មន្ត្រីសង្គមស៊ីវិលថាជម្លោះដីធ្លីនៅខេត្តជាប់ឆ្នេរសមុទ្រកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ

សន្និសីទសារព័ត៌មានមួយស្តីពីបញ្ហាទំនាស់ដីធ្លីនៅតំបន់ខេត្តជាប់ឆ្នេរសមុទ្រទាំង៤

ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាដីធ្លីលើកឡើងថា ស្ថានភាពជម្លោះដីធ្លីនៅតាមខេត្តជាប់ឆ្នេរសមុទ្រកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ ដោយអះអាងថា ជម្លោះដីធ្លីនៅក្នុងខេត្តទាំងនេះប៉ះពាល់ដីប្រជាពលរដ្ឋទំហំជិត៥ម៉ឺនហិកតា។

នៅព្រឹកថ្ងៃចន្ទនេះ អង្គការចំនួន៨បានធ្វើសន្និសីទសារព័ត៌មានមួយស្តីពីបញ្ហាទំនាស់ដីធ្លីនៅតំបន់ខេត្តជាប់ឆ្នេរសមុទ្រទាំង៤គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និងខេត្តកែប។

ថ្លែងក្នុងសន្និសីទនេះ ប្រធានផ្នែកដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ឡាត់ គី មានប្រសាសន៍ថា វិវាទដែលកើតមានកន្លងមកមិនមានការប្រើប្រាស់យន្តការសមភាពរវាងសហគមន៍ និងក្រុមហ៊ុននោះទេ ដោយលោកអះអាងថា កត្តានេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ “ការវាយតម្លៃផ្នែកបរិស្ថានេះមិនបានធ្វើនៅក្នុងអំឡុងពេលបច្ចុប្បន្នភាព ហើយចំណុចទី២គឺការវាយតម្លៃពីផលប៉ះពាល់ផ្នែកសង្គមហ្នឹងគឺធ្វើមិនតម្លាភាព និងគណនេយ្យភាពចំពោះអ្នកភូមិដែលប្រកបមុខរបររស់នៅទីនោះ ហើយជាពិសេសអត់បានគិតគូរទាល់តែសោះអំពីបញ្ហាកត្តាជីវភាព ដែលពួកគាត់ហ្នឹងភាគច្រើនប្រកបមុខរបរនេសាទ និងរត់អូប័រ(ទូកល្បៀនលឿន)”

ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាសាខាខេត្តព្រះសីហនុ លោក សុខ សុខុម មានប្រសាសន៍ថា ក្រុមហ៊ុនដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាខេត្តទាំង៤នោះមានដូចជាក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនយីជា ក្រុមហ៊ុនសុខា ឌីវេឡុបមេនគ្រុប ក្រុមហ៊ុនឋានសួគ៌ ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត។ លោកបន្ថែមថា បើទោះជាមានការអន្តរាគមន៍ពីរដ្ឋាភិបាល តែហាក់មិនមានប្រសិទ្ធភាពក្នុងការដោះស្រាយដដែល។

លោក សុខ សុខុម មានប្រសាសន៍ថា៖ “អាជ្ញាធរខេត្តបានចេញលិខិតបង្គាប់ការបង្កើតក្រុមការងារឲ្យចុះដំណើរការវាស់វែង និងកំណត់ចំនួនដីក្នុងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋហើយ ប៉ុន្តែលិខិតហ្នឹងតាំងពីជំនាន់ឯកឧត្តម ឈិត សុខុន រហូតហើយមកដល់ឯកឧត្តម យន់ មីន ទៀត។ បានតែបង្កើតទេ ការអនុវត្តអត់មានមានទៅមុខប្រសិទ្ធភាពនៅឡើយទេ”

ប្រជាសហគមន៍រស់នៅខេត្តកំពត អ្នកស្រី ដួង ឃាង លើកឡើងថា ចាប់តាំងពីក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការអភិវឌ្ឍតាមតំបន់ឆ្នេរពីរដ្ឋាភិបាលមកបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

អ្នកស្រីមានប្រសាសន៍ថា៖ “បណ្តាលឲ្យអ្នកខ្លះចាកចេញពីលំនៅស្ថានទៅធ្វើការនៅប្រទេសគេនាំកូននាំចៅទៅ ហើយអ្នកខ្លះក៏តស៊ូនៅធ្វើហ្នឹង ហើយខាងខ្ញុំអត់មានដីធ្វើស្រែទេ រស់នៅដោយសារសមុទ្រតែឥឡូវបែកបាក់ ហើយសមុទ្រហ្នឹងមានអ្នកនៅរក ប៉ុន្តែរកដោយថាគ្នាទៅឆ្ងាយមានដើមទុន បើអត់ទេគ្នាចងការខាងធនាគារ ចឹងពេលចងការខាងធនាគារមក អាអត់លុយបង់ធនាគារហ្នឹងក៏រត់ចោលចំណាកស្រុកទៅ ធ្វើឲ្យកូនចៅជំនាន់ក្រោយរបស់គាត់ហ្នឹងខ្លះណាអត់បានរៀនសូត្រទេ”

ប្រជាសហគមន៍បានអំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាទាំងនេះ ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការប្រកបរបរចិញ្ចឹមជីវិត។
បើតាមសង្គមស៊ីវិល និងប្រជាសហគមន៍អះអាងថា មូលហេតុដែលធ្វើឲ្យមានបញ្ហាដីធ្លីកាន់តែច្រើន គឺដោយសារមានកំណើនការអនុវវត្តគម្រោងវិនិយោគ អភិវឌ្ឍន៍ក្រោមរូបភាពសម្បទានសេដ្ឋកិច្ច ការជួលទីតាំងអចិន្ត្រៃយ៍ និងជួលកោះទៅឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក និងបរទេសដើម្បីវិនិយោគ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បាននៅឡើយទេ ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។

លោក ឡាត់ គី បណ្ដឹងជាក់ស្ដែងពាក់ព័ន្ធនឹងជម្លោះដីធ្លីក្នុងខេត្តជាប់ឆ្នេរសមុទ្រដែលសមាគមអាដហុកទទួលបានត្រឹមឆ្នាំ២០១៥ មាន៤១ករណី ប៉ះពាល់ប្រជាពលរដ្ឋចំនួន៤១១២គ្រួសារ លើផ្ទៃដីទំហំ៤៨,៥៩៣ហិកតា ដែលរហូតមកដល់ពេលនេះមិនទាន់ទទួលបានការដោះស្រាយនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ