យុវជនខ្មែរជាទូទៅមិនដែលចាប់អារម្មណ៍សោះឡើយពីបដិវត្តន៍ពណ៌ឬថាមិនទាំងដឹងថាបដិវត្តន៍ពណ៌នោះជាអ្វីផង។ សូម្បីក្រោយពីរដ្ឋាភិបាលបាននាំយកបញ្ញត្តិបដិវត្តន៍ពណ៌នេះមកនិយាយក្នុងអង្គប្រជុំរបស់ខ្លួន បញ្ជាឲ្យត្រៀមទប់ស្កាត់បង្ក្រាបបដិវត្តន៍ពណ៌ ក៏ប្រហែលអ្នកក្រោមបង្គាប់ទាំងអស់នោះមិនច្បាស់ថាបដិវត្តន៍ពណ៌នោះជាអ្វីដូចគ្នា។
បដិវត្តន៍ពណ៌ចាប់ផ្តើមទទួលបានការយកចិត្តទុកដាក់ ទើបតែពេលមានយុវជនម្នាក់រងគ្រោះ ព្រោះតែពាក្យដែលមិនសូវមានអ្នកយល់នេះប៉ុណ្ណោះ។ តើអត្ថន័យពាក្យនេះយ៉ាងណា បានជាមានអ្នកជាប់ទោសព្រោះវា? តើយុវជនអាចរៀនចេះអ្វីខ្លះពីករណីចាប់ខ្លួននេះ? ក្រោយពីមានការចាប់ខ្លួនយុវជនមួយចំនួនចាំផ្តើមសួរគ្នាពីពាក្យបដិវត្តន៍ពណ៌។ ប្រហែលសូម្បីអ្នករៀនបានខ្ពស់មួយចំនួនក៏ត្រូវស្រាវជ្រាវបន្ថែមដែរ ព្រោះវាមិនមែនថ្មីសម្រាប់តែយុវជននោះទេ ប្រហែលសម្រាប់ប្រជាជនខ្មែរទាំងមូលផងក៏ថាបាន។ ខ្លះបែរទៅរកវចនានុក្រមខ្មែរពន្យល់ តែលទ្ធផលមិនគាប់ចិត្តឡើយ ត្បិតណាមួយមានតែពាក្យបដិវត្តន៍ប៉ុណ្ណោះដែលមានសេចក្តីពន្យល់។ ម្យ៉ាងទៀត វចនានុក្រមខ្មែរគឺជាវចនានុក្រមពន្យល់ភាសាប៉ុណ្ណោះ មិនមែនវចនានុក្រមជំនាញឯកទេសនោះទេ។
បញ្ញត្តិបដិវត្តន៍គឺជាពាក្យបច្ចេកទេសនិងជាកម្មវត្ថុសិក្សារបស់អ្នកវិទ្យាសាស្ត្រនយោបាយនិងអ្នកសង្គមវិជ្ជា។ វិស័យទាំងពីរនេះទើបផ្តោតខ្លាំងលើប្រធានបទនេះ ប៉ុន្តែពុំមានន័យថាវាជាកម្មសិទ្ធិផ្តាច់មុខឬថាពួកគេគ្មានការយល់ខុសនោះទេ។ ដោយសារបទពិសោធកន្លងមក ពាក្យបដិវត្តន៍បានបំពុលគំនិតយើងឲ្យគិតថាវាជាពាក្យមានន័យអវិជ្ជមានខ្លាំង ប្រកបដោយកាប់សម្លាប់ ជាពាក្យតំណមដែលគេមិនឲ្យនិយាយជាសាធារណៈ កុំថាដល់ទៅសរសេរនៅលើបណ្តាញសង្គម។ គេច្រើនយល់ថាបដិវត្តន៍(នៅក្នុងបរិបទនយោបាយ)គឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធនយោបាយទាំងស្រុងឬប្រព័ន្ធនយោបាយ(របប) ច្រើនធ្វើដោយហិង្សាឬកម្លាំងយោធា។
វចនានុក្រុមខ្មែរពន្យល់ស្រដៀងគ្នាដែរថា”ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវរបបគ្រប់គ្រងចាស់ ដែលមិនចម្រើនឲ្យបានចម្រើនលូតលាស់ទាន់កាលសម័យជាដើម ការប្រព្រឹត្តប្រឆាំងដោយកម្លាំងអាវុធចំពោះអំពើរំលោភ”។ លើសពីនេះ ពាក្យបដិវត្តន៍ក៏ត្រូវបានប្រើប្រាស់ដើម្បីសំដៅដល់បម្រែបម្រួលសង្គមធំដុំនិងឆាប់រហ័ស ដូចជាបដិវត្តន៍ឧស្សាហកម្ម បដិវត្តន៍កុំព្យូទ័រឬព័ត៌មាន រាប់ទាំងការផ្លាស់ប្តូររបៀបគិតគូរសិក្សាឬលោកទស្សនៈ ដូចជាបដិវត្តន៍វិទ្យាសាស្ត្រជាដើម។ ទោះបីយ៉ាងណា ពាក្យបដិវត្តន៍នៅតែមានអត្ថន័យនយោបាយជាចម្បង។
និយមន័យខាងលើ រាប់ទាំងនៅក្នុងវចនានុក្រមខ្មែរផង រងគ្រោះពីសេចក្តីយល់ខុសមួយចំនួន៖ បដិវត្តន៍មិនលឿនរហ័សសម្រេចដូចដែលគេសន្មត់នោះទេ ជាមធ្យមហោចណាស់ក៏៩ឆ្នាំដែរ ការផ្លាស់ប្តូរបបគ្រប់គ្រងចាស់មិនប្រាកដថាទទួលបានរបៀបគ្រប់គ្រងថ្មីទេ(ផ្លាស់ប្តូររបបផ្តាច់ការចាស់ទទួលបានរបបផ្តាច់ការថ្មី, ប្តូរតែអ្នកដឹកនាំតែរបៀបដឹកនាំនៅដដែល), បដិវត្តន៍មិនប្រាកដថាធ្វើឲ្យរីកចម្រើនទាន់សម័យកាលនោះទេ វាអាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឬដើរថយក្រោយទៅទៀត ដោយបង្កសង្គ្រាមស៊ីវិលឥតឈប់ឈរ បង្កើតរបបថ្មីដែលអសមត្ថភាពដោះស្រាយវិបត្តិក្រោយសង្គ្រាមចប់ ប្រមូលអំណាចទៅឲ្យក្រុមដែលមានកម្លាំយោធា។ល។ ពិសេស អំពើហិង្សាប្រដាប់អាវុធមិនមែនជាវិធីតែមួយដើម្បីធ្វើបដិវត្តន៍ឬផ្លាស់ប្តូររចនាសម្ពន្ធនយោបាយនោះទេ ពោលគឺជាគេអាចធ្វើដោយមិនបង្ហូរឈាម មិនប្រើហិង្សាបាន។
នៅពេលថែមពាក្យពណ៌ តើបដិវត្តន៍ពណ៌ជាអ្វីវិញ? បដិវត្តន៍ពណ៌នៅតែជាបដិវត្តន៍គឺការផ្លាស់ប្តូររចនាសម្ព័ន្ធនយោបាយមិនមែនកំណែទម្រង់ ដូរថ្នាក់ដឹកនាំពីរបីនាក់នោះទេ ពោលគឺដកឬបណ្តេញចេញទាំងបក្សទាំងពួកទាំងតែម្តង។ អ្វីដែលត្រូវបញ្ជាក់ឲ្យច្បាស់គឺបដិវត្តន៍ពណ៌មិនមែនបដិវត្តន៍ដោយហិង្សាឬកម្លាំងអាវុធឡើយ មិនមែនការដណ្តើមអំណាចដោយសាច់ដុំនោះទេ ពោលគឺអហិង្សា តាមវិធីដូចជាកូដកម្មផ្អាកសកម្មភាពការងារ បាតុកម្មប្រមូលផ្តុំដង្ហែក្បួន បង្អត់អាហារ ការសម្តែងមតិជាក្រុម (មានប្រើប្រាស់ពណ៌ឬនិមិត្តសញ្ញាជាផ្កាផ្សេងៗ), ការបិទផ្លូវឬកាន់កាប់ទីតាំងសាធារណៈណាមួយ, ការបង្កើតស្ថាប័នឯករាជ្យពីរបបដឹកនាំ។ល។ បដិវត្តន៍ពណ៌មិនមែនជាការដំឡើងថ្នាក់ដឹកនាំថ្មីនោះទេ តែគឺផ្លាស់ប្តូររចនាសម្ពន្ធចាស់ រួចរៀបចំជ្រើសរើសរចនាសម្ព័ន្ធថ្មី គឺថាអ្នកដឹកនាំបដិវត្តន៍ពណ៌មិនបានក្លាយជាមេដឹកនាំដោយស្វ័យប្រវត្តិនោះទេ គឺច្រើនឆ្លងកាត់ការបោះឆ្នោតសេរីបង្កើតថ្នាក់ដឹកនាំថ្មី ខុសពីចលនាឧទ្ទាម ដែលមេចលនាក្លាយជាមេដឹកនាំរដ្ឋស្វ័យប្រវត្តិ ទោះមានការបោះឆ្នោតឬចាញ់ឆ្នោតក៏គ្មានការទទួលស្គាល់ថាចាញ់ដែរ។ គេមិនអាចចោទថាបដិវត្តន៍ពណ៌ជាការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬការប្រឆាំងការបោះឆ្នោតនោះទេ ពីព្រោះមកពីរដ្ឋាភិបាលមិនស្របច្បាប់ហ្នឹងហើយ ទើបបង្កឲ្យមានបដិវត្តន៍ពណ៌កើតឡើង ដែលភាពមិនស្របច្បាប់ស្តែងចេញជាសកម្មភាពដូចជាការរំលោភឬប្រមូលផ្តុំអំណាច មិនគោរពច្បាប់រដ្ឋធម្មនុញ្ញ ការប្រើអំពើហិង្សាបង្ក្រាបបំបិទមតិប្រឆាំងឬសេរីជួបជុំ ការធ្វើរដ្ឋប្រហារបក្សឈ្នះឆ្នោត ការយកកម្លាំងយោធារដ្ឋធ្វើជាកម្មសិទ្ធិបក្ស។ល។
យ៉ាងណាមិញ ពាក្យស្របច្បាប់មានន័យមិនច្បាស់លាស់ ប្រែប្រួលតាមបរិបទនិងងាយឲ្យគេយកមកបកស្រាយតាមអំពើចិត្តបាន(គេអាចគំរាមឬត្រួតត្រាស្ថាប័នបកប្រែច្បាប់) ដូចជាទោះច្បាប់ណាមួយត្រូវបានតែងខុសពីច្បាប់កំពូល ក៏គេអះអាងថាច្បាប់នោះស្របច្បាប់, ទោះច្បាប់កំពូលតែងបានល្អដូចម្តេចក៏គេអាចរកសំឡេងគម្រប់ដើម្បីកែ ដោយមិនគិតថាការកែនោះមិនត្រឹមត្រូវឬអត់, ទោះច្បាប់កំពូលចែងការពារដូចម្តេចក៏គេអាចអនុវត្តតែមាត្រាណាដែលបម្រើប្រយោជន៍គេឬអនុវត្តចំពោះតែក្រុមណាដែលគេមិនពេញចិត្ត។ បើចង់អះអាងថាបដិវត្តន៍ពណ៌ជាការប្រឆាំងនឹងការបោះឆ្នោត ក៏គេត្រូវពិនិត្យជាដំបូងសិនដែរថាតើការបោះឆ្នោត ស្ថាប័នបោះឆ្នោត ស្ថានភាពបោះឆ្នោត មានបញ្ហាឬអត់។ បើមាន គេមិនអាចសន្និដ្ឋានថារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតរបៀបនោះថាស្របច្បាប់ឡើយ រឹតតែមិនអាចបន្ទោសប្រជាជនចង់បង្កបដិវត្តន៍ពណ៌ទៅទៀត ព្រោះមកពីក្លែងសន្លឹកឆ្នោតពួកគេ គ្រប់គ្រងស្ថាប័នបោះឆ្នោត គំរាមបង្ក្រាបបក្សដែលពួកគេគាំទ្រ… ទើបបង្កឲ្យមានការមិនពេញចិត្ត មានន័យថានៅតែមានប្រជាជនដែលមានការជ្រួតជ្រាបមួយចំនួនអាចមើលដឹងថា ទោះបោះឆ្នោតប៉ុន្មានដងក៏មិនអាចហុចលទ្ធផលផ្សេងដែរ ព្រោះគេគ្រប់គ្រងអាជ្ញាកណ្តាញពេញដៃទៅហើយ, ទោះបោះឆ្នោតចេញលទ្ធផលផ្សេងក៏អ្នកមានអំណាចយោធាអាចធ្វើរដ្ឋប្រហារបក្សឈ្នះឆ្នោតបានដែរ។
ការដែលរដ្ឋធម្មនុញ្ញមានចែងការពារសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីអហិង្សារបស់ពលរដ្ឋ ក៏ប្រហែលអ្នកតែងច្បាប់បានជ្រាបថា មានតែពលរដ្ឋប៉ុណ្ណោះដែលអាចការពាររដ្ឋធម្មនុញ្ញពីការរំលោភបំពានរបស់រដ្ឋអំណាចបាន ព្រោះច្បាប់ចែងដូចម្តេចក៏ដោយ គ្មានអ្វីអាចធានាបានថា រដ្ឋអំណាចនឹងគោរពតាមនោះទេ បើពុំមានការដាក់សម្ពាធពីប្រជាជន។ ក្នុងកាលៈទេសៈដែលស្ថាប័ននយោបាយ ច្បាប់ យោធា ត្រូវបានត្រួតត្រាដោយក្រុមអ្នកមានអំណាច ប្រជាជនពិតគ្មានជម្រើសអ្វីផ្សេងក្រៅបីក្រោកឈរតស៊ូឡើយ ដែលប្រការនេះហើយនាំឱយមានបដិវត្តន៍ពណ៌ ពោលគឺការប្រឆាំងនឹងរដ្ឋអំណាចដោយប្រើមធ្យោបាយអហិង្សាពីសំណាក់ប្រជាជនស៊ីវិល ស្របពេលមធ្យោបាយដែលគេនិយមប្រើប្រាស់ដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំអប្រសិទ្ធភាព។
បន្ទាប់ពីយល់ពីបញ្ញត្តិបដិវត្តន៍ពណ៌ហើយ តើយុវជនអាចរៀនអ្វីខ្លះពីរឿងនេះ។ មានចំណុចធំៗមួយចំនួន ដែលគួរឲ្យកត់សម្គាល់ អាចដកស្រង់ជាមេរៀនបាន៖
៙បដិវត្តន៍ពណ៌គឺជាសុបិនអាក្រក់របស់រដ្ឋអំណាច៖ ប្រទេសដែលកាន់របបផ្តាច់ការម្តងមួយៗដួលរលំបន្តគ្នាដោយសារបដិវត្តន៍ពណ៌ឬការប្រឆាំងពីប្រជាជនខ្លួនឯង។ ចិននិងរុស្ស៊ីមិនខ្លាចទេអាមេរិក ប៉ុន្តែពួកគេខ្លាចខ្លាំងណាស់បដិវត្តន៍ពណ៌ឬ បើនិយាយឲ្យស្រួលស្តាប់ គឺខ្លាចប្រជាជនខ្លួនឯងប្រមូលផ្តុំកម្លាំងគ្នាធ្វើការប្រឆាំងនឹងរដ្ឋអំណាច ដោយផ្អាកឈប់បម្រើការងាររឲ្យរដ្ឋ ឈប់ចូលធ្វើកងទ័ព លែងបង់ពន្ធដារ ឈប់បោះឆ្នោត ឈប់ធ្វើការធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ចជាប់គាំង។ល។ នេះក៏ព្រោះពលរដ្ឋគឺជាប្រភពអំណាចចម្បងរបស់រដ្ឋ ទោះរដ្ឋមានកម្លាំងយោធាខ្លាំងប៉ុណ្ណា ក៏នៅតែពឹងផ្អែកលើប្រជាជនខ្លួនឯងដដែល។ គេសឹងមិនចាំបាច់ត្រូវការភស្តុតាងច្រើនពីប្រសិទ្ធភាពនៃសកម្មភាពមិនសហការរបស់ប្រជាជនខាងលើឡើយ ប្រទេសកាន់របបកម្មុយនិស្តបានដួលរលំម្តងមួយ រហូតដល់និទាឃរដូរអារ៉ាប់ គេអាចរំពឹងថាចលនាប្រជាជននឹងនៅតែបន្តរីករាយដាល។ បដិវត្តន៍ពណ៌ពុំមែនត្រឹមតែជាមធ្យោបាយដែលមានប្រសិទ្ធភាពនិងរដ្ឋអំណាចពិបាកទប់ទល់ប៉ុណ្ណោះទេ លើសពីនេះ មធ្យោបាយដទៃទៀតដូចជាតុលាការអន្តរជាតិ អន្តរាគមន៍យោធាពីខាងក្រៅ ចលនាឧទ្ទាមប្រដាប់អាវុធ រដ្ឋប្រហារ ការបោះឆ្នោតជាតិ ក៏ត្រូវបានគេបញ្ជាក់ថាធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅវិញឬមិនអាចផ្លាស់ប្តូរគណបក្សកាន់អំនាចឡើយ។ នេះមិនមែនមានន័យថា បដិវត្តន៍ពណ៌មិនដែលបរាជ័យនោះទេ ក៏រឹតតែមិនមែនមានន័យគ្មានថ្លៃចំណាយនៅក្នុងដំណើរការតស៊ូនោះដែរ តែវានៅតែមានប្រសិទ្ធភាពជាងចលនាប្រដាប់អាវុធដែលបង្កទៅជាសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ប្រើវិធីហិង្សាដែលរដ្ឋអំណាចជាទូទៅមានកម្លាំងលើសលប់ជាង ទាំងចំនួនកម្លាំង សព្វាវុធនិងការហ្វឹកហាត់។
បច្ចុប្បន្នគ្មានមហាអំណាចយោធាណាក៏អាចផលិតអាវុធប្រហារបដិវត្តន៍ពណ៌បាននៅឡើយទេ ហើយក៏គ្មានប្រទេសណាដែលបដិវត្តន៍ពណ៌មិនអាចកើតឡើងនោះដែរ។ គ្មានសូម្បីមួយករណីដែលរដ្ឋអំណាច ហ៊ានប្រើអាវុធនុយក្លែអ៊ែរទៅលើប្រជាជនដែលងើបតវ៉ានឹងខ្លួន ព្រោះវានឹងធ្វើឲ្យរដ្ឋខាតបង់ធនធានយ៉ាងខ្លាំង ទទួលបានចំនួនការខូចខាតទ្រព្យសម្បត្តិខ្ពស់និងមានចំនួនអ្នកស្លាប់ច្រើន នាំឲ្យបំផ្ទុះកំហឹងប្រជាជនដែលពាក់ព័ន្ធ(គ្រួសារ មិត្តភក្តិ…របស់ជនរងគ្រោះ) ក្រោកឈរប្រឆាំងដែរ, រដ្ឋនឹងខ្វះកម្លាំងពលកម្មនិងពន្ធដារ បាត់បង់ភាពស្របច្បាប់និងការថ្កោលទោសពីអន្តរជាតិ ពោលគឺការប្រើកម្លាំងយោធាឥតប្រណីទៅលើប្រជាជនសាមញ្ញអាចក្លាយជាការធ្វើអត្តឃាតរបស់រដ្ឋអំណាច។
បដិវត្តន៍ពណ៌ជាសុបិនអាក្រក់សម្រាប់តែប្រទេសដែលមិនទាន់មានបដិវត្តន៍ប្រជាជនកើតឡើងមែនហើយ ប៉ុន្តែ រដ្ឋអំណាចពិតជាមិនចង់ឱយសុបិននេះក្លាយជាការពិតឡើយ។ ការចាប់ខ្លួនយុវជនសឲ្យឃើញពីការព្រួយបារម្ភនឹងសុបិនអាក្រក់មួយនេះ។
៙ការចាប់ខ្លួនយុវជនគឺជាការដាក់គ្រាប់បែកកំណត់ម៉ោងក្បែរខ្លួនឯង៖ គួររំឭកពីករណីបដិវត្តន៍ផ្កាម្លិះនៅប្រទេសទុយនេស៊ីបន្តិច។ យុវជនឈ្មោះមូហាមេដ បួហ្ស៊ីហ្ស៊ី(Mohamed Bouazizi) បានធ្វើពលីកម្ម ដោយធ្វើបាតុកម្មដុតខ្លួនឯង នៅមុខសាលាសង្កាត់នាថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១០ ក្រោយពីអាជ្ញាធរបានហាមឃាត់មិនឱយលក់បន្លែផ្លែឈើតាមផ្លូវ។ ទោះបីសកម្មភាពដុតខ្លួននេះមានចេតនាប្រឆាំងនឹងអាជ្ញាធរក៏ដោយ យុវជននេះមិនមែនជាសកម្មជននយោបាយឬជាអ្នកយកចិត្តទុកដាក់នឹងរឿងនយោបាយអ្វីទេ។ គាត់គ្រាន់តែរស់នៅតាមជីវភាពធម្មតា ចិញ្ចឹមគ្រួសារក្រីក្រមួយដែលមានម្តាយ ពូដែលមានសុខភាពមិនល្អនិងប្អូនស្រីៗ ដែលនៅរៀនប៉ុណ្ណោះ(ថ្លៃសិក្សាឋិតក្នុងបន្ទុករបស់យុវជនរូបនេះ)។ យុវជនរូបនេះបានបោះបង់ការសិក្សាមករកស៊ីតូចតាចតាមផ្លូវនិងធ្លាប់ដាក់ពាក្យធ្វើការងារច្រើនកន្លែងតែគេមិនទទួល។ គ្រាន់តែលក់ដូរតាមចិញ្ចើមថ្នល់ប៉ុណ្ណោះ ក៏ត្រូវសូកអាជ្ញាធរដែរ ជាហេតុធ្វើឲ្យយុវជនរូបនេះតូចចិត្តនឹងសង្គមពុករលួយ ទើបឈានទៅដល់ការដុតខ្លួនឯង។ អត្តឃាតកម្មដុតខ្លួននេះ មិនត្រឹមតែដុតប្រជាប្រិយរបស់រដ្ឋអំណាចនោះទេ ប៉ុន្តែវាថែមទាំងបានដុតកំហឹងប្រជាជនទុយនេស៊ីដែលបានដឹងពីព្រឹត្តិការណ៍ ដោយផ្ទាល់ក្តី តាមរយៈវីដេអូថតដោយទូរស័ព្ទដៃផ្សព្វផ្សាយតាមហ្វេសប៊ុកក្តី(ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរឹតត្បិត ប្រជាជនមិនអាចដឹងព្រឹត្តិការណ៍តាមនេះឡើយ) បានក្រោកឈរតវ៉ាតាមផ្លូវ រហូតរាលដាលដល់ទូទាំងប្រទេស ដែលនាំឲ្យរបបផ្តាច់ការយូរអង្វែងរបស់លោកហ៊ីន បេន អាលី (Zine El Abidine Ben Ali) ដួលរលំ ហើយលោកក៏បានចុះចេញពីតំណែងនិងត្រូវបានបង្ខំឲ្យភៀសខ្លួនទៅបរទេស។ បួហ្ស៊ីហ្ស៊ី បានក្លាយជាទុក្ករបុគ្គល(Martyr: បុគ្គលដែលរងការឈឺចាប់ដោយសារបុព្វនយោបាយ)ឬនិមិត្តរូបនៃបដិវត្តន៍ផ្កាម្លិះនៅទុយនេស៊ី ហើយនាំឲ្យមានបដិវត្តន៍អំណាចប្រជាជនជាច្រើននៅតំបន់អារ៉ាប់។ គួរបញ្ជាក់ផងដែរថា មូហាមេដ បួហ្ស៊ីហ្ស៊ី ពុំមែនជាបុព្វហេតុដែលនាំឲ្យមានការបះបោរនោះទេ តែគឺជាកត្តាជំរុញបញ្ឆេះបញ្ហាដែលមានស្រាប់នៅក្នុងប្រទេសទុយនេស៊ីដូចជាអំពើពុករលួយ ភាពគ្មានការងារធ្វើ ភាពក្រីក្រ គ្មានសេរីភាពនយោបាយ អតិផរណា…ប៉ុណ្ណោះ។ បានសេចក្តីថាមិនមែនគ្រាន់តែមានបុគ្គលម្នាក់ដុតខ្លួន ហើយឆេះក្លាយជាចលនាប្រឆាំងទូទៅប្រទេសនោះទេ ពោលគឺគេត្រូវការកាតាលីករឬប្រេងដែលជាបញ្ហាចាក់ស្រែះក្នុងសង្គមរួចហើយ។
ប្រាកដណាស់ រដ្ឋអំណាចមិនចង់ឲ្យប្រជាជនរបស់ខ្លួនពិសេសយុវជន ដឹងឮពីព័ត៌មានទាំងឡាយណាដែលទាក់ទងនឹងបដិវត្តន៍ពណ៌។ គ្មានអ្វីចម្លែកទេ បើគេយល់ពីអ្វីដែលយើងបានរៀបរាប់ខាងលើ ត្បិតគ្មាននរណាមិនខ្លាចសុបិនអាក្រក់នោះទេ។ ប៉ុន្តែ អ្វីដែលចម្លែកនោះគឺថាការចាប់ខ្លួនយុវជនដែលពុំទាំងយល់ពីបដិវត្តន៍ពណ៌ច្បាស់លាស់ផងនោះ ដាក់ពន្ធនាគារ បែរជាទទួលបានលទ្ធផលផ្ទុយការរំពឹងទុកទៅវិញ។ រដ្ឋអំណាចចង់ចាប់មួយ គំរាមមួយរយ ចង់បំបាក់សារត្មី បញ្ចូលភាពភ័យខ្លាចក្នុងស្រទាប់យុវជន ពុំចង់ឱយប្រជាជនយល់ដឹងច្រើនពីបដិវត្តន៍ពណ៌ ត្រឡប់បកទៅជាធ្វើឲ្យយុវជនចង់ដឹង ងឿងឆ្ងល់ពីបដិវត្តន៍ពណ៌ មិនពេញចិត្តនឹងចំណាត់ការបស់រដ្ឋអំណាចក្នុងការបំបិទសិទ្ធិបញ្ចេញគំនិតយោបល់របស់ពួកគេ ផ្ទុយស្រលះ។ ប្រសិនបើរដ្ឋអំណាចពុំមានប្រតិកម្មនឹងសារបដិវត្តន៍របស់យុវជននោះ ប្រហែលគ្មានការចាប់អារម្មណ៍ពីសំណាក់មហាជន គ្មានការរិះគន់ថ្កោលទោសពីអង្គការក្រៅរដ្ឋាភិបាល មិនបង្កើនការមិនពេញចិត្តពីសំណាក់យុវជននោះទេ។ ដើម្បីរៀបចំបដិវត្តន៍ពណ៌បានមិនមែនត្រឹមសារខ្លីមួយអាចធ្វើបាននោះទេ វាទាមទារផែនការរយៈពេលវែងហោចណាស់៣ឆ្នាំ មានរចនាសម្ព័ន្ធដឹកនាំត្រឹមត្រូវ មានការហ្វឹកហាត់សមាជិកគ្រប់គ្រាន់ ត្រៀមយុទ្ធសាស្ត្រនិងវិធីធ្វើសកម្មភាព មានធនធានទ្រទ្រង់ មានចំណេះដឹងទាក់ទង។ល។ រដ្ឋអំណាចពុំបានមើលឃើញយុវជនរូបនេះថាអាចជាគ្រាប់បែកកំណត់ម៉ោងនោះទេ ព្រោះមិនទាន់មានមេរៀនដូចទុយនេស៊ី។ ឧបមាថា បើយុវជនរូបនោះរងទណ្ឌកម្មក្នុងកំលុងពេលជាប់ពន្ធនាគារ ដោយការធ្វេសប្រហែសឬរំលោភអំណាចណាមួយរបស់ឆ្មាំគុក ហើយក្រោយរួចពីគុក ស្លាកស្នាមវាយដំបុគ្គលរូបនេះត្រូវបានទម្លាយផ្សព្វផ្សាយជាសាធារណៈ តើរដ្ឋអំណាចនឹងបាក់មុខនិងបញ្ឆេះកំហឹងពលរដ្ឋប៉ុណ្ណា? រូបភាពច្បាស់លាស់អំពីរបួសស្នាមកំរិតធ្ងន់អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍របស់មនុស្ស ហេតុនេះហើយទើបសកម្មជនច្រើនប្រើរូបនិងវីដេអូថតបង្ហាញ ដើម្បីប្រឆាំងនឹងការបង្ក្រាបដោយហិង្សាក្រោមការទទួលខុសត្រូវរបស់រដ្ឋអំណាច។ លទ្ធភាពអាក្រក់ដែលអាចកើតឡើងមួយទៀតចំពោះរដ្ឋអំនាច គឺបុគ្គលរូបនេះអាចនឹងយកតំរាប់តាមយុវជនទុយនេស៊ី ដុតខ្លួនឯង តើនឹងមានរឿងអ្វីកើតឡើង ស្របពេលគាត់ទទួលបានការចាប់អារម្មណ៍គ្រប់គ្រាន់ដូចបច្ចុប្បន្ន? គ្រាប់បែកនឹងផ្ទុះពេលត្រូវបានដុតដោយភ្លើង ហើយអានុភាពរបស់វា ប្រហាក់ប្រហែលនឹងគ្រាប់បែកយុទ្ធភណ្ឌដែរ។
ដរាបណាគ្រាប់បែកមិនទាន់ផ្ទុះ គេនៅតែអាចដោះបាន ប៉ុន្តែការដោះគ្រាប់បែកនិងយកគ្រាប់បែកមកដាក់ក្បែរខ្លួនគឺមិនដូចគ្នាទេ។ រដ្ឋអំណាចជាអ្នកធ្វើឲ្យយុវជននេះអាចក្លាយជាគ្រាប់បែកកំណត់ម៉ោង ហើយនៅតែមិនទាន់ពិនិត្យឃើញកំហុសនៅឡើយ នៅប្រហែសយកទៅដាក់ក្បែរខ្លួនទៀត។ ការដោះគ្រាប់បែកគឺរារាំងវាមិនឲ្យផ្ទុះទាន់ ដោយដោះស្រាយមូលហេតុដែលនាំឲ្យវាផ្ទុះជាដើម។ រដ្ឋអំណាចអាចដោះលែង ពោលគឺប៉ះពាល់ប៉ូវកំហុសនេះ ដោយយកគ្រាប់បែកចេញឲ្យឆ្ងាយពីខ្លួននិងរកអ្នកជំនាញដោះគ្រាប់បែក គឺអ្នកបច្ចេកទេសដែលយល់និងអាចដោះស្រាយបញ្ហាយុវជនបាន ដូចជាបញ្ហាភាពគ្មានការងារធ្វើជាអាទិ ហើយក៏ត្រូវរៀបចំបរិយាកាសឲ្យអ្នកមានសមត្ថភាពទាំងនោះមានឯករាជ្យភាព មានអំណាច មានកញ្ចប់ថវិកាធ្វើការងារនេះឲ្យមានប្រសិទ្ធភាពផងដែរ ទើបអាចធានាថាគ្មានបដិវត្តន៍ពណ៌កើតឡើយ បើគ្មានបញ្ហាក្នុងប្រទេសដែលដាស់វាឲ្យកម្រើកឡើង៕
អត្ថបទដោយនិស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម