តុលាការក្រុងហាណូយនៃប្រទេសវៀតណាមបានសម្រេចឲ្យអ្នកសរសេរប្លុកពីរនាក់ដែលក្នុងនោះម្នាក់ជាអតីតនគរបាលនិងជាកូនរបស់រដ្ឋមន្ត្រីឲ្យជាប់ពន្ធនាគារបន្ទាប់ពីរកឃើញថាអ្នកទាំងពីរនេះសរសេរអត្ថបទផ្សព្វផ្សាយរិះគន់ដល់រដ្ឋ។
បុរសឈ្មោះ ង្វៀន ហ៊ូវិញ ជាអតីតមន្ត្រីនគរបាលធ្លាប់មានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់នៃគណបក្សកុម្មុនីស្តវៀតណាម ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ៥ឆ្នាំ។ ចំណែកជំនួយការរបស់លោកគឺនាង មិញ ថុយ ត្រូវជាប់ពន្ធនាគារ៣ឆ្នាំ។ នេះបើតាមសារព័ត៌មាន BBC។
អ្នកទាំងពីរនេះត្រូវបានឃុំខ្លួនតាំងពីឆ្នាំ២០១៤ដោយសមត្ថកិច្ចរកឃើញប្លុកឈ្មោះ បាសាំ មានសរសេរវាយប្រហាររដ្ឋាភិបាល ហើយមានអ្នកចូលមើលរាប់លាននាក់។ នៅពេលថ្មីៗនេះក៏មាននគរបាលឈរនៅមុខតុលាការដើម្បីទាមទារឲ្យដោះលែងអ្នកទាំងពីរនេះផងដែរ។
ជាធម្មតាប្រទេសដែលដឹកនាំដោយគណបក្សតែមួយតែងរងការរិះគន់ថាមិនដែលអត់ឱនឲ្យអ្នកដែលមានគំនិតផ្ទុយពីក្រុមរបស់ខ្លួននោះទេ។ ប្រព័ន្ធផ្សព្វផ្សាយនានាត្រូវរដ្ឋាភិបាលវៀតណាមរឹតបន្តឹងតាមឃ្លាំមើលជាប្រចាំ។ ទោះយ៉ាងណាបច្ចុប្បន្នអ៊ិនធើណែតនៅតែជាកន្លែងវេទិកាសម្រាប់រិះគន់រដ្ឋាភិបាលដដែល។
ចំពោះករណីលោក ង្វៀន ហ៊ូវិញ គឺជាករណីប្លែងពីគេផ្សេងៗព្រោះលោកមានប្រវត្តិជានគរបាល ចំណែកឪពុកចុងរបស់លោកបច្ចុប្បន្នជារដ្ឋមន្ត្រីនិងជាអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហភាពសូវៀត។
ការសរសេរប្លុកនៅវៀតណាមចាប់ផ្តើមកើតមាននៅឆ្នាំ២០០៧ ហើយគេបានប្រើវាក្នុងការចែករំលែកព័ត៌មាន និងផ្តល់មតិយោបល់ផ្សេងៗ៕