អង្គភាពប្រឆាំងអំពើពុករលួយពិចារណាចាត់ការពាក្យបណ្ដឹងប្រឆាំងលោក កឹម សុខា

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ប្រកាសថា អង្គភាពនឹងធ្វើកោសលវិច័យសំឡេងខ្សែអាត់ដែលត្រូវគេអះអាងថាជាសំឡេងសារសងគ្នារវាងលោក កឹម សុខា ជាមួយនារីកំណាន់ចិត្ត ដោយលោកថា ក្រោយបានលទ្ធផល អង្គភាពនឹងប្រជុំពិភាក្សាម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ដើម្បីសម្រេចថាត្រូវចាត់ការឬមិនចាត់ពាក្យបណ្ដឹងរបស់យុវជនមួយក្រុមប្រឆាំងលោក កឹម សុខា។

ក្នុងកិច្ចប្រជុំពិភាក្សាមួយនៅអង្គភាពប្រឆាំងអំពើរលួយនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីវិភាគទៅលើពាក្យបណ្ដឹងរបស់ក្រុមយុវជនដែលប្ដឹងលោក កឹម សុខា ករណីចោទប្រកាន់រឿងអាស្រូវស្នេហា លោក ឱម យ៉ិនទៀង បានមានប្រសាសន៍ថា ខ្សែអាត់សំឡេងដែលត្រូវគេអះអាងថាជាសំឡេងលោក កឹម សុខា នោះគឺជាធាតុផ្សំសំខាន់ជាងគេនៅពាក្យបណ្ដឹងរបស់ក្រុមយុវជន។ លោកបានបញ្ជាទៅនាយកដ្ឋានកោសលវិច័យនៃអង្គភាពនេះឲ្យធ្វើកោសលវិច័យលើសំឡេងខ្សែអាត់ដែលត្រូវ​បានផ្សព្វផ្សាយតាមបណ្ដាញ​សង្គម និង​សារព័ត៌មាន។

លោក ឱម យ៉ិនទៀង បន្តថា ប្រសិនបើលទ្ធផលបង្ហាញថាសំឡេងនោះពិតជាសំឡេងរបស់លោក កឹម សុខា នោះអង្គភាពនឹងធ្វើការវិភាគទៅលើអត្ថន័យនៃសំឡេងខ្សែអាត់នោះថាមានតម្រុយអំពើពុករលួយឬទេ។ លោកថា អង្គភាពក៏នឹងប្រមូលភស្តុតាងពីប្រភពផ្សេងៗទៀតផងដែរ ដើម្បីប្រជុំសម្រេចនៅថ្ងៃព្រហស្បតិ៍លើពាក្យបណ្ដឹងនោះ។

លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា៖ “នាយកដ្ឋានបច្ចេកទេសរបស់យើងខ្ញុំ កោសល្យវិច័យយើងខ្ញុំជាអ្នក គេធ្វើ(កោសល្យវិច័យសំឡេង)ទៀត នាយកដ្ឋានចារកម្មនឹងផ្ដល់ឯកសារចាស់មកឲ្យយើងខ្ញុំថែមទៀត។ យើងខ្ញុំនឹង បានន័យថា នៅភាគបន្តការពិភាក្សានៅឡើយ ហើយថ្ងៃខានស្អែក (ថ្ងៃព្រហស្បតិ៍) អាចជូនថាយើងខ្ញុំទទួលទេ បើយើងខ្ញុំទទួល ទទួលធ្វើត្រឹមណា? យើងខ្ញុំនឹងឆ្លើយជាផ្លូវការទៅម្ចាស់បណ្ដឹងដោយមិនលាក់លៀមជាមួយសារព័ត៌មានទេ ថាយើងខ្ញុំទទួលឬមិនទទួល ហើយបើទទួលយើងខ្ញុំធ្វើអីខ្លះ”

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន យុវជនមួយក្រុមមានគ្នាប្រមាណ៣០នាក់ដែលអះអាងថាជានិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជន បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយក្រុមយុវជនអះអាងថាពួកគេសង្ស័យថា លោក កឹម សុខា បានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធអំពើពុករលួយ៕ ដោយលោក អុិត សូធឿត និង​កញ្ញា ខាន់ លក្ខិណា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered