របាយការណ៍មួយបានបង្ហាញថាចំនួនមណ្ឌលថែទាំកុមារបានកើនឡើង៩២ភាគរយ ខណៈរដ្ឋាភិបាលចាត់ទុកកំណើននេះថាជាការព្រួយបារម្ភយូរមកហើយពីបញ្ហាសុខភាពនិងសុវត្ថិភាពកុមារដោយសារតែមិនអាចគ្រប់គ្រងបាន។
ការសិក្សាអង្កេតមួយបានធ្វើឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឆ្នាំ២០១៥ បានរកឃើញថា មានកុមារចំនួន១១៧៨៨នាក់កំពុងរស់នៅតាមមណ្ឌលថែទាំចំនួន២៦៧កន្លែងគ្រាន់តែក្នុងខេត្តចំនួន៥ ។ ប៉ុន្តែកាលពីឆ្នាំ២០១៤ នៅក្នុងខេត្ត៥ដដែលនេះក្រសួងឲ្យដឹងថាមានមណ្ឌលថែទាំត្រឹមតែ១៣៩កន្លែងប៉ុណ្ណោះ ដែលមានកុមារកំពុងស្នាក់នៅចំនួន៧៥៤៥នាក់។ តួលេខនេះបានបង្ហាញពីការកើនឡើង៩២ភាគរយនៃចំនួនមណ្ឌលដែលត្រូវបានធ្វើអធិការកិច្ចកន្លងមក។
ក្នុងសារអេឡិចត្រូនិចដែលVODទទួលបាននៅថ្ងៃទី២៤ខែមីនា អង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានដកស្រង់ប្រសាសន៍លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមកថា “របកគំហើញនេះបញ្ជាក់ពីការព្រួយបារម្ភជាយូរមកហើយរបស់យើងលើការកើនឡើងនូវចំនួនមណ្ឌលថែទាំកុមារដោយមិនអាចគ្រប់គ្រងបានក្នុងប្រទេសនេះដែលនាំឲ្យមានហានិភ័យដល់សុខុមាលភាពនិងសុវត្ថិភាពកុមាររស់នៅតាមមណ្ឌលដែលពុំមានការពិនិត្យតាមដានត្រឹមត្រូវ។ យើងធ្វើការអង្កេតនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីក្តាប់ឲ្យដឹងពីវិសាលភាពពិតប្រាកដនៃការកើនទ្បើងចំនួនមណ្ឌលថែទាំកុមារនិងដឹងពីមណ្ឌលដែលទទួលកុមារស្នាក់នៅសំដៅធានាឲ្យមានការចុះត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយនិងការធ្វើអធិការកិច្ចប្រចាំឆ្នាំជាទៀងទាត់”។
ក្នុងសារអេឡិចត្រូនិចដដែលលោកស្រី ដេបូរ៉ា កូមីនី ប្រធានអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ការស្នាក់នៅក្នុងមណ្ឌលអាចធ្វើឲ្យកុមារងាយប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗដូចជាការរំលោភបំពានផ្លូវកាយ និងផ្លូវភេទ និងផលប៉ះពាល់ជាអវិជ្ជមានលើការអភិវឌ្ឍជារួមរបស់កុមារ។ មូលហេតុនេះហើយបានជាយើងបន្តលើកកម្ពស់ អំពីសារៈសំខាន់នៃការថែទាំកុមារតាមគ្រួសារនិងសហគមន៍។ យើងត្រូវចាត់ទុកមណ្ឌលថែទាំថាជាជម្រើសចុងក្រោយនិងជាដំណោះស្រាយបណ្តោះអាសន្នសម្រាប់កុមារដែលពុំមានឪពុកម្តាយឬគ្រួសារជាថែទាំ”។
ការស្រាវជ្រាវបែបវិទ្យាសាស្ត្រកម្រិតសកលរាប់ទសវត្សកន្លងមកបានបង្ហាញថាការរស់នៅតាមមណ្ឌលថែទាំអាចបង្កគ្រោះថ្នាក់ដល់កាយសម្បទា បញ្ញាស្មារតី និងអារម្មណ៍របស់កុមារ និងមានផលប៉ះពាល់រយៈពេលវែងលើជីវិតរបស់ពួកគេនៅពេលគេធំពេញវ័យ។ ការស្រាវជ្រាវនេះក៏បានបង្ហាញផងដែរថា “កុមារនៅតាមមណ្ឌលថែទាំច្រើនពឹងផ្អែកលើបុគ្គលិករបស់មណ្ឌល ហើយមិនអាចអភិវឌ្ឍបំណិនសង្គមដែលចាំបាច់ឲ្យបានពេញលេញដើម្បីឲ្យពួកគេអាចធ្វើសមាហរណកម្មចូលទៅក្នុងសង្គមវិញបាន”។
របាយការណ៍ដដែលបង្ហាញទៀតថាមានកត្តាជាច្រើនដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់គ្រួសារក្នុងការបញ្ជូនកុមារទៅដាក់ក្នុងមណ្ឌលថែទាំដូចជាការបែកបាក់គ្នារវាងឪពុកម្តាយ ភាពក្រីក្រ ការធ្វើចំណាកស្រុករបស់ឪពុកម្តាយ។បន្ថែមពីលើមូលហេតុទាំងនេះគឺមានឪពុកម្តាយមួយចំនួនយល់ច្រលំថាការយកកូនទៅផ្ញើតាមមណ្ឌលគឺជាជម្រើសល្អសម្រាប់ឲ្យកូនទទួលបានការអប់រំ និងការថែទាំកាន់តែល្អ គួបផ្សំនឹងការខិតខំស្វះស្វែងរកកុមារ និងការផ្សព្វផ្សាយជំរុញរបស់មណ្ឌលមួយចំនួនផងដែរ។ របាយការណ៍បញ្ជាក់ថា ក្នុងប្រទេសកម្ពុជា កុមារចំនួន៣នាក់ក្នុងចំណោមកុមារ៤នាក់(ឬប្រមាណជា៧៧ភាគរយ)ដែលរស់នៅតាមមណ្ឌលថែទាំ យ៉ាងហោចណាស់ក៏នៅមានម្តាយឬឪពុកកំពុងរស់រានមានជីវិត និងមានសាច់ញាតិរបស់ខ្លួន។
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកាលពីពេលថ្មីៗនេះស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។ យោងតាមអនុក្រឹត្យនេះ ក្រសួងសង្គមកិច្ច “នឹងចាត់វិធានការដើម្បីគ្រប់គ្រងមណ្ឌលថែទាំកុមារនិងលើកកម្ពស់ការថែទាំនៅតាមគ្រួសារនិងសហគមន៍ ក្នុងគោលបំណងធ្វើសមាហរណកម្មកុមារឲ្យបាន៣០ភាគរយក្នុងចំណោមកុមារដែលគេដឹងថាកំពុងរស់នៅតាមមណ្ឌលឲ្យវិលត្រទ្បប់ទៅកាន់គ្រួសារនិងសហគមន៍របស់ពួកនៅចុងឆ្នាំ២០១៨”៕