ក្រោយការបោះឆ្នោតឆ្នាំ២០១៣គណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងអំណាចជាង៣០ឆ្នាំមកនោះបានបាត់បង់អាសនៈអស់ចំនួន២២។
ការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាត្រូវអ្នកតាមដានសង្គមមើលឃើញថាអាចបណ្តាលមកពីបក្សកាន់អំណាចមួយនេះមិនអាចទប់ស្កាត់បាននូវអំពើពុករលួយ ការរំលោភដីធ្លី រំលោភសិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ បាត់បង់ធនធានធម្មជាតិ បញ្ហាព្រំដែន ភាពអត់ការងារធ្វើ ប្រាក់ខែមន្ត្រីរាជការតិចតួច ការផ្តល់សេវាយឺតយ៉ាវ បង្កការលំបាកដល់ប្រជាពលរដ្ឋជាដើម។
ម្យ៉ាងទៀតការបាត់បង់អសនៈចំនួន២២របស់បក្សកាន់អំណាចនេះ អ្នកវិភាគយល់ថាក៏ជាផ្នែកមួយនៃការបង្រួបបង្រួម របស់បក្សប្រឆាំង។
ប៉ុន្តែនៅពេលថ្មីៗនេះនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានធ្វើកំណែទម្រង់ស្ថាប័នរដ្ឋមួយចំនួន ដោយរុះរើសមាជិកគណៈរដ្ឋមន្ត្រីខ្លះ។
ការរុះរើនោះលោក ហ៊ុន សែន បានសម្រេចផ្លាស់ប្តូរតួនាទីមន្ត្រី២៤រូប ពីក្រសួងចំនួន៨ និងបញ្ចប់មុខងារ លោក ហោ ណាំហុង ជារដ្ឋមន្ត្រីក្រសួងការបរទេស បញ្ចប់មុខងារ លោក គាត ឈន់ ជាឧបនាយករដ្ឋមន្ត្រីប្រចាំការ ផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន ទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ និងតែងតាំងលោក ជា សុផារ៉ា ធ្លាប់កាន់ក្រសួងអភិវឌ្ឍន៍ជនបទ មកជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ជាដើម។
ការធ្វើកំណែទម្រង់នេះលោក ហ៊ុន សែន ធ្លាប់អះអាងថាជាវិធានការចាំបាច់របស់រដ្ឋាភិបាល។
តើការធ្វើកំណែទម្រង់នេះអាចធ្វើឲ្យបក្សកាន់អំណាចស្តាប្រជាប្រិយភាពវិញបានទេ?
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា វិភាគថាការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលពេលនេះ លោកថាមិនអាចទាក់ទាញប្រជាប្រិយភាពបានច្រើនទេដោយលោកថាមន្ត្រីដែលលោក ហ៊ុន សែន ធ្លាប់ថាជាមនុស្សស្ពឹកស្រពន់ នៅទុកឲ្យបន្តកាន់ការងារក្នុងស្ថាប័នរដ្ឋដដែល។
លោក ឯម សុវណ្ណរ៉ា វិភាគទៀតថាកំណែទម្រង់នេះរដ្ឋាភិបាលហាក់មើលរំលងពីការធ្វើកំណែទម្រង់នៅថ្នាក់ក្រោមជាតិ ដែលលោកថាបញ្ហាជាច្រើនរបស់ពលរដ្ឋនៅថ្នាក់មូលដ្ឋានដូចការធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសេវាតម្រូវការចាំបាច់មួយចំនួនទៀត លោកថាក្រសួងមហាផ្ទៃមិនទាន់ធ្វើឲ្យបានប្រសើរនៅឡើយ។
លោកបន្តថា៖ “គណៈរដ្ឋមន្ត្រីវាជាគោលដៅសំខាន់ហើយ ប៉ុន្តែមន្ត្រីថ្នាក់ជាតិទាំងអស់យើងមើលក្រសួងមហាផ្ទៃបើយើងនិយាយថាអត់មានការរុះរើអត់មានពាក់ព័ន្ធទេ។ ប៉ុន្តែប្រជាពលរដ្ឋយើងនៅថ្នាក់ក្រោមអត់សូវសប្បាយចិត្តទៅនឹងទម្រង់បែបបទនៃការធ្វើការងារថ្នាក់ក្រោមជាតិដូចជាការធ្វើប័ណ្ណ សៀវភៅគ្រួសារ កន្លែងខ្លះធ្វើបានល្អ កន្លែងខ្លះក៏អត់ទាន់បានដែរ យើងកុំនិយាយសង្កាត់ដែលគណបក្សកាន់អំណាចចាញ់ឆ្នោតសូម្បីតែសង្កាត់ដែលគណបក្សកាន់អំណាចឈ្នះឆ្នោតហ្នឹងក៏អត់ទាន់ធ្វើឲ្យដែរបាទ”។
អ្នកប្រឹក្សាយោបល់ឯករាជ្យលោកបណ្ឌិត ចាន់ វិបុល បង្ហាញពីការសាទរទៅនឹងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាល។ ប៉ុន្តែលោកថាកំណែទម្រង់នេះហាក់ធ្វើឡើងបញ្ច្រាសទិសទៅនឹងក្របខណ្ឌអភិបាលកិច្ចបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលលោកថាគេតម្រូវឲ្យបញ្ជូនធនធានមនុស្សនិងការផ្តល់អំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់។
លោកបណ្ឌិត ចាន់ វិបុល វិភាគថាកំណែទង្រង់របស់រដ្ឋាភិបាលនៅពេលនេះលោកថាជាការទាញប្រយោជន៍នយោបាយ ច្រើនជាង។
លោកថា៖ “កំណែទម្រង់នេះខ្ញុំមើលឃើញមិនមែនជាការផ្លាស់ប្តូរទេ តែជាការពង្រីកចំនួនស្ថាប័នមានន័យថាមនុស្សមួយចំនួនដែលអស់កន្លែងដែលត្រូវទៅហើយ ទៅអង្គុយម្តុំរើសមនុស្សដែលគាត់អត់មានមុខងារពីមុនហ្នឹងយកមកដាក់។ ខ្ញុំឃើញមានចំនុចល្អ ប៉ុន្តែពាក្យដែលខ្ញុំប្រើគឺខ្មែរយើងថាយុទ្ធសាស្ត្រមួយហៅថាស្តាយនិយមមានន័យថាលោកធ្វើយ៉ាងម៉េចគ្រប់គ្រងយន្តការដើម្បីរក្សាកម្លាំងរបស់អ្នកដែលត្រូវតែទៅហើយតែយើងទប់អំណាចហើយ យើងដាក់មនុស្សមកបន្ថែម ដើម្បីបំប៉ោងការដឹកនាំទៅវិញ។ អញ្ចឹងខ្ញុំឃើញថាការដើរនេះហាក់បីដូចជាបញ្ច្រាសនយោបាយ”។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាបើការរុះរើគណៈរដ្ឋមន្ត្រីនៅពេលនេះធ្វើឡើងតាមខ្សែរយៈបក្ខពួកឬគ្រួសារនិយមទៀតនោះ លោកថារដ្ឋាភិបាលរិតតែពិបាកស្តាប្រជាប្រិយភាពរបស់ខ្លួនឡើងវិញជាងពេលមុនៗទៅទៀតដោយលោកថាកំណែទម្រង់នេះធ្វើឲ្យមនុស្សមួយភាគធំក្នុងសង្គមមិនទទួលបានយុត្តិធម៌។
លោកបន្ថែមថា៖ “បើយើងពិនិត្យមើលប្រព័ន្ធដឹកនាំរបស់រដ្ឋនៅក្នុងប្រទេសរបស់យើងនេះគឺវាចេញពីបក្ខពួកនិយមនិងគ្រួសារនិយម ហើយនៅក្នុងស្ថានភាពបែបនេះទោះបីជាកំណែទម្រង់ពីឋានព្រះឥន្ទមកក៏កែអត់ចេញដែរ ព្រោះដោយសារអី ដោយសារបក្ខពួកនិយមនិងគ្រួសារនិយមហ្នឹងមិនអាចយកវិធានការច្បាប់ណាមួយទៅដាក់ឲ្យវាក្តៅ ហើយរកយុត្តិធម៌នៅក្នុងប្រព័ន្ធហ្នឹងបានទេ”។
ទោះជាយ៉ាងណាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា វិភាគដែរថាការបាត់បង់អាសនៈក្នុងសភាកន្លងទៅបង្ហាញថាប្រជាពលរដ្ឋបានដកសេចក្តីទុកចិត្តពីបក្សកាន់អំណាចដ៏យូរមួយនេះ។ លោកថាដើម្បីស្តាប្រជាប្រិយភាពឡើងវិញបានបក្សកាន់អំណាចត្រូវប្រឹងរត់ជាងនេះដោយធ្វើយ៉ាងណាឲ្យយុវជនដែលមានសិទ្ធិបោះឆ្នោតពី៦០ទៅ៧០ភាគរយនេះមានការងារធ្វើ ធ្វើឲ្យជីវភាពរបស់នៅរបស់ពលរដ្ឋមន្ត្រីរាជការមានការប្រែប្រួលដែលគួឲ្យទុក្ខចិត្តពីម្ចាស់ឆ្នោតបាន។
លោកថា៖ “ទី២របៀបរបបនៃការរស់នៅរបស់គាត់ហ្នឹងមានអីប្រែប្រួលទេ បើអត់ទេធ្វើឲ្យទឹកចិត្តដែលគាត់លែងគាំទ្រហ្នឹង វាអាចទាញមកវិញបានកម្រិតណាព្រោះគាត់បានបាក់ទឹកចិត្តយូរឆ្នាំហើយ ហើយអាការធ្វើរបស់យើងទើបនឹងបាន១ឆ្នាំ២ឆ្នាំ វាមិនទាន់លួងចិត្តគាត់បានគ្រប់គ្រាន់ទេ។ អញ្ចឹងការស្តាប្រជាប្រិយភាពហ្នឹងវាត្រូវការសន្ទុះឲ្យមានការខិតខំឲ្យមានការប្រែប្រួលខ្លាំងបន្តិចបើថានៅក្នុងកម្រិតនេះមិនទាន់ទេគេហៅថាមិនទាន់ធានានូវការគាំទ្រនិងស្តាប្រជាប្រិយភាពបានឡើងវិញទេខ្ញុំមិនទាន់ជឿជាក់ទេបាទ”។
យ៉ាងណាក៏ដោយទាំងអ្នកវិភាគនយោបាយនិងអ្នកស្រាវជ្រាវសង្គមព្រមានថាពលរដ្ឋនឹងជ្រើសរើសយកមេដឹកនាំថ្មីនៅពេលខាងមុខ បើបក្សកាន់អំណាចបច្ចុប្បន្នមិនធ្វើឲ្យប្រព័ន្ធយុត្តិធម៌ឯករាជ្យ ធានាពីសេរីភាពបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស ការរំលោភយកដីធ្លី និងអំពើពុករលួយជាដើមនោះ៕