តារាកូនខ្មែរកាត់អាល្លឺម៉ង់កាន់តែលេចធ្លោក្នុងសិល្បៈ

តារា​សម្ដែង​ខ្មែរកាត់អាល្លឺម៉ង់ នាង Ruger Maiya-Saraya Matha (រូបភាព​៖ វង្ស សុម៉ាលីន​)

ប្រមាណជាប៉ុន្មានខែចុងក្រោយនេះ គេកត់សម្គាល់ថាតារាសម្ដែងវ័យក្មេងមានសម្រស់ស្រស់សោភា នាង ម៉ៃយ៉ា ដែលត្រូវគេស្គាល់ថាជាកូនខ្មែរកាត់អាល្លឺម៉ង់ទទួលបានទីផ្សារសិល្បៈស្ទុះឡើងយ៉ាងខ្លាំង។ តារាសម្ដែងដែលមានរូបរាងខ្ពស់ស្រឡះ និងទម្រង់មុខកាត់អ៊ឺរ៉ុបរូបនេះ ត្រូវគេរំពឹងថានឹងឆ្មក់បានតំណែងល្បីល្បាញខ្លាំងក្លា បន្ទាប់ពីនាងក៏បានតំណែងតួឯកនៅប៉ុស្ដិ៍លេខ៥ក្នុងភាពយន្តភាគថ្មី។

ស្ថិតក្នុងវ័យ២០ឆ្នាំ នាង Ruger Maiya-Saraya Matha ដែលបានប្រើឈ្មោះនៅក្នុងពិភពសិល្បៈថា ម៉ៃយ៉ា ដ្បិតថាទើបតែទទួលបានតំណែងតួឯកលើកដំបូងក្នុងរឿង «ហង្សបាក់ស្លាប» ជារឿងភាគថ្មីដែលដឹកនាំដោយក្រុមផលិតករថៃរបស់ប៉ុស្ដិ៍លេខ៥ ក៏តារាស្រីរូបនេះត្រូវបានគេចាប់អារម្មណ៍ភាគច្រើន ដោយសារតែនាងគឺជាតារាខ្មែរកាត់អាល្លឺម៉ង់តែម្នាក់ដែលបានបណ្ដែតខ្លួននៅក្នុងពិភពសម្ដែងហើយទទួលបានផ្លែផ្កានៅក្នុងសិល្បៈនាពេលថ្មីៗនេះ។

ឱកាសតួឯករបស់នាងនៅប៉ុស្ដិ៍លេខ៥ គឺជាភាពលេចធ្លោថ្មីមួយ ក្នុងពេលដែលផលិតកម្មចម្រៀងធំៗក៏ផ្ដល់ឱកាសឲ្យនាងសម្ដែងក្នុងបទល្អៗធ្វើឲ្យគេកត់សម្គាល់ពីរូបសម្រស់ដូចគ្នា។ ក្នុងនោះសូម្បីតែវេទិកាបង្ហាញម៉ូដធំៗក៏គេឃើញតារាស្រីរូបនេះ បង្ហាញសម្រស់ក្នុងចំណោមតារាស្រីល្បីៗលំដាប់ជួរមុខនៅក្នុងសិល្បៈផងដែរ។ ការងារសិល្បៈរបស់នាងទាំងអស់នេះ ជួយឲ្យតារាសម្ដែងរូបនេះលេចធ្លោកាន់តែខ្លាំង ព្រមជាមួយនឹងទម្រង់មុខ និងទេពកោសល្យសិល្បៈរបស់នាងក៏មិនធម្មតាសម្រាប់ការសម្ដែង និងបង្ហាញម៉ូដ។

នាង Ruger Maiya-Saraya Matha ហៅម៉ៃយ៉ា បានថ្លែងប្រាប់ថា នាងមានឪពុកជាជនជាតិអាល្លឺម៉ង់ និងម្តាយជាជនជាតិខ្មែរ ដោយបានចូលប្រឡូកនៅក្នុងពិភពសម្ដែងប្រមាណជា២ឆ្នាំមកហើយ។ នាងថាការចូលប្រឡូកក្នុងពិភពសិល្បៈកន្លងមក ទើបតែរង្វង់កន្លះឆ្នាំចុងក្រោយប៉ុណ្ណោះ ដែលការងារសិល្បៈរបស់នាងទទួលបានឱកាសសម្ដែងក្នុងបទចម្រៀងល្អៗរបស់តារាចម្រៀងល្បីៗ និងបានសម្ដែងជាតួឯកក្នុងរឿង «ហង្សបាក់ស្លាប» ដែលផលិតដោយប៉ុស្ដិ៍លេខ៥កាលពីដើមខែមីនា។ នាងថា ក្រៅពីខ្សែរឿងមួយនេះ ក៏មានខ្សែរឿងមួយចំនួនផ្សេងទៀត ដែលគេបានផ្ដល់ឱកាសឲ្យនាងបានសម្ដែងជាតួឯកផងដែរ ដោយខ្សែរឿងទាំងនោះ គឺមានទាំងរឿងភាគទូរទស្សន៍ និងរឿងដុំ។

ពិធី​ក្រុងពាលី​រឿង «ហង្សបាក់ស្លាប» ដែល​នាង ម៉ៃយ៉ា ដើរ​ជា​តួ​ឯកស្រី​ (រូប​ភាព​៖ វង្ស សុម៉ាលីន)
ពិធី​ក្រុងពាលី​រឿង «ហង្សបាក់ស្លាប» ដែល​នាង ម៉ៃយ៉ា ដើរ​ជា​តួ​ឯកស្រី​ (រូប​ភាព​៖ វង្ស សុម៉ាលីន)

តារាស្រីកូនកាត់រូបនេះបញ្ជាក់ថា ភាពលេចធ្លោគឺបន្ទាប់ពីផលិតករបានឃើញនាងចេញសម្ដែងក្នុងបទចម្រៀងខារ៉ាអូខេមួយចំនួន និងបានដឹងថារូបនាងគឺជាកូនកាត់អាល្លឺម៉ង់ ដែលមានឪពុកជាជនជាតិអ៊ឺរ៉ុបរស់នៅក្នុងប្រទេសកម្ពុជា។ នាងនិយាយថា៖ “មួយរយៈហ្នឹង ខ្ញុំកត់សម្គាល់ថាមានការងារសិល្បៈច្រើនរត់មករកខ្ញុំ ហើយបន្ទាប់ពីរឿងរបស់ប៉ុស្ដិ៍លេខ៥រឿង«ហង្សបាក់ស្លាប»ត្រូវបានថតចប់ ខ្ញុំក៏នឹងមានរឿងពីរបីទៀតត្រូវចេញថតផងដែរ ដោយរឿងទាំងនោះគឺខ្ញុំសុទ្ធតែបានសម្ដែងតួឯក”

នាងថា ឪពុកម្ដាយរបស់នាងស្រឡាញ់ពេញចិត្តអាជីពសិល្បៈខ្លាំងណាស់ដោយមានតែការជំរុញ និងលើកទឹកចិត្តដោយមិនដែលហាមប្រាមនោះទេ សូម្បីតែនាងត្រូវប្រឈមនឹងការថតឈុតឱបថើបជាមួយតួប្រុសក្នុងពេលសម្ដែង។ យ៉ាងណាក៏ដោយ នាងថា មិនហ៊ានសម្ដែងក្នុងឈុតស្នេហាស្រើបស្រាល ឬលេងខ្លួនស៊ិចស៊ីហួសហេតុនោះទេ បើទោះនាងជាកូនកាត់អាល្លឺម៉ង់ ដែលមានឪពុកជាជនជាតិអ៊ឺរ៉ុបដែលមានវប្បធម៌ខុសគ្នាពីជនជាតិខ្មែរ។ នាងនិយាយថា បើទោះជាឪពុកនាងជាជនជាតិបរទេស ប៉ុន្តែម្ដាយក៏បានប្រកាន់វប្បធម៌របស់ខ្មែរយ៉ាងខ្ជាប់ខ្ជួនផងដែរ ទើបនាងនៅតែយល់ថាខ្លួនឯងត្រូវតែប្រកាន់នូវវប្បធម៌ខ្មែរ ហើយទោះជាមានផលិតករចំណាយទុនខ្ពស់ឲ្យនាងសម្ដែងក្នុងឈុតស្នេហាស្រើបស្រាល គឺមិនព្រមប្រថុយនោះទេ។

នាង Ruger Maiya-Saraya Matha ហៅម៉ៃយ៉ា បានអះអាងថា នាងនឹងពុះពារឲ្យកាន់តែខ្លាំងនៅក្នុងពិភពសម្ដែង និងការបង្ហាញម៉ូដ ដោយនាងរំពឹងថាភាពលេចធ្លោនាពេលចុងក្រោយ នឹងជួយឲ្យនាងល្បីឈ្មោះក្នុងពិភពសិល្បៈដូចអ្វីដែលខ្លួនស្រម៉ៃចង់បាននោះផង។

នៅក្នុងពិភពសិល្បៈខ្មែរនាពេលចុងក្រោយ គេកត់សម្គាល់ថាតារាខ្មែរជាកូនកាត់បរទេសកាន់តែច្រើនត្រូវគេឃើញលេចធ្លោ ហើយក្លាយជាតារាល្បី។ ជាក់ស្ដែងដូចជាតារាសម្ដែងនាងប៊ីរីយ៉ា តារាសម្ដែងដែលមានម្ដាយជាជនជាតិឥណ្ឌា និងតារាកំប្លែងកញ្ញាហ្សាម៉េលដែលមានឪពុកជាជនជាតិអាហ្វ្រិក សុទ្ធតែមានឱកាសល្បីឈ្មោះនៅក្នុងពិភពសិល្បៈ។ ដោយឡែក កញ្ញា Ruger Maiya-Saraya Matha ដែលត្រូវគេស្គាល់ជាទូទៅថា ម៉ៃយ៉ា រឹតតែត្រូវគេជឿជាក់ថានឹងមិនពិបាកល្បីឈ្មោះទៅទៀត ដោយសារតែរូបសម្រស់របស់នាង វ័យក្មេង ហើយក៏ទើបនឹងបានតំណែងលេចធ្លោស្ទើរគ្រប់ការសម្ដែងនាពេលចុងក្រោយ៕

តារា​សម្ដែង​ខ្មែរកាត់អាល្លឺម៉ង់ នាង Ruger Maiya-Saraya Matha  (រូបភាព​៖ វង្ស សុម៉ាលីន​)
តារា​សម្ដែង​ខ្មែរកាត់អាល្លឺម៉ង់ នាង Ruger Maiya-Saraya Matha (រូបភាព​៖ វង្ស សុម៉ាលីន​)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ