បែលស៊ិក​ថាជនសង្ស័យ​ក្នុង​ការវាយ​ប្រហារ​នៅ​ប៉ារីស​​បាន​រៀបចំ​ផែនការ​វាយប្រហារ​ផ្សេង​ទៀត​

ជន​សង្ស័យ​​ Salah Abdeslam​ (រូបភាពពី AFP)

រដ្ឋមន្ត្រី​ការបរទេស​បែលស៊ិក​លើកឡើង​ថា ជនសង្ស័យ​ក្នុង​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​២០១៥ ​បាន​រៀបចំផែនការ​ធ្វើ​ការ​វាយប្រហារ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​បែលស៊ិក​មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​។

ក្នុង​ប្រតិបត្តិការវាយឆ្មក់​របស់​អាជ្ញាធរ​​កាល​ពី​ថ្ងៃ​សុក្រសប្ដាហ៍​មុន ជនសង្ស័យ​សំខាន់​ម្នាក់​ឈ្មោះ Salah Abdeslam និង​ក្រុម​មនុស្ស​សង្ស័យ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​។ លោក Salah Abdeslam កំពុង​ត្រូវ​ឃុំ​ខ្លួន និង​​សួរ​ចម្លើយ​ក្នុងពន្ធនាការ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​មួយ​នៅ​​ប្រទេស​បែលស៊ិក​។

បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ចុះ​ផ្សាយ​ថា រដ្ឋមន្ត្រីការបរទេស​បែលស៊ិក លោក Didier Reynders  បាន​ថ្លែង​ប្រាប់វេទិកាមួយ​ស្ដី​ពី​គោលនយោបាយ​អន្តរជាតិ​ថា ​ជន​សង្ស័យ​​ Salah Abdeslam បាន​ត្រៀមខ្លួន​រួចជា​សម្រេច​ក្នុង​ការចាប់​ផ្ដើម​​ធ្វើ​អ្វី​មួយជា​ថ្មី​នៅ​ក្នុង​ទីក្រុង​ព្រុចសែស​។​ លោក​ថា អ្វី​ដែល​លោក​បាន​លើកឡើង​គឺ​យោង​តាម​​ព័ត៌មានដែល​ទទួល​បាន​ចាប់​តាំង​ពី​ចាប់​ខ្លួន Salah Abdeslam បាន​ភ្លាម​មក​ម្លេះ​។

លោក Reynders បន្ថែម​ថា អាជ្ញាធរ​បាន​រក​ឃើញអាវុធ​ជា​ច្រើន រួម​មាន​ទាំង​អាវុធ​ធុន​ធ្ងន់ ហើយ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​បឋម លោក​ថា​អាជ្ញាធរ​ក៏​បាន​រក​ឃើញបណ្ដាញ​ភេរវកម្ម​ថ្មី​នៅក្នុង​ទីក្រុង​ព្រុចសែល​ផងដែរ​។

រដ្ឋអាជ្ញា​បារាំង​លោក ហ្វ្រង់ស័រ ម៉ូឡាំង (Francois Molins) បានឲ្យ​ដឹង​ថា ជន​សង្ស័យ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដោយ​រូប​គេ​បាន​ឆ្លើយ​ប្រាប់​ក្រុម​អ្នក​សួរ​ចម្លើយ​ថា ក្នុង​ការ​វាយប្រការ​ក្រុង​ប៉ារីស ដើមឡើយ​ រូប​គេ​គ្រោង​បំផ្ទុះ​ខ្លួន​ឯង​នៅ​កីឡាដ្ឋាន Stade de France ប៉ុន្តែ​ក្រោយ​មក​រូប​គេ​បាន​ផ្លាស់​ប្ដូរ​ចិត្ត​។ លោក Salah Abdeslam ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​ភេរវកម្ម។​

គួរ​រំឭក​ថា ការ​វាយ​ប្រហារដោយ​កាំភ្លើង និង​គ្រាប់​បែក​អត្តឃាត​​នៅ​ទីក្រុង​ប៉ារីស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​សម្លាប់​មនុស្ស​អស់​១៣០​នាក់ និង​រាប់សិប​នាក់​ផ្សេង​ទៀត​បាន​រង​របួស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ