អ្នកភូមិ១៦នាក់ជាប់បណ្តឹងនៅតុលាការករណីទំនាស់ដីឈានដល់ដុតរោងយាមរបស់ក្រុមហ៊ុន

សមត្ថកិច្ចខេត្ដព្រះវិហារឲ្យដឹងថាក្រុមហ៊ុនដាំកៅស៊ូឈ្មោះ គ្រីនរ៉ាប់ប័រ បានប្ដឹងអ្នកភូមិ១៦នាក់​ទៅតុលា​ការ​ខេត្ដនេះ ករណីពលរដ្ឋរាប់រយនាក់ ​ផ្ទុះការតវ៉ាដុត​កម្ទេច​តូប​យាមក្រុមហ៊ុនដំាកៅស៊ូកាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដាហ៍​​នេះ។

កាលពីថ្ងៃទី២១ខែមីនានេះពលរដ្ឋជាង២០០នាក់មកពីខេត្ដសៀមរាបនិងខេត្ដព្រះវិហារបាន​នាំគ្នា​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ដាំកៅ​ស៊ូមួយស្ថិតនៅព្រំ​ប្រ​ទល់ស្រុកស្វាយលើ ខេត្ដសៀមរាប និងស្រុកគូលេន ខេត្ដ​ព្រះ​វិហារ។ ការតវ៉ានេះសមត្ថកិច្ចថាពលរដ្ឋបានផ្ទុះកំហឹងដុតកំទេច​រោង​យាមក្រុមហ៊ុន​ចំ​ការ​​​កៅស៊ូឈ្មោះ គ្រីនរ៉ាប់​ប័រ ដើម្បីទាម​ទារឲ្យ​ក្រុម​ហ៊ុននោះបញ្ឈប់ឈូសឆាយដីធ្លីដែលមានទំនាស់។

នាយប៉ុស្ដិ៍រដ្ឋបាលឃុំស្រយ៉ង់ ស្រុកគូលេន ខេត្ដព្រះវិហារ លោក ច័ន្ទ កិត្យា ប្រាប់VODនៅព្រឹកថ្ងៃពុធ​នេះថាកាលពីម្សិល​មិញតំណាងក្រុមហ៊ុនដាំកៅស៊ូ គ្រីនរ៉ាប់ប័រ បានប្ដឹងពលរដ្ឋចំនួន១៦នាក់ទៅសាលា​ដំបូង​ខេត្ដព្រះវិហារករណីពួកគាត់តវ៉ាដុត​កំទេច​រោងយាមក្រុម​ហ៊ុន​ដាំកៅស៊ូនោះកាលពីថ្ងៃទី២១ខែមីនានេះ។ ​ទោះយ៉ាង​ណាលោក​មិនបានបញ្ជាក់ឈ្មោះពលរដ្ឋដែលជាប់បណ្ដឹងនោះទេ​ដោយ​គ្រាន់តែប្រាប់ថាមានព​ល​រដ្ឋ​​នៅរដ្ឋនៅស្រុកស្វាយលើខេត្ដសៀមរាបប្រមាណ៥នាក់ និងស្រុកគូលេនខេត្ដព្រះវិហារ​ជាង១០នាក់។​លោកមានប្រសាសន៍​បន្ដថា៖ “ហ្នឹងហើយមកពិភាក្សាប្រុងដាក់បណ្ដឹងនៅប៉ុស្ដិ៍ ប៉ុន្ដែខ្ញុំសួរទៅខាង​លើគេថាឲ្យ​គេ​ទៅតុលាការតែម្ដងទៅយើងវាតូចតាចខាងនោះវាធំយើងមិនអាចហៅមកដោះស្រាយសួរនាំ​ឲ្យ​គាត់​បានទេទាល់ថ្នាក់អាជ្ញាធរស្រុកខេត្ដឬក៏តុលាការ”។

VODមិនអាចទាក់ទងព្រះរាជអាជ្ញានៃតុលាការខេត្ដព្រះវិហារលោក លី លន់ ដើម្បីសាកសួរពីករ​ណីនេះ​បាន​ទេដោយលោកមិនលើកទូរស័ព្ទ។

ទោះជាយ៉ាងណាពលរដ្ឋដែលចូលរួមតវ៉ាមួយរូបមកពីឃុំតាសៀម ស្រុកស្វាយលើ ខេត្ដសៀមរាប​លោក ហ៊ួត រ៉ាស៊ី ឲ្យ​ដឹង​ថាលោក​គ្មានការព្រួយបារម្ភពីបណ្ដឹងរបស់ក្រុមហ៊ុននោះទេដែលលោកថា​មានព​លរដ្ឋ​ជាង​២០០នាក់បានតវ៉ាដុតក​ម្ទេចរោងយាមរបស់ក្រុមហ៊ុន​ដាំកៅ​ស៊ូ​ឈ្មោះ​គ្រីនរាប់ប័រនោះ​។ លោកបន្ដថាការផ្ទុះការតវ៉ានេះដោ​យសារក្រុមហ៊ុនបានឈូសឆាយរំលោភដីស្រែចំការពលរដ្ឋដោយ​គ្មានដំណោះ​ស្រា​យ​​ពីអាជ្ញាធរ​។ លោក​បន្ថែម​ថា​៖ “ព្រោះ​អីខ្ញុំ​​មានម​នុស្សច្រើនចូលរួមទីមួយខ្ញុំមានតែការហាម​ឃាត់បងប្អូន​កុំអោ​យ​មានប៉ះពាល់ដល់​បញ្ហាផ្សេងៗដូចជាដុតអីចឹងសម្រាប់មនុស្សរាប់រយនាក់ខ្ញុំ​ទៅហាមឃាត់ម៉េចកើត​បងប្អូន​គេមានការកំហឹង​កា​ឈឺចាប់របស់គេបង”។

ក្រុមអ្នកតវ៉ាឲ្យដឹងថាដីស្រែចំការដែលក្រុមហ៊ុនដាំកៅស៊ូគ្រីនរ៉ាប់ប័រ​ឈូសឆាយរំលោភយកនោះ​មាន​​​ចំនួនជាង២ពាន់ហិ​កតាដែល​ពួកគាត់អះអាងថា​បានបង្កបង្កើនផលតាំងពីឆ្នាំ១៩៩៨មកម្លេះ ប៉ុន្ដែនៅ​​ឆ្នាំ​២​​០១២​​​ក្រុម​​ហ៊ុនគ្រីនរ៉ាប់ប័រនោះបានចាប់ផ្ដើម​ធ្វើសកម្មភាពឈូសឆាយដីពួកគេរហូតមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ