សង្គមស៊ីវិលថាអាជ្ញាធរខ្មែរមិនមានចំណាត់ការលើជនជាតិវៀតណាមមកលក់ឆ្នោតនៅកម្ពុជា

មន្រ្តីសិទ្ធិមនុស្សខេត្តស្វាយរៀងលើកឡើងថាអាជ្ញាធរកម្ពុជាមិនមានការអនុវត្តច្បាប់ឲ្យបានតឹងរឹងដូចវៀតណាមទេចំពោះចំណាត់ការ​លើជនជាតិវៀតណាមដែលមកប្រកបរបរលក់ឆ្នោតនៅក្នុងប្រទេស​កម្ពុជា។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ជនជាតិខ្មែរ៣១នាក់មានស្រុកកំណើតនៅស្រុកចន្ទ្រានិងនៅ​ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ត្រូវបានចាប់បញ្ចួនពីប្រទេសវៀតណាមមកកម្ពុជាវិញ ដោយគេ​ចោទថា​បានចូលទៅប្រកបរបបលក់ឆ្នោតខុសច្បាប់នៅទី​ក្រុង​ហូជីមីញ។ នេះបើតាមសេចក្តីប្រកាសរបស់​ក្រសួងការបរទេសកម្ពុជា។

មន្រ្តីសិទ្ធិមនុស្សរបស់អង្គការលីកាដូប្រចាំងខេត្តស្វាយរៀងលោក នុត បូពិណ្ណារ័ត្ន លើកឡើងថាការចាប់​បញ្ជូនជនជាតិ​ខ្មែរដែលទៅលក់ឆ្នោតនៅប្រទេសវៀតណាមមកកម្ពុជាវិញនោះគឺជាកាអនុវត្តច្បាប់យ៉ាង​តឹងរឹងរបស់​ប្រទេសគេ។ លោកបន្ថែមថា​ចំពោះប្រជាពលរដ្ឋវៀតណាមមកលក់​ឆ្នោតនិង​ប្រកបមុខ​របរផ្សេងៗ​ជាច្រើនគ្មានច្បាប់ទំលាប់នៅក្នុង​ខេត្តស្វាយរៀងតែសមត្ថកិច្ចខ្មែរហាក់ដូចជាមិនមានការ​អនុវត្តច្បាប់ឲ្យបាន​តឹង​តែងនៅឡើយ។

លោកបន្ថែមថា៖ “ចំពោះខ្មែរត្រូវបានវៀតណាមចាប់ហើយយកទៅឃុំទុកកន្លះខែឬមួយខែដើម្បីឲ្យយើងរាងចាលតែចំពោះចំណាត់ការរបស់កម្ពុជាយើងវិញចាប់ទៅបញ្ជូនទៅអស់ហាក់ដូចមិនមានការព្រមានទេកុំឲ្យចូលមកទៀតនោះទេគ្រាន់តែឆែកមើលលិខិតស្នាមតិចតូចបញ្ជូនទៅបាត់ដល់ពេលចូលមកវិញអ្នកដដែលៗមកលក់ដូរពេញៗស្វាយរៀង”។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថានោះគ្រាន់តែជាការលើកឡើងរបស់​សង្គមស៊ីវិល។ តែក្រសួងមហាផ្ទៃបានខិតខំក្នុងការចាប់បញ្ជូនជនជាតិវៀតណាមខុសច្បាប់ទៅវិញ។

លោកលើកឡើងថា៖ “ចង់គេថាម៉េចថាទៅបើចាប់ទៅរាល់ថ្ងៃប៉ុន្មានពាន់នាក់ហើយនៅមើលមិនឃើញ។ គាត់លើកឡើងថាចាប់ទៅហើយមកវិញដដែលៗមិនមានចំណាត់ការតឹងរឹងដូចវៀតណាម អ្នកណាថាអ្វីថាទៅ ថាទៅយកប្រាក់ខែគេស៊ីចេះតែថាទៅ គាត់ចាំតែថាយើងចាំតែធ្វើ”។

ទោះបីជាយ៉ាងណាមន្រ្តីសិទ្ធិមនុស្សប្រចាំខេត្តស្វាយរៀងលោក នុត បូពិណ្ណារ័ត្ន បន្ថែមថាប្រជាពលរដ្ឋ​វៀតណាមមកលក់ឆ្នោតនៅក្នុងប្រទេសកម្ពុជាអនាធិបតេយ្យបែបនោះគឺធ្វើឲ្យប៉ះពាល់ខ្លាំងដល់ជីវភាព​ពលរដ្ឋខ្មែរតាមរយៈការលេងល្បែងឆ្នោត​និងអាចបង្កអសន្តិសុខក្នុងសង្គមខ្មែរ ហើយការលក់ឆ្នោត​នោះ​មិន​បានផ្ដល់ចំណូលដល់ប្រទេសកម្ពុជាទេ។ ដូច្នេះលោក​ជំរុញឲ្យសមត្ថកិច្ចខ្មែរអនុវត្តច្បាប់ឲ្យ​បាន​ត្រឹម​ត្រូវ។

លោកមេធាវី សុក សំអឿន លើកឡើងថានៅស្រុកខ្មែរមានច្បាប់ដាក់ទោសទណ្ឌទៅលើអ្នកលេងល្បែងស៊ីសង។ លោកថាបើមានពលរដ្ឋវៀតណាមមកលក់ឆ្នោតនៅស្រុកខ្មែរអាចចាត់ទុកជាល្បែងស៊ីសងខុសច្បាប់មួយដែលសមត្ថកិច្ចមានសិទ្ធិក្នុងការឃាត់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ