អ្នកធ្វើអាជីវកម្មសត្តឃាតនឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី១០លានទៅ១៥លានរៀលចំពោះការធ្វើសត្តឃាត ដោយពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ នេះបើយោងតាមច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីដើមខែកុម្ភៈ ដោយព្រះមហាក្សត្រ។
បើតាមច្បាប់នោះ រូបវន្តបុគ្គលឬនីតិបុគ្គលដែលបង្កើតសត្តឃាតដ្ឋានឬទីកន្លែងកែច្នៃបឋមផលិតផលសត្វត្រូវតែមានលិខិតអនុញ្ញាតចេញដោយក្រសួងកសិកម្មនិងត្រូវចុះបញ្ជីសត្តឃាតដ្ឋាននិងឬទីកន្លែងកែច្នៃបឋមផលិតផលសត្វនោះ ដោយអនុលោមតាមនីតិវិធីនៃច្បាប់នេះ។ រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើការពិឃាតសត្វគ្រប់ប្រភេទក្នុងគោលបំណងធ្វើពាណិជ្ជកម្មត្រូវអនុវត្តក្នុងសត្តឃាតដ្ឋាននិងត្រូវមានលិខិតអនុញ្ញាតការធ្វើអាជីវកម្មពិឃាតសត្វចេញដោយក្រសួងកសិកម្ម។
បើតាមច្បាប់នោះ នឹងមានការផាកពិន័យចន្លោះពី១០ទៅ១៥លានរៀល ប្រសិនបើរកឃើញថាបង្កើតសត្តឃាតដ្ឋានធ្វើអាជីវកម្មពិឃាតសត្វនិងបង្កើតទីកន្លែងកែច្នៃបឋមផលិតផលសត្វគ្មានលិខិតអនុញ្ញាតឬមិនអនុវត្តតាមបទដ្ឋានបច្ចេកទេសបសុព្យាបាល ការនាំចូល នាំចេញពូជសត្វ ផលិតពូជសត្វឬបង្កើតពូជថ្មីនៃសត្វ មិនបានចុះបញ្ជីឬគ្មានវិញ្ញាបនបត្របញ្ជាក់ពូជសត្វឬពូជថ្មីនៃសត្វនោះ។
បើតាមច្បាប់នោះ ចំពោះបុគ្គលណាដែលមិនធ្វើអនាម័យសត្តឃាតដ្ឋាន ទីកន្លែងកែច្នៃបឋមផលិតផលសត្វ ទីន្លែងធ្វើអាជីវកម្មសត្វ ទីកន្លែងតាំងលក់សាច់ មន្ទីរព្យាបាលសត្វ ទីកន្លែងព្យាបាលសត្វ ទីកន្លែងចិញ្ចឹមសត្វនិងបង្កាត់ពូជសត្វ ទីកន្លែងផលិតលាយផ្សំ ផ្គត់ផ្គង់និងលក់ចែកចាយបសុឱសថ នឹងទទួលពិន័យជាប្រាក់១០ម៉ឺនរៀល។ ក្រសួងកសិកម្មនឹងចេញការព្រមានជាលាយលក្ខណ៍អក្សរឬព្យួរវិញ្ញាបនបត្រឬលិខិតអនុញ្ញាតពាក់ព័ន្ធចំពោះបុគ្គលកាន់កាប់សត្វបានប្រព្រឹត្តដូចជាប្រព្រឹត្តអំពើណាមួយបង្កទារុណកម្ម បង្កឲ្យសត្វឈឺចាប់ឬស្តែងចេញនូវភាពអណោចអធម្ម ផ្ទុយពីបទដ្ឋានបច្ចេកទេសសុខុមាលភាពសត្វ។
បើតាមច្បាប់នោះ រដ្ឋាភិបាលក៏បានសម្រេចយកថ្ងៃទី៤ ខែតុលាជាសត្តទិវាជាតិ។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត មានប្រសាសន៍ថាក្រសួងកំពុងតែអនុវត្តចំណាត់ការជាបណ្តើរៗ តាមច្បាប់ដែលបានកំណត់។ លោកបន្តថាក្រសួងនឹងពិនិត្យមើលលើសត្តដ្ឋានដែលស្ថិតនៅក្រោមក្របខណ្ឌនៃច្បាប់នេះ ដើម្បីធានាថាការសម្លាប់មានផាសុកភាពនិងមិនប៉ះពាល់ដល់បរិស្ថាន។
នៅពេលសួរថាតើសត្តឃាតក្នុងកម្រិតណាដែលស្ថិតនៅក្រោមច្បាប់នេះ លោក អ៊ាង សុផល្លែតអះអាងថាលោកមិនដឹងច្បាស់នោះទេ ដោយថាក្រសួងនឹងចេញប្រកាសមួយទាក់ទងនឹងសត្តឃាតនេះ។
វីអូឌីមិនអាចទាក់ទងប្រធាននាយកដ្ឋានលទ្ធកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្ម លោក តាន់ ផាន់ណារ៉ា បាននៅឡើយទេ៕