ក្រសួងទេសចរណ៍បានសម្រេចផ្ទេរមុខងារគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរថ្នាក់រាជធានីខេត្ត លើកលែងតែមណ្ឌលកម្សាន្តមនុស្សពេញវ័យលក្ខណៈស្តង់ដារឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់សណ្ឋា គារថ្នាក់ផ្កាយបួនឡើង។
ក្នុងប្រកាសមួយចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានសម្រេចធ្វើប្រតិភូកម្មមុខងាររបស់ខ្លួនលើការគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យដូចជាខារ៉ាអូខេ រង្គសាល ឌីស្កូតែក(ក្លឹប)និងបៀរហ្កាឌិនជាដើមនោះទៅឲ្យអាជ្ញាធររាជធានី ខេត្តជាអ្នកគ្រប់គ្រង ហើយមន្ទីរទេសចរណ៍រាជធានីខេត្តជាសេនាធិការដល់អាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តការងារនេះ។
បើតាមប្រកាសនោះ ក្រសួងទេសចរណ៍ផ្តល់សិទ្ធិឲ្យអាជ្ញាធររាជធានីខេត្ត មានសិទ្ធិប្រមូលនិងគ្រប់គ្រងចំណូលបានពីមណ្ឌលកម្សាន្តទាំងនេះ។ ក្រសួងបញ្ជាក់ថាអាជាជ្ញាធរថ្នាក់ក្រោមជាតិនេះក៏មានសិទ្ធិវាយតម្លៃលើសកម្មភាពរបស់មណ្ឌលម្សាន្តនិងព្យួរអាជ្ញាប័ណ្ណ បញ្ចុះថ្នាក់អាជ្ញាប័ណ្ណឬលុបអាជ្ញាប័ណ្ណតែម្តង។
ទន្ទឹមនឹងនេះ អាជ្ញាធររាជធានី ខេត្ត មានតួនាទីរាយការណ៍ពីការអនុវត្តមុខងាររបស់មណ្ឌលកម្សាន្តទាំងនោះទៅកាន់ក្រសួងតាមគោលការណ៍កំណត់។
វីអូឌី(VOD)មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងទេសចរណ៍លោក ទិត ចន្ថា បាននៅឡើយទេ ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំអោបអំណាចឬការគ្រប់គ្រងមកក្នុងក្រសួងរបស់ខ្លួនតែម្នាក់ឯង។ លោកបញ្ជាឲ្យរដ្ឋមន្រ្តីផ្ទេរមុខងារនិងធ្វើប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ។
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មកាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លោក ង៉ាន់ ចំរើន បានឲ្យដឹងកាលពីថ្ងៃទី១០ខែមីនាថាក្រសួងមួយចំនួនដូចជាក្រសួងបរិស្ថាន ក្រសួងសង្គមកិច្ចនិងក្រសួងសុខាភិបាល បានផ្ទេរមុខងាររបស់ខ្លួនមួយចំនួនទៅកាន់អាជ្ញាធរថ្នាក់ក្រោមជាតិរួចហើយ។ ដោយឡែកលោកថាក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំលិខិតបទដ្ឋានផ្ទេរការគ្រប់គ្រងការអប់រំកម្រិតបឋមសិក្សា ការអប់រំកុមារតូចនិងការអប់រំក្រៅប្រព័ន្ធទៅក្រុងស្រុកខណ្ឌមួយចំនួននៅក្នុងឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ថា ផែនការអភិវឌ្ឍ៣ឆ្នាំដំណាក់កាលទី២របស់រដ្ឋាភិបាលចាប់ពីឆ្នាំ២០១៥ដល់២០១៧ រដ្ឋាភិបាលផ្តោតសំខាន់ទៅលើការជំរុញឲ្យមានការផ្ទេរភារកិច្ចមុខងារនិងធនធានរបស់ក្រសួងមួយចំនួនទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ៕