ប្រជាពលរដ្ឋខ្លះដែលរស់នៅខេត្តកណ្ដាលលើកឡើងថាអាជ្ញាធរភូមិឃុំបានទារលុយក្រៅផ្លូវការពី១០០ទៅ១៥០ដុល្លារក្នុងការចេញលិខិតបញ្ជាក់ថាជាម្ចាស់កម្មសិទ្ធិដីធ្លី។
ប្រជាពលរដ្ឋនៅក្នុងភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល លោក ឈួន រីណា បានលើកឡើងថានៅពេលដែលពលរដ្ឋត្រូវការបញ្ជាក់លិខិតកម្មសិទ្ធិដីធ្លីត្រូវបានអាជ្ញាធរភូមិទារប្រាក់សេវាចាប់ពី១០០ទៅ១៥០ដុលា្លរ។ លោកបន្ថែមថាលោកមិនបានដឹងថាចំនួនប្រាក់សេវាដែលអាជ្ញាធរទារទាំងនោះសម្រាប់បង់ចូលទៅស្ថាប័នរដ្ឋឬយ៉ាងណានោះទេ។
លោកបន្ថែមថា៖ “ចូលប្រហែលជា៨ទៅ៩ឆ្នាំហើយគឺមានករណីហ្នឹងរហូតឲ្យតែធ្វើបង្កាន់ដៃកាន់កាប់កម្មសិទ្ធិហ្នឹងគឺដឹងតែ ១០០ដុល្លារជាងទូទៅចឹងហ្មង ហើយសួរប្រជាពលរដ្ឋណាក៏គេថាអញ្ចឹងដែរបើសិនជាចុះស៊ើបអង្កេតទោះបីមេភូមិថ្មីឬក៏អនុប្រធានភូមិចាស់ហ្នឹងគឺនៅតែចំឡើយហ្នឹងព្រោះកន្លងមកខាងភូមិខាងអាជ្ញាធរគាត់យកលុយជាធម្មតាគឺ១០០ដុល្លារជាងគ្រប់គ្រួសារដែលចង់ធ្វើបង្កាន់ដៃហ្នឹង”។
បើតាមពលរដ្ឋម្នាក់ទៀតលោក វ៉ាន់ ម៉ាច បានឲ្យដឹងថាអាជ្ញាធរភូមិឃុំបានទារប្រាក់ចំនួន១៣០ដុល្លារក្នុងការចេញលិខិតបញ្ជាក់កម្មសិទ្ធិដីរបស់គាត់។ លោកបន្ថែមថាបើទោះបីជាលោកសុខចិត្តបង់ប្រាក់សេវានោះក៏ដោយក៏អាជ្ញាធរឃុំនៅតែមានភាពយឺតយ៉ាវ។
លោកបន្ថែមថា៖ “គាត់ថាអត់ទាន់ធ្វើឲ្យលើកមុនខ្ញុំឲ្យមួយសារទៅគេយកលុយមកឲ្យវិញប្រធានភូមិហ្នឹងថាមេឃុំគេអត់សញ្ញេឲ្យយកមកឲ្យមួយសារវិញទៅហើយបាត់ជិតមួយឆ្នាំដល់ពេលទៅសួរគាត់លើកមុនគាត់ថាចាំតែធ្វើឲ្យទេកុំភ័យ”។
ប្រជាពលរដ្ឋទាំងនោះអះអាងថាពួកគេត្រូវការលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីនោះដើម្បីយកទៅដាក់ធានាក្នុងការខ្ចីលុយធនាគារ។
ទាក់ទងនឹងបញ្ហានេះមេឃុំលំហាច ស្រុកអង្គស្នួល លោក ងួន ស្រូយ បដិសេធថាមិនមានករណីការទារប្រាក់ក្រៅផ្លូវការច្រើនដូចការលើកឡើងរបស់ពលរដ្ឋនោះទេ។ លោកក៏បានបន្ថែមថានៅក្នុងឃុំរបស់លោកក៏មិនមានភាពយឺតយ៉ាវក្នុងការចេញលិខិតបញ្ជាក់នោះទេគឺមានតែដីទំនាស់ទេដែលលោកមិនធ្វើឲ្យ។
លោកបន្ថែមថា៖ “គាត់ចេះតែថាពួកខ្ញុំអត់ហ៊ានទេបើមានមានត្រឹមផ្ទេរសិទ្ធិអីត្រឹម១០ម៉ឺន៨ម៉ឺនអាហ្នឹងមាន។ រឿង១០០ឬ ១៥០ដុល្លារអីអត់មានទេ ហើយអ្នកណាទារជួយប្រាប់ខ្ញុំផងព្រោះខ្ញុំនេះអត់មានទេ។ មានអាការវាស់វែងពួកខ្ញុំទៅសញ្ញេ ហើយវាស់វែងពួកខ្ញុំបានតែ១ម៉ឺន៥ពាន់រៀលអីហ្នឹងអស់ហើយ”។
ទោះបីជាយ៉ាងណាលោកមេឃុំបញ្ជាក់ថាចំពោះតម្លៃពិតប្រាកដក្នុងការធ្វើលិខិតបញ្ជាក់កម្មសិទ្ធិលើអចលនវត្ថុផ្សេងៗនោះក្នុងឃុំរបស់លោកមិនទាន់មានការណែនាំឲ្យអនុវត្តយកតម្លៃណាមួយណាជាក់លាក់នៅឡើយ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ លើកឡើងថាចំពោះការទារប្រាក់ក្រៅផ្លូវការដោយអាជ្ញាធរមិនបានចេញវិក័យបត្របង់ប្រាក់ឲ្យប្រជាពលរដ្ឋនោះអាចចាត់ទុកថាជាការប្រព្រឹត្តអំពើពុករលួយ៕