់កម្ពុជា យ៉េន ឌីណា ជាអ្នកឈ្នះពិន្ទុ ប៉ុន្តែកីឡាករថៃក៏សម្ដែងអារម្មណ៍មិនសូវអស់ចិត្តផងដែរ ដោយសារតែនេះគឺការប្រកួតលើកទី១នៅកម្ពុជា ដែលធ្វើឲ្យគេអាម៉ាស់មុខ។
លោក រាជ សូផែន អ្នកគ្រប់គ្រងគណកម្មការប្រដាល់ប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថាកីឡាករថៃ Soun Tepheap មកប្រកួតនៅក្នុងប្រទេសកម្ពុជាចំនួន៣លើកមកហើយ ដោយលើក១ទីវាយឈ្នះម្ចាស់ជើងឯកកម្ពុជា មាស ច័ន្ទមាន និងលើកទី២វាយឈ្នះកីឡាករជើងខ្លាំងកម្ពុជា ពេជ្រ ម្ទេសខ្មាំង។ លោកថានេះ ការប្រកួតលើកទី១ ដែលកីឡាករកម្ពុជាវាយឈ្នះ ដែលមិនខុសពីសងសឹកឲ្យមិត្តរួមក្រុមផ្សេងទៀត ដែលធ្លាប់បរាជ័យយ៉ាងទក់សាច់ក្រោមដៃSoun Tepheap ។ យ៉ាងណាក៏ដោយ លោកថា យ៉េន ឌីណា បានជ័យជម្នះដោយវេទនាខ្លួនបំផុត ដោយលទ្ធផលដែលក្រុមអ្នកផ្ដល់ពិន្ទុប្រគល់ឲ្យក៏សឹងនឹងប្រផិតប្រផើយគ្នាផងដែរ ក្នុងលទ្ធផល៣ទល់នឹង២។ លោកថានេះជាការប្រកួតល្អមើលពេញ៥ទឹក ដែលកម្រគូប្រកួតអន្តរជាតិណាធ្វើបានដូចជំនួបរវាង យ៉េន ឌីណា និងSoun Tepheap ដែលសូម្បីតែគណៈកម្មការរបស់លោកក៏សរសើរថាពួកគេប្រកួតគ្នាចាញ់ឈ្នះដោយភាពជក់ចិត្តបំផុត។
គួរបញ្ជាក់ផងដែរថា កីឡាករ Soun Tepheap គឺជាម្ចាស់ខ្សែក្រវាត់៣ស្ថាប័ន ដោយខ្សែក្រវាត់មួយគឺជាកម្រិតពិភពលោកនោះផង។ គេធ្លាប់ប្រកួត៧៦លើក ឈ្នះ៦៣លើក ចាញ់១២លើក ស្មើ១លើក ក្នុងពេលដែលយ៉េន ឌីណា ក៏ជាម្ចាស់ខ្សែក្រវាត់៣ស្ថាប័នដូចគ្នានៅកម្ពុជា ធ្លាប់ប្រកួតបាន៦៨លើក ឈ្នះ៦៥លើកនិងចាញ់៣លើក។ នៅក្នុងព្រឹត្តិការណ៍នោះដែរ កីឡាករវ័យក្មេង ឯម ខ្លឹមស ប្អូនបង្កើតរបស់ជើងខ្លាំងឯម ខ្លឹមខ្មៅ បានត្រឹមតែកំដរកីឡាករថៃPhach Namneong ដល់ទឹកចុងក្រោយប៉ុណ្ណោះ ដោយសារបញ្ចប់ទឹកទី៥ គេចាញ់ពិន្ទុដាច់តែម្ដងក្រោមដៃកីឡាករថៃ៕