រដ្ឋមន្ត្រីយុត្តិធម៌ថា ការធ្លាក់ចុះក្រមសីលធម៌របស់មន្ត្រី​តុលាការ​នឹងធ្វើឲ្យពលរដ្ឋបាត់ទំនុកចិត្ត

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា នាពេល​កន្លង​មក

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌លោក អង្គ វង្ស វឌ្ឍានា លើកឡើងថា ក្នុងការអនុវត្តវិជ្ជាជីវៈកន្លងមក ចៅក្រម និងព្រះរាជអាជ្ញាមួយចំនួននៅមិនទាន់អនុវត្តតាមក្រមសីលធម៌របស់ខ្លួននៅឡើយ ដោយលោកថា កត្តានេះបានប៉ះពាល់ទៅដល់បុគ្គលខ្លួនឯង និងអង្គភាពទំាងមូល ហើយអាចឈានទៅធ្វើឲ្យសាធារណជនបាត់បង់ជំនឿចិត្ត។

លោក អង្គ វង្ស ឌ្ឍានា បានលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាស្ដីពីក្រមសីលធម៌ចៅក្រមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ថ្លែងបើកអង្គសិក្ខាសាលានេះ លោករដ្ឋមន្ត្រីលើកឡើងថា ក្នុងការអនុវត្តតួនាទីកន្លងមក ចៅក្រម និងព្រះរាជអាជ្ញាភាគច្រើនបានយកចិត្តទុកដាក់អនុវត្តតាមក្រមសីលធម៌ក្នុងបំពេញវិជ្ជាជីវៈ និងអនុវត្តតាមច្បាប់ និងបទបញ្ញត្តិផ្សេងៗ។ ទោះយ៉ាងណា លោកថា នៅមានចៅក្រម និងព្រះរាជអាជ្ញាមួយចំនួនពុំបានអនុវត្តតាមក្រមសីលធម៌របស់ខ្លួនឲ្យបានល្អនៅឡើយទេ។

លោកមានប្រសាសន៍ថា៖ “ការធ្លាក់ចុះនៃការអនុវត្តក្រមសីលធម៌នេះបានធ្វើឲ្យមានការប៉ះពាល់ទៅដល់បុគ្គលជាចៅក្រម ព្រះរាជអាជ្ញា និងអង្គភាពរបស់ខ្លួន ហើយការធ្លាក់ចុះនេះទៀតសោតក៏នឹងឈានទៅធ្វើឲ្យបាត់បង់នូវកិត្តិយសជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌យើងទាំងមូលផងដែរ”

លោក អង្គ វង្សវឌ្ឍានា បន្តថា កន្លងមកការអនុវត្តជាក់ស្ដែងរបស់ចៅក្រម និងព្រះរាជអាជ្ញាមួយចំនួនមានការធ្វេសប្រហែសក្នុងការអនុវត្តវិជ្ជាជីវៈ ដោយបណ្ដោយឲ្យក្រឡាបញ្ជីពិនិត្យចាត់ការលើសំណុំរឿងក្ដីផ្សេងៗ ដូចជា ការសាកសួរ និងការធ្វើកំណត់ហេតុលើគូភាគី ឬជនត្រូវចោទ ដោយគ្មានវត្តមានចៅក្រម ព្រះរាជអាជ្ញា ការចេញដីកា និងបញ្ជូលដីកាកោះខ្វះការត្រួតពិនិត្យ ដែលលោកថាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនីតិវិធីរឿងក្ដី សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ “ខ្ញុំស្នើឲ្យចៅក្រម ព្រះរាជអាជ្ញាទាំងអស់ធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅទៅលើច្បាប់ និងរាល់ខិលិតបទដ្ឋានគតិយុត្តិទាំងឡាយ រួមនឹងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ ដើម្បីលើកកម្ពស់សីលធម៌វិជ្ជាជីវៈក្នុងការស្វែងរកយុត្តិជូនសាធារណជន ក៏ដូចជាការបង្កើតនូវជំនឿជឿជាក់ប្រកបដោយទទួលខុសត្រូវ និងសេចក្ដីថ្លៃថ្នូរ ដើម្បីឆ្លើយតបទៅនឹងការទុកចិត្តរបស់រដ្ឋាភិបាល”

បើតាមលោក អង្គ វង្ស វឌ្ឍានា សិក្ខាសាលាស្ដីពីក្រមសីលធម៌ចៅក្រមនេះជាសិក្ខាលើកទីមួយដែលឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានរៀបចំឡើង បន្ទាប់ពីក្រមសីលធម៌នេះត្រូវបានអនុម័តដាក់ឲ្យអនុវត្តក្នុងរយៈពេលជិត១០ឆ្នាំកន្លងមក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ក្រសួងយុត្តិធម៌បានរៀបចំកិច្ចប្រជុំមួយស្តីពីគោលការណ៍ការឃុំខ្លួនបណ្តោះអាសន្នក្នុងសំណុំរឿងទំនាស់ដីធ្លី ដោយមានការចូលរួមពីប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី ខេត្តទាំងអស់ ក្រោយពីមានការណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រព័ន្ធតុលាការកម្ពុជាតែងរងការរិះគន់ពីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនថាមិនមានឯករាជ្យ និងរងឥទ្ធិពលនយោបាយ។

នៅថ្ងៃស្អែក លោក អង្គ វង្ស វឌ្ឍានា និងសហការី នឹងចូលបំភ្លឺនៅសភាអំពីការអនុវត្តរបស់តុលាការពាក់ព័ន្ធនឹងសិទ្ធិរបស់ពលរដ្ឋតាមសំណើរបស់រដ្ឋសភា។ ប្រធានគណៈកម្មការទី១នៃរដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំពិភ្សានោះ លោកនឹងលើកយកប្រធានបទចំនួន៤ដូចជាការចាប់ ការឃុំខ្លួន និងការផ្តន្ទាទោសអនីតិជន ការឃុំខ្លួនលើសនីតិវិធីកំណត់ កំហុសនៃការអនុវត្តនីតិវិធី និងការមិនអនុវត្តតួនាទីរបស់ចៅក្រមនិងព្រះរាជអាជ្ញាជុំវិញករណីវិវាទដីធ្លីនិងវិវាទផ្សេងទៀត និងឯករាជ្យភាពរបស់តុលាការនិងការជ្រៀតជ្រែក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ