សហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ឲ្យដឹងថា លោកបានដាក់ពាក្យស្នើសុំសាលាដំបូងរាជធានីភ្នំពេញពន្យារពេលចូលបំភ្លឺលើបណ្តឹងរឿងក្លែងលិខិត និងផ្តល់ព័ត៌មានមិនពិត ដោយលោកអះអាងថា មិនមានពេលត្រៀមខ្លួនគ្រប់គ្រាន់។
តាមដីកាកោះចុះថ្ងៃទី៤ ខែមីនា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុផារី កោះអញ្ជើញលោក ប៉ាវ ស៊ីណា ឲ្យចូលបំភ្លឺនៅតុលាការនៅម៉ោង៤ និង៣០នាទី ថ្ងៃអង្គារនេះ ដើម្បីសាកសួរពីសំណុំរឿងក្លែងលិខិត និងផ្តល់ព័ត៌មានមិនពិត តាមបណ្តឹងរបស់ឈ្មោះ គង់ សុភ័ក្រ្ត។
លោក ប៉ាវ ស៊ីណា មានប្រសាសន៍ប្រាប់វីអូឌី(VOD)ថា នៅថ្ងៃនេះ លោកបានដាក់ពាក្យស្នើសុំសាលារាជធានីភ្នំពេញពន្យារពេលចូលបំភ្លឺ ដោយលោកថា នីតិវិធីនៃការកោះហៅនោះលឿនពេក ដែលលោកមិនមានពេលគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនចូលបំភ្លឺនោះទេ។ លោកបានឲ្យដឹងដែរថា លោកទើបតែទទួលបានដីកាកោះនោះកាលពីព្រឹកថ្ងៃចន្ទ។
វិអូឌីមិនអាចទាក់ទងសុំការឆ្លើយតបពីព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុផារី បាននៅឡើយទេ។
លោក ប៉ាវ ស៊ីណា បានអះអាងទៀតថា លោកមិនបានដឹងថាលោកបានប្រព្រឹត្តករណីដែលត្រូវបានចោទប្រកាន់នៅពេលណានោះទេ ហើយលោកក៏មិនដែលស្គាល់បុគ្គលដើមបណ្តឹងឈ្នោះ គង់ សុភ័ក្រ្ក នោះដែរ។
បើតាមលោក ប៉ាវ ស៊ីណា សព្វថ្ងៃលោកកំពុងជាប់បណ្តឹងចំនួន២ ដោយលោកថាមួយជាប់ពាក់ព័ន្ធនឹងសំណុំរឿងហិង្សានៅផ្លូវវេងស្រេងកាលដើមឆ្នាំ២០១៤ និងបណ្តឹងមួយទៀតទាក់ទងនឹងបទញុះញង់ឲ្យមានអំពើហិង្សានៅមុខរោងចក្រ Agile Sweater ក្នុងខេត្តកំពង់ស្ពឺ កាលពីខែមករា ឆ្នាំ២០១៦៕