ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៣ខែនេះដូចឆ្នាំមុនទោះបីរដ្ឋាភិបាលង្កើតច្បាប់រឹតបន្តឹង

សិក្ខាសាលាមួយដែលធ្វើឡើងនៅក្រសួងសាធារណការនិងដឹកជញ្ជូននាថ្ងៃទី២៤ខែមីនា

ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី១ឆ្នាំ២០១៦នេះមានចំនួនជាង៤០​០​នាក់ គឺ​ប្រហាក់ប្រហែល​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុនដែរបើទោះបីរដ្ឋាភិបាលបានប​​ង្កើ​​ត​ច្បា​ប់ថ្មីរឹត​បន្តឹ​​ង​កា​របើកបរ​ក៏​ដោយ។

នៅដើមឆ្នាំ២០១៦នេះរដ្ឋាភិបាលបានប្រកាសឲ្យសមត្ថកិច្ចរឹតបន្តឹងច្បាប់ចរាចរាចរណ៍ផ្លូវគោកថ្មីដោយ​​តម្រូ​វ​​ឲ្យអ្នក​បើកបរយានយន្តត្រូវពាក់ពួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ពេលបើកបរ។

អ្នក​បើកករត្រូវមានប័ណ្ណបញ្ជាក់ពីជំនាញបើកបរ មានប័ណ្ណសម្គាល់យានយន្ត ចាត់វិធានការទៅលើ​យាន​យ​​​ន្ត​គ្រ​ប់ប្រភេទ ដែលដឹកលើសចំណុះ អ្នកបើកបរក្នុងល្បឿន​លឿនហួសពីច្បាប់កំនត់ និងអ្នកបើ​កបរក្រោ​​មឥទ្ធិពល​នៃគ្រឿងស្រវឹងជាដើម។

ការ​​​ប​ង្កើតច្បា​ប់ត្រួតពិនិត្យលើអ្នកប្រើប្រាស់ផ្លូវនេះរដ្ឋាភិបាលអះអាងថាដើម្បីកាត់ប​ន្ថយ​អ្នកស្លាប់​តាម​ដងផ្លូវដោយគ្រោះ​ថ្នាក់​ចរាចរណ៍មិនមែនបង្កើតច្បាប់នេះដើម្បី​ជំរិតទារប្រាក់ពល​រដ្ឋដូចមជ្ឈដ្ឋា​នមួយចំ​នួ​ន​​រិះគន់ទេ។

ក្នុងសិក្ខាសាលាមួយដែលធ្វើឡើងនៅក្រសួងសាធារណការនិងដឹកជញ្ជូននាថ្ងៃទី២៤ខែមីនានេះ អគ្គស្ន​ង​ការ​រង​​ន​​គរ​បា​​ល​ជាតិ​លោក ​ហ៊ឹម យ៉ាន លើកឡើងថាការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីក្នុងត្រី​មាស​ទី១​​ឆ្នាំ២​០​១​៦នេះ លោ​ក​​​ថា ទទួលបានជោគជ័យគួឲ្យកត់សម្គាល់ដូចជាសមត្ថកិច្ចបា​នរកឃើញយាន​យន្តល្មើស​បានជិ​ត៧​សែនគ្រឿង(៦៩៧២៤៦)​ ផាកពិន័យបានចំនួនជា​ង៣១ម៉ឺនគ្រឿង(៣១៨​៩៩៨)គិតជាប្រាក់បាន​ជា​ង​​៤ពាន់លា​នរៀល ឃាត់យាន​យន្តអត់ស្លាកលេខបាន៨០០គ្រឿង ផ្សព្វផ្សាយនិងអប់រំ​អ្នកប្រើប្រា​ស់ផ្លូ​​វដែ​​ល​ប្រព្រឹត្តិល្មើសបានជាង៣សែននាក់។

លោក ហ៊ឹម យ៉ាន ឲ្យដឹងទៀតថាចំណែកគ្រោះថ្នាក់ចរាចរណ៍វិញចាប់ពីថ្ងៃទី១ខែម​ករាដល់​ថ្ងៃទី២​១ខែ​មី​នាឆ្នាំ២០១៦នេះ មានមនុស្សស្លាប់៤៥១នាក់ដែលចំនួននេះបានថយ​ចុះតែម្នា​ក់បើប្រៀបប្រៀប​ធៀប​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកថា៖ “យើងត្រូវកត់សម្គាល់ថាបើយានយន្ត​ច្រើនមាន​​បញ្ហាច្រើន ប៉ុន្តែបើយើងទប់ឲ្យបានស្មើប៉ុណ្ណឹង កុំឲ្យងាប់ កុំឲ្យវាកើនគឺអាចចាត់ទុកថាបានជោគ​ជ័យខ្លះដែរ”។

រដ្ឋ​លេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនលោកស្រី មឺន មាណវី អះអាងដែរថាការមិនទាន់​ដែល​រដ្ឋា​​ភិបាលមិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះបានលោកស្រីថាអាចមកពីអ្នកប្រើ​ប្រា​ស់ផ្លូវ​ខ្លះ​មិន​​​ទាន់យល់និងខ្លះ​ទៀតមិនទាន់សហការល្អជាមួយសមត្ថកិច្ច។

លោកស្រីថា៖ “យើងនូវសង្ឃឹមត្រីមាសទី២ទី៣ទី៤ទៀត អញ្ចឹងសូមមានការចូ​លរួមទាំងអស់គ្នា​នៅក្នុងអង្គ​សិ​ក្ខាសា​លា​យើងនឹងជួយដល់ប្រជាពលរដ្ឋយើងផងពិសេសវិទ្យុVODហ្នឹងសុំជួយផងផ្នែកសុ​វត្ថិភាព​ចរាច​រណ៍​ហ្នឹងចាស មិនមែន​កន្លងទៅមិនបានជួយទេ ប៉ុន្តែសុំបន្តជួយទៀត”។

មន្រ្តីជំនាញលើកឡើងថាគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីក​ត្តាធំៗពីរ គឺទី១ការបើកលើស​ល្បឿនកំណត់៤០ភាគរយ និងទី២ការបើក​បរក្រោ​​មឥ​ទ្ធិពល​នៃគ្រឿងស្រវឹង១២ភាគរយ។

នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បី​សន្ដិភាពនិង​អភិវឌ្ឍលោក យង់ គីមអេង លើកឡើងថាកា​​​​រ​​មិ​​នអាច​ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍បាននេះ លោកថាអាចមកពីសមត្ថ​កិច្ចជំនាញ​ដែលចុះអ​នុវត្ត​ច្បា​​ប់មិ​នហានចាត់វិធាន​ការទៅលើម្ចាស់រថយន្តលើ្មសដែលមានខ្នងបង្អែកធំៗនិងខ្វះកា​រចុះផ្ស​ព្វផ្សាយ​​ដល់ព​លរដ្ឋ។

លោក យង់ គិមអេង អះអាងទៀតថាលោកមិនជឿថាគ្រោះថ្នាក់ចរាចរណ៍ដោយសារគ្រឿងស្រវឹងមានត្រឹម១២ភាគរយទេ ។

លោកថា៖ “ខ្ញុំគិតថាការធ្វើហ្នឹងជាចេតនារបស់រដ្ឋាភិបាលដើម្បីជួយទៅដល់ពួ​កក្រុមហ៊ុនឧស្សាហ​កម្ម​គ្រឿ​ង​​​ស្រ​វឹង​ផងមិនដឹង។ កុំឲ្យគេមើលឃើញថាស្រវឹងហ្នឹងច្រើនអញ្ចឹងទៅសំនឹងរដ្ឋាភិបាលមិន​ទាន់​ចេ​​ញ​ច្បា​ប់គ្រ​ប់គ្រ​ង​គ្រឿ​ង​ស្រ​វឹង​ហ្នឹ​ង​​ផ​ងទៅ កុំឲ្យគេ​ដាក់បន្ទុកទៅ​លើរដ្ឋាភិបា​លហ្នឹងធ្ងន់ពេល​ទៅលើគ្រឿងស្រ​វឹង​ហ្នឹងហើ​​យម៉្យាង​វិញ​ទៀ​តអាច​ធ្វើឲ្យ​ឧស្សាហកម្មគ្រឿងស្រវឹងហ្នឹងអាចបន្តធ្វើសកម្ម​ភាពលក់ដូរដោយ​សេរី​នៅ​ប្រ​ទេ​ស​កម្ពុ​ជា​បាន​ត​ទៅទៀតបាន បាទ”។

បើតាមលោក ហ៊ឹម យ៉ាន រដ្ឋាភិបាលនឹងពន្លឿនការអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះដោយលោក​យល់ថាមាន​ច្បាប់គ្រប់គ្រងគ្រឿងស្រវឹងលោកថាជាការចូលរួ​មមួយផ្នែកទៀតក្នុងការទប់ស្កាត់គ្រោះថ្នា​​ក់​ចរាច​រណ៍ក្រៅពីសមត្ថកិច្ច​ចុះត្រួតពិនិត្យនឹងអ្នកប្រើប្រាស់គ្រឿងសវឹងតាមគោលដៅ។

បើតាមរបាយការណ៍ស្ថាប័នពាក់ព័ន្ធនឹ​ងបន្តរឹតបន្តឹងការ​អនុវត្តច្បា​ប់ឲ្យ​មាន​ត​ម្លា​​​ភាព ទប់ស្កាត់កា​របើកបរលើសល្បឿនកំណត់ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ត្រួតពិនិ​ត្យសាលា​បង្រៀ​នបើ​កបរ ​​ជំ​រុញកា​រផ្សព្វ​ផ្សាយដល់ថ្នាក់មូលដ្ឋាន សិក្សានិងបំពាក់ឧបករណ៍​បច្ចេកទេសត្រួ​តពិនិ​ត្យ​ល្បឿន​​និង​​គ្រឿ​ង​ស្រវឹង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ