អ្នកវិភាគថាសភាធ្វើឲ្យពលរដ្ឋអស់ជំនឿពេលចេញលិខិតឲ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់

អ្នកវិភាគមួយចំនួនរិះគន់រដ្ឋសភាដែលចេញលិខិតមួយច្បាប់ឲ្យប្រធានស្តីទីគណបក្សសង្គ្រោះជាតិបំភ្លឺរឿងខ្សែអាត់សំឡេងដែលនិស្សិតមួយក្រុមសង្ស័យថាជាសំឡេងលោក កឹម សុខា សន្ទនាសេ្នហាជាមួយនារីម្នាក់ ដោយក្រុមអ្នកវិភាគយល់ថា ទង្វើនេះនឹងធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើស្ថាប័នមួយនេះ។

អនុប្រធានទី២នៃរដ្ឋសភា លោក ងួន ញ៉ិល តាមរយៈលិខិតមួយចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ បានស្នើឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បំភ្លឺរឿងញត្តិរបស់យុវជនមួយដែលស្នើឲ្យលោក កឹម សុខា បកស្រាយទាក់ទងនឹងរឿងអាស្រូវស្នេហាតាមខ្សែអាត់សំឡេងដែលត្រូវបានទម្លាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាវាជារឿអស់សំណើចមួយដែលរដ្ឋសភាចេញលិខិតឲ្យ លោក កឹម សុខា បំភ្លឺរឿងនេះ ដោយលោកថារឿងនេះមិនមែនជារឿងខុសច្បាប់។ លោកចាត់ទុកទង្វើរបស់សភាថាជារឿងនយោបាយសុទ្ធសាធ។ លោកឲ្យដឹងដែរថា កន្លងមកមានញត្តិរបស់ប្រជាពលរដ្ឋជាច្រើនទាក់ទងនឹងទំនាស់ដីធ្លី និងបញ្ហាធនធានធម្មជាតិ ជាច្រើនទៀតដែលរដ្ឋសភាមិនទាន់បានចាត់វិធានការនៅឡើយ ហើយលោកថាសភាគួរយកចិត្តទុកដាក់លើរឿងទាំងនេះ ជាជាងរឿងរបស់លោក កឹម សុខា។

លោកបន្ថែមថា៖ “ខ្ញុំមើលទៅប្រជាពលរដ្ឋគេនឹងមិនសប្បាយចិត្តនឹងសភាទេ ព្រោះអីឆ្លុះបញ្ចាំងសភាបានយកចិត្តទុកដាក់រឿងអត់បានការ ដល់(ទៅ)រឿងបានការមួយគំនរអត់ចាត់ការ…បើសិនជាសភាចង់ចាប់ផ្តើមធ្វើម៉េចកំណែទម្រង់ខ្លួន សភាត្រូវយកចិត្តទុកដាក់បញ្ហាជាតិ មិនមែនបញ្ហាបែបនេះទេ អ៊ីចឹងវាបង្ហាញកាន់តែធ្ងន់ធ្ងរថាសភាមិនជាកន្លែងបែបនេះទេ”

ប្រហាក់ប្រហែលគ្នានេះដែរ អ្នកវិភាគពីបញ្ហាសង្គម លោក មាស នី លើកឡើងថា សភាចេញលិខិតឲ្យលោក កឹម សុខា បំភ្លឺរឿងខ្សែអាត់សំឡេងនេះ ហាក់ដូចជាសភាជាតួល្ខោនមួយដែលបានរៀបចំទុកសម្រាប់សម្តែង។

លោកបន្ថែមថា៖ “យើងដឹងថា ល្ខោនហ្នឹងបានរៀបចំឲ្យតួទាំងអស់ហ្នឹងត្រូវដើរជាមួយគ្នា អ៊ីចឹងយើងអត់បាច់សង្ស័យទេ យើងឃើញសូម្បីតែឱកាសដែលក្រុមនិស្សិតនេះកំពុងធ្វើសកម្មភាព សម្តេចនាយក(រដ្ឋមន្ត្រី)ក៏មានឯកសារទាំងអស់ហ្នឹងនៅក្នុងដៃដែរ វាមិនមែនរឿងអីយើងសង្ស័យថារឿងល្ខោននេះគេបានរៀបចំទេ ហើយយន្តការទាំងអស់នៅជុំវិញរឿងហ្នឹងក៏បានត្រៀមលក្ខណៈជួយរួចស្រេចទៅហើយ”

លោក មាស នី យល់ថាស្ថានការនយោបាយសព្វថ្ងៃនេះ គណបក្សកាន់អំណាចប្រហែលជាកំពុងដាក់សម្ពាធឲ្យគណបក្សសង្គ្រោះជាតិទទួលយកលក្ខខណ្ឌណាមួយពីគណបក្សប្រជាជនកម្ពុជា។

កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីចូលសណ្ឋាគារមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយ តែមជ្ឈដ្ឋានជាច្រើនគិតថាលោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានរឿងអាស្រូវស្នេហា។

ដោយឡែកទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញខាងអភិបាលកិច្ច និងលទ្ធិប្រជាធិបតេយ្យ លោក ចាន់ វិបុល យល់ថាការឆ្លើយតបរបស់សភាទៅនឹងញត្តិរបស់យុវជនបានឆាប់រហ័សបែបនេះជារឿងល្អមួយរបស់រដ្ឋសភា ដោយលោកថារដ្ឋសភាគួរ តែបន្តយករឿងរ៉ាវផ្សេងទៀតរបស់ប្រជាពលរដ្ឋទៅចាត់ការឲ្យបានលឿនដូចគ្នាអ៊ីចឹងដែរ។ ទោះយ៉ាងណា លោកថា វិធានការរបស់សភាចំពោះករណីរបស់លោក កឹម សុខា នេះហាក់មានឥទ្ធិពលនយោបាយនៅជាមួយ ដោយលោកថាវាអាចធ្វើឲ្យសភាបាត់កិត្យានុភាពរបស់ខ្លួនផងដែរ។

លោកបន្ថែមថា៖ “សង្គមនឹងចាប់ផ្តើមយល់ថា សភាហ្នឹងធ្វើការងារសម្រាប់តែគណបក្សនយោបាយទេ ហើយសភានេះមិនបានបង្ហាញភាពស្មើភាពគ្នារវាងសមាជិកសភាមួយទៅសមាជិកសភាមួយទេ។ មានន័យថា បើញត្តិទាំងឡាយណាដែលប្រឆាំងទៅនឹងសមាជិកសភាដែលមិនស្ថិតក្នុងសមាជិកបក្សខ្លួន (គឺ)ចាត់វិធានការលឿន មានន័យអ៊ីចឹង”

ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា រដ្ឋសភាបានចាត់ការបណ្តឹងរបស់ប្រជាពលរដ្ឋដោយមិនរើសអើងនោះទេ។

លោក ឡេង ប៉េងឡុង ឲ្យដឹងដែរថាទាក់ទងនឹងករណីលោក កឹម សុខា រហូតមកដលពេលនេះរដ្ឋសភាមិនទាន់បានទទួលការឆ្លើយតបណាមួយពីលោក កឹម សុខា នៅឡើយ។ លោកថាបើទោះបីជាលោក កឹម សុខា មិនឆ្លើយតបមកសភាវិញ សភាមិនទាន់មានវិធានការអ្វីបន្ថែមនោះទេក្នុងកាលៈទេសៈនេះ ដោយលោកថាសភានឹងជូនដំណឹងពីការឆ្លើយឬមិនឆ្លើយតបរបស់ លោក កឹម សុខាទៅកាន់ក្រុមយុវជននោះវិញ។

លោកបន្ថែមថា៖ “ឥឡូវ ក្នុងពេលបច្ចុប្បន្ននេះ យើងមានតែប៉ុណ្ណឹងសិនទេបាទ មិនទាន់មានអីទេបាទ បើថាគាត់មិនឆ្លើយមានតែជូនដំណឹងទៅយុវជនវិញថាគាត់មិនឆ្លើយទេ ចាំមើលទៅថ្ងៃក្រោយយ៉ាងម៉េចខ្ញុំមិនទាន់មានគំនិតអីនៅឡើយទេបាទ”

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ យុវជនមួយក្រុមបាននាំគ្នាដាក់ញត្តិទៅរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះកោះហៅលោក កឹម សុខា ចេញមុខបកស្រាយទាក់ទងនឹងការចោទប្រកាន់ពីរឿងអាស្រូវស្នេហាតាមខ្សែអាត់សំឡេងដែលត្រូវបានទម្លាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក ដោយក្រុមយុវជនសង្ស័យថាជាសំឡេងរបស់លោក កឹម សុខា កំពុងសន្ទនាស្នេហាជាមួយនារីជាស្រីស្នេហ៍៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered